អ្នកថែមនុស្ស​ឈឺក្នុង​គ្រួសារ​​ រង​​ផលវិបាក​ផ្នែក​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​យ៉ាងណា?
25 March 2026

អ្នកថែមនុស្ស​ឈឺក្នុង​គ្រួសារ​​ រង​​ផលវិបាក​ផ្នែក​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​យ៉ាងណា?

នាទីសុខភាពនិងអនាម័យ

About

ក្លាយ​ជា​អ្នក​មើល​ថែមនុស្ស​ឈឺ គឺ​ជា​ស្ថានភាព​ដែល​មានជួប​ប្រទះកាន់​តែ​ច្រើនឡើងៗ។ នៅ​ប្រទេស​បារាំង អ្នកជាប់កាតព្វកិច្ច​ត្រូវ​​​ថែមនុស្ស​ឈឺ (ដែលត្រូវ​​ជា​ម្តាយឪពុក កូន​ក្មួយ មាមីង​ ជាប់​សាច់​សាលោហិត) ​​មាន​ចំនួន​ជាង​៨​លាន​នាក់។ ហើយ​មួយភាគ​បីនៃ​អ្នក​ថែ​មនុស្សឈឺ​ ​បាន​ស្លាប់មុន​អ្នក​ជំងឺទៅ​ទៀត។ ថ្វីបើ​ក្មេង​មើល​ថែ​មនុស្ស​ចាស់​ជួយ​ជំរុញ​ឱ្យ​ក្មេង​នោះ​ឆាប់​ភាព​ចាស់ទុំ​មែន តែ​​ការ​មើល​ថែ​មនុស្ស​ឈឺ​ឬមនុស្ស​ចាស់ ជា​បន្ទុកដ៏​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ ដែល​អាច​​ផលវិបាក​ដល់សុខភាព​ផ្លូវ​កាយ​និងផ្លូវ​ចិត្ត​ ព្រមទាំង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ទៀត។

អ្នក​មាន​កាតព្វកិច្ចត្រូវ​​មើល​ថែ​​​ម្តាយឪពុក កូនក្មួយ ស្វាមី/​ភរិយា ឬមាមីង​បងប្អូន​ ​ចាស់​ជរា មាន​ជំងឺ​រ៉ាំរ៉ៃ​ ឬ​ពិការ និយាយ​ជា​រួម​មើល​ថែ​សមាជិកគ្រួសារដែល​​​​បាត់ប​ង់​ស្វ័យភាព បាន​កើន​ឡើង​ជា​លំដាប់ និង​បន្ត​កើន​ឡើង​ទៀត​ នៅ​ឆ្នាំ​ខាង​មុខ ព្រោះមនុស្សជាតិ​កាន់​តែ​ចាស់​ទៅៗ ​ប្រជាជនមាន​​អាយុ​កាន់​វែង ហើយក្រុម​​គ្រួសារ​បែក​ខ្ញែក​​ ចាក​ចេញ​ទៅប្រកប​របរ​កាន់​តែឆ្ងាយ​ឡើងៗ។

ការ​មើល​ថែ​សមាជិក​គ្រួសារបាត់បង់​ស្វ័យភាព ជា​ការតប​ស្នង ជា​​ទឹក​ចិត្ត​មេត្តា​ករុណា ជា​ស្នេហា ជា​ការ​លះបង់​ដ៏​ធំធេង​ តែ​ក៏​ជា​​បន្ទុក​ដ៏​ធ្ងន់​ដែល​អាច​បន្សល់​ទុកនូវ​ផលវិបាកក្នុង​ជីវភាព​​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​ដល់​សុខភាព​របស់​អ្នក​មើល​ថែ​ ខ្លាំងណាស់។ ប៉ុន្តែ​​ក្នុង​ផ្នែក​នេះ ពុំទាន់​​សូវ​មាន​ការគិត​គូរ ​​និងការ​​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​សង្គម និង​សុខាភិបាល​ទេ មិន​ថា​នៅក្នុង​ប្រទេស​ជឿនលឿន​ឬ​ប្រទេសក្រីក្រ​ឡើយ។ នៅ​ប្រទេស​បារាំង មួយ​ភាគបី​នៃ​អ្នកមើល​ថែ​មនុស្ស​ឈឺ/ចាស់ បាន​ស្លាប់​មុន​អ្នកឈឺ​ដែល​គេមើល​ថែទៅ​ទៀត។

ដូចម្តេចដែលហៅ​ថា​អ្នក​មើលថែ?

