Opens in a new window
អ្នក​ជំនាញ​វិទ្យាសាស្ត្រទាញ​សញ្ញាអាសន្ន “ក្មេង​ជំនាន់​ក្រោយ​កើត​ជំងឺ​មនុស្ស​ចាស់”
15 July 2026

អ្នក​ជំនាញ​វិទ្យាសាស្ត្រទាញ​សញ្ញាអាសន្ន “ក្មេង​ជំនាន់​ក្រោយ​កើត​ជំងឺ​មនុស្ស​ចាស់”

នាទីសុខភាពនិងអនាម័យ

About

កាលពី​ដើម​ខែមិថុនា អ្នក​ជំនាញ​បារាំង​បាន​ទាញ​សញ្ញា​អាសន្ន​ ដាស់​ប្រាប់​ពិភពលោក​ថា ក្មេង​សម័យ​បច្ចុប្បន្ន​ ប្រឈម​នឹង​ការ​កើត​ជំងឺ​មនុស្ស​ចាស់​ខ្ពស់។ ក្មេង​កាន់​តែ​ច្រើនឡើងៗ មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីពីរ ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ ជំងឺ​ស្លោក​បេះ​ដូង... ពី​មុន​មក មាន​តែ​មនុស្ស​ទេ​ដែល​កើត​ជំងឺ​ទាំងអស់​នេះ។ តើ​អ្វី​ជាមូលហេតុ​ដែល​នាំ​ឱ្យ​ក្មេង​កើត​ជំងឺ​មនុស្ស​ចាស់?

ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទីពីរ ដែល​ត្រូវ​បាន​គេចាត់​ទុក តាំងពី​យូរយារ​មក​ហើយ​​ថា​ជំងឺ​មនុស្ស​ចាស់​ កំពុង​កើន​ឡើង​ជា​លំដាប់​ក្នុង​រង្វង់​​ក្មេង​អាយុ​ពី ១០​ទៅ​១៩​ឆ្នាំ។ ក្រុមគ្រូពេទ្យ​