អ្នកមើលថែ​ គឺ​ជាអ្នកត្រូវ​​ជួយមើល​ការ​ខុស​ត្រូវ ជា​ទៀងទាត់​ឬ​ជា​ញឹកញយ ​លើ​​មនុស្ស​ឈឺ ឬមនុស្ស​បាត់​បង់​ស្វ័យ​ភាព​ ដោយហេតុ​មាន​​ជំងឺ​ ឬ​ដោយ​ភាព​ចាស់​ជរា ឬ​ដោយ​ភាព​ពិការ។ ​ទទួល​បន្ទុក​មើល​ថែ​មនុស្សឈឺ​ក្នុង​គ្រួសារ​ មិនមែន​ជា​ជម្រើស​ មិនមែន​ជា​​ជំនាញ មិនមែន​ជា​អាជីព និង​គ្មានទទួល​បាន​ប្រាក់បៀរវត្សរ៍ ប្រាក់​បំណាច់​នៅ​ពេល​ចូល​និវត្តន៍​ទេ។ អ្នក​ជំងឺ​ជា​សមាជិក​ក្នុង​​គ្រួសារ​ អាច​ជា​ឪពុកម្តាយ ជា​កូនចៅ ជា​ស្វាមី ជា​ប្រពន្ធ  ជា​សាច់​ញាតិ ដែល​ត្រូវ​ការ​ជំនួយ​​ជារៀង​រាល់​ថ្ងៃ​ ឬ​ស្ទើរ​ជាប់​ជា​ប្រចាំ ជា​ទូទៅ​គឺដោយ​ភាព​​​ជរា ពិការ​ ឬ​មានជំងឺ។ ជំងឺ​ត្រូវ​ការ​អ្នក​មើល​ថែ​ខ្លាំង​​ដំបូង​គេ គឺ​​ជំងឺ​វង្វេងវង្វាន់  ជំងឺ​បាត់បង់ឬ​ធ្លាក់ចុះ​​ខ្សោយ​សតិស្មារតី​ ជំងឺ​ញ័រ​ប៉ាគីសុន ជំងឺ​មហារីក​ ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ព្រមទាំង​​ជំងឺ​រ៉ាំរ៉ែ​ផ្សេង​ទៀត។ អ្នក​មាន​ជំងឺ​ខូច​សតិ វិកលចរិក មិនគ្រប់​ទឹក ជំងឺ​ញៀន (ស្រា គ្រឿង​ញៀន) ក៏​ជា​បន្ទុក​សម្រាប់​សមាជិក​ក្នុង​គ្រួសារ​ដែរ។

អ្នក​ថែ​គ្មានអត្តសញ្ញាណពិត​ប្រាកដទេ ​តែ​ភាគ​ច្រើន​​ជា​ស្ត្រី និងជាអ្នក​មានភាព​​ចាស់​ទុំ​។ គ្រប់​មនុស្ស​ ​​ក្នុង​មួយ​ជីវិត សុទ្ធ​តែ​អាច​ជួប​នៅ​​ពេល​ណាមួយ​ ថ្ងៃ​ណាមួយ​ កាលៈ​ទេសៈ​ណាមួយ​ជំរុញ​ឱ្យ​ក្លាយ​ជា​អ្នកមើល​ថែ​មនុស្ស​ឈឺ/ចាស់។

អ្នកថែ​មនុស្ស​ឈឺ​ក្នុង​គ្រួសារ​ មិនមែន​ជា​ជម្រើស​ទេ ហើយ​កម្រ​បាន​ត្រៀម​លក្ខណៈ​ទុក​ជាមុន​ណាស់ និង​កម្រ​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ​ឱ្យ​តម្លៃ​ទៀត។ បើ​តាម​គ្រូពេទ្យ​ជំនាញ​ចិត្តសាស្ត្រ​​ នៅ​មជ្ឈមណ្ឌល​អ្នកថែ​ជំងឺ​វិកលចរិក​នៅទីក្រុង​Lyon (centre experts FondaMental de Lyon et Clap (centre lyonnais des aidants en psychiatrie) លោក Romain Ray “​គេ​និយាយ​អំពី​បន្ទុក​របស់​អ្នក​មើល​ថែ​គ្រួសារ​ឈឺ ដោយ​សំដៅ​ទៅ​លើ​ឥទ្ធិពល​​អវិជ្ជមាន​មក​លើ​បុគ្គល​​ដែល​ជា​អ្នកមើល​ថែឪពុកម្តាយ​បង​ប្អូន​ឈឺ។ បន្ទុក​នោះ​អាច​មាន​ច្រើន​ទម្រង់៖ អាច​ជា​បន្ទុក​ផ្នែក​សម្ភារៈ ផ្នែក​ថវិកា ផ្នែក​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវ​ចិត្ត​ទៀត។​

ផលវិបាក​​ផ្លូវ​ចិត្តនិង​ផ្លូវកាយ​​​របស់​អ្នកថែ​គ្រួសារ​

ដោយ​មិន​លម្អិត​អំពី​ផលវិបាក​ផ្នែក​សម្ភារៈ​និងថវិកា ​ដែល​បណ្តាល​មក​ពី​ការ​ចំណាយ​ផ្នែក​ព្យាបាល​ ឬ​ដោយ​ការ​​បាត់​បង់​ចំណូល​ព្រោះ​​មិន​អាច​ទៅ​បំពេញ​ការងារ​រក​លុយ​បន្ថែម​ ការ​មើល​ថែ​គ្រួសារ​ឈឺ​ឬ​អស់​ស្វ័យភាព​ ​រាល់​ថ្ងៃ​ អាច​ប៉ះពាល់​ដល់សុខភាព​រាង​កាយ​​​របស់​អ្នក​ថែ​ដែរ។ ជួយ​លើក​ដាក់​អ្នក​ជំងឺ​ ឱ្យ​ឈរ ឱ្យ​អង្គុយ ពេល​បត់​ជើង ពេល​ត្រូវ​សម្អាត​កាយ ពេល​​ជូត​លាង​ប្រែ​ ប្តូរ​កន្លែង សុទ្ធ​តែ​ត្រូវ​ការ​ប្រើ​កម្លាំង​។ នៅ​ពេល​ប្រឹង​ធ្វើកាយវិការ​នេះដដែលៗ​យូរៗ​ទៅ វា​នឹង​បណ្តាល​ឱ្យ​មានការ​ឈឺ​ចុក​ចាប់​សាច់ដុំ មាន​បញ្ហា​ឈឺ​ខ្នង​ឈឺ​ចង្កេះ និង​ការ​នឿយហត់​​អស់កម្លាំងណាស់។ វិបត្តិ​ដំណេក សំរាន្ត​មិន​គ្រប់​ក៏​ជា​ផលវិបាក​ដែល​អ្នកថែ​ច្រើន​ជួប​ប្រទះ​ញឹកញយ​ដែរ ជា​ពិសេស​នៅ​ពេល​ត្រូវ​ងើប​ញយ​ដង​នៅ​ពេល​យប់ ដើម្បី​មើល​អ្នក​ឈឺ។ ដោយ​មិនរាប់​ពី​ស្ត្រេស​រ៉ាំរ៉ៃ​ដែល​អ្នក​ថែទាំមនុស្ស​ឈឺ​​រង​សម្ពាធ​ខ្លាំង​ រហូត​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​ខ្លួន​ចុះ​ខ្សោយ​ និង​ងាយ​ទទួល​ជំងឺ​ អ្នក​មើល​ថែ​អ្នក​ជំងឺអាច​នឹង​មាន​វិបត្តិ​រំលាយ​អាហារ​ និង​បេះ​ដូងទៀត។

​​តែ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ជាអ្វី​ដែល​មិន​គួរ​មើល​រំលង​ឡើយ។ ជំងឺ​​ផ្លូវចិត្ត ដែល​អាច​កើត​មាន​លើ​អ្នកមើល​ថែ​គ្រួសារ​ឈឺ ច្រើន​តែ​មានទម្រង់​ដូច​រោគ​សញ្ញា​ជំងឺBum-out ពោល​គឺ​ខ្សោះ​អស់​កម្លាំង​ដោយធ្វើការ​​ហួស​កម្លាំង ហត់​ទាំង​កាយ​ហត់​ទាំង​ចិត្ត​ ឈឺ​ចុក​ចាប់​ ដេក​មិន​លក់ ថប់​បារម្ភ​​និង​ចេះតែ​កើត​ទុក្ខ។ ​

មើល​ថែ​គ្រួសារ​ឈឺ ឬ​បាត់​បង់​ស្វ័យភាព រាល់​ថ្ងៃ ជា​ការទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់ធ្ងរ​ដែល​អាច​​សង្កត់ប៉ះ​​ដល់អារម្មណ៍។ អ្នក​ថែ​មនុស្ស​ឈឺ​ច្រើន​តែ​មាន​អារម្មណ៍​​អសមត្ថភាព នៅ​ចំពោះ​មុខ​ការធ្លាក់​ចុះ​ថយ​ជា​លំដាប់​នៃស្ថានភាព​​សុខភាព​របស់​អ្នក​ឈឺ។ អាច​ជា​ការ​គិត​ភ័យ​ខ្លាច​មើល​ថែ​មិន​បានល្អ អាច​មានអារម្មណ៍​ធ្វើ​ខុស​ ធ្វើ​មិន​ល្អ ទើប​ស្ថានភាព​ជំងឺ​ម្តាយឪពុក បង​ប្អូន​ឬ​កូន​ចៅ មិន​បានប្រសើរ​ មិន​ពេញ​ចិត្ត។​ បន្ទុក​ធ្ងន់​ពេកក៏អាច​ធ្វើ​ឱ្យ​អ្នក​ថែ​ផ្ទាល់​​​មាន​អារម្មណ៍​តូច​ចិត្ត និង​ធ្លាក់​ខ្លួន​មាន​ជំងឺ​បាក់​ទឹកចិត្តផង បើ​គ្មានការ​យក​ចិត្ត​ទុកដាក់​មើល​ឱ្យ​បាន​ទាន់​ពេល​វេលា។

ជាញឹកញយ​ អាទិភាព​របស់​អ្នក​មើលថែសមាជិក​​គ្រួសារ​ឈឺ ​គឺ​កំដរ​មើលថែ​អ្នក​ឈឺ​ ហើយ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​តែ​អ្នក​ឈឺ និង​យក​រឿង​ផ្ទាល់​ខ្លួន ចំណង់​ គម្រោង​ផ្ទាល់​ខ្លួននានា ព្រម​ទាំងសុខភាព​ផ្ទាល់​ខ្លួន​ផង ជា​រឿង​បន្ទាប់​បន្សំ ឬ​ទុក​ដាក់មួយឡែក​សិន។ នេះ​បើតាម​ប្រសាសន៍​របស់​លោកវេជ្ជបណ្ឌិត Romain Rey ដែល​ទើប​ចេញ​​សៀវភៅដែល​មាន​ចំណង​ជើង​ថា “​អ្នកមើល​ថែ​គ្រួសារឈឺ​និង​មោទនភាព​”។​

អ្នក​ថែ​មនុស្ស​ក្នុងគ្រួសារ​ឈឺ ក៏​ច្រើន​តែ​ប្រឈម​ផង​ដែរ នឹង​គ្រោះ​រស់​ឯកា​ក្នុង​សង្គម។​​​​ តួនាទី​ជា​អ្នក​​មើល​ថែ​អ្នក​ឈឺ បាន​ស្រូប​យក​អស់​ពេលវេលា​សម្រាប់​បុគ្គល​ខ្លួន​ឯង​  ដោយ​លែង​មាន​ពេល​វេលា​សម្រាប់​ទៅ​ជួប​មិត្តភក្តិ ឬ​សាច់​ញាតិ​​ផ្សេងទៀត។ មិន​ថា​ឪពុកម្តាយ បងប្អូន​មាមីង ឬកូន​ចៅអ្នក​ឈឺនោះ​មាន​ជំងឺ​អ្វី​ទេ អ្នកមើល​ថែ​តែងតែ​លេច​អារម្មណ៍​ឯកា។ លោក Nicolas Franck សហនិពន្ធ​សៀវភៅ​ស្តីពី​អ្នកមើល​ថែ​មនុស្ស​ឈឺ​ ​បានគូស​បញ្ជាក់​ថា ភាព​ឯកាអាច​មានច្រើនបែប៖ គ្មាន​ពេល​វេលា​សម្រាប់​ខ្លួន​ឯង តែ​ពេល​បាន​ចេញ​ក្រៅ បែរ​ជា​​មាន​អារម្មណ៍​ថា​ខុស​ដោយ​ទុក​អ្នក​ឈឺ​ចោល មានអារម្មណ៍​ខ្មាស​អៀន​ចំពោះ​ស្ថានភាព​ដែល​កំពុង​កើត​ឡើង ​កំពុង​ធ្លាក់​មក​លើ​ខ្លួន មាន​អារម្មណ៍​ថា​អ្នក​ក្រៅ​មិន​យល់​អំពី​ខ្លួន​ ក៏​ចង់ផ្តាច់​ខ្លួន​នៅ​តែឯង។ ​ខ្វះ​ការ​យោគយល់​ពី​សំណាក់គ្រួសារ​នៅ​​ជុំវិញ​ខ្លួន អ្នក​ខ្លះ​ឈានដល់​ទៅ​ផ្តាច់​ទំនាក់ទំនង​ជាមួយញាតិ​មិត្ត​តែម្តង។ មាន​អារម្មណ៍​ថា​ខុស​ធ្វើ​មិន​បានល្អ ទើប​​ចេះ​តែ​ដើរ​ឆ្ងល់​ដើរ​សួរ​ខ្លួន​ឯង​ឥ​ត​ឈប់​ថា តើ​គួរ​អាចធ្វើ​អ្វី​ផ្សេង​បាន​ដើម្បី​កុំ​ឱ្យ​មាន​ស្ថានភាព​ដូច​ពេល​នេះ។

នៅ​ពេល​ជំងឺ​អូស​បន្លាយ កាន់​តែ​រ៉ាំរ៉ៃ ការ​មើល​ថែ​យូរៗ​ខែ​ថ្ងៃ​ពេក ទំនាក់ទំនង​រវាង​អ្នកមើល​ថែ​និង​អ្នក​ទទួល​ការ​មើល​ថែ នឹង​ប្រែប្រួល​​ទៅ​តាម​ពេល​វេលា​ដែរ។ នៅ​ពេល​បន្ទុក​​នៃ​ការ​ទទួល​ខុស​ត្រូវ​កាន់​តែខ្ពស់​ ទម្ងន់បន្ទុក​អាច​នឹង​ជំរុញ​ឱ្យ​មាន​កំហឹង ជំរុញ​ឱ្យ​បញ្ចេញ​​អារម្មណ៍ខឹង​មួរហ្មង​ឡើង​ ហើយ​ចង់​បន់​ឱ្យ​អ្វីៗ​ត្រូវ​ចប់។ សម្រាប់​ក្រុម​គ្រូពេទ្យ​ចិត្តសាស្ត្រ​ ការហត់ ​អស់​កម្លាំងដល់​ខ្សោះ​ នឹង​ធ្វើ​ឱ្យ​លេច​ឆួល​អារម្មណ៍​អវិជ្ជមាន​។ អ្នកខ្លះទប់​អារម្មណ៍​មិនបានចង់​ឃើញ​សាច់​ញាតិ​ឈឺ​នោះ​ស្លាប់​ជា​ការ​ប្រសើរ​ជាង។ អារម្មណ៍​ទាំងអស់​នេះ​ជា​ប្រតិកម្ម​ធម្មតា​របស់​មនុស្ស មិនមែន​ជា​របស់​​អ្នកថែ​មនុស្សណា​ម្នាក់​ជាពិសេស ឬអ្នក​ថែ​មិន​ល្អ​ឡើយ។

ក្លាយ​ជា​អ្នកជួយ​ថែ​ទាំគ្រួសារឈឺ​/ចាស់​ជរា នឹង​ធ្វើ​ឱ្យ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃក្រឡាប់​ចាក់ និង​ត្រូវរៀប​ចំ​ចង្វាក់​ថ្មី​ ដែល​ផ្អែក​ទៅ​លើ​សេចក្តី​ត្រូវការ​របស់​បុគ្គល​ជា​អ្នក​ត្រូវ​មើល​ថែ។ ទំនាក់ទំនង​ជាមួយ​សមាជិកគ្រួសារ​ផ្សេង​ទៀត ក៏​ត្រូវ​កែសម្រួល​ដែរ​។ វា​មិនមែន​ជាងា​យ​ស្រួល​ឡើង​ក្នុង​ការប្តូរ​ផ្លាស់​តួនាទី​ជាកូន ជា​ស្វាមី ជាភរិយា ជា​ក្មួយ ជាមិត្តសំលាញ់ ទៅ​ជា​អ្នកមើល​ថែ​នោះ។ ទំនាក់ទំនង​រវាងអ្នកមើល​ថែ​និង​អ្នក​ទទួល​ការ​មើល​ថែ អាច​ស្មុគស្មាញ​រកាំរកូស ព្រោះ​អ្នក​មើលថែ ត្រូវ​បង្ហាញ​ទឹក​ចិត្តល្អ​​ស្រលាញ់​គោរព​ផង និង​ទឹក​ចិត្ត​ម៉ឺងម៉ាត់​ផ្តាច់ការ​ផង ដើម្បី​សម្រប​ទៅ​នឹងស្ថានការ​ពិបាក​ខ្លាំង។ ដូច្នេះ​អ្នក​នៅ​ជុំវិញ​ខ្លួន​​អ្នក​មើល​ថែ​មនុស្សឈឺ ត្រូវ​ត្រៀម​ខ្លួនរង​សម្ពាធ​ពី​តួនាទី​ថ្មី​​ជា​អ្នក​មើល​ថែ​ដែរ។ អ្នក​មើល​ថែមនុស្ស​​ឈឺ មាន​ពេលនិង​ថាមពល​តិច​សម្រាប់​មើល​អ្នក​ផ្សេង​ទៀត​។ ការ​នេះ​អាច​ធ្វើ​ឱ្យ​គ្រួសារ​រងសម្ពាធ​ ​ក្លាយ​ជាជម្លោះ​ក្នុង​ជីវិត​គូ ឬ​ជីវិត​គ្រួសារ។ ដូច​ពាក្យ​ស្លោកខ្មែរ ដាក់​រទេះ​ទី​ណា​ ខ្ទេច​ស្មៅ​ទីនោះ !

អ្នក​​មានបន្ទុក​ថែមនុស្ស​​​ឈឺ ថែ​ឪពុកម្តាយ​ចាស់​ជរា ត្រូវ​ការ​អ្នកជួយធ្វើ អ្នកជួយ​ស្តាប់ អ្នក​ជួយ​រំលែក​បន្ទុក និង​រំលែក​អារម្មណ៍​មួរហ្មង! ​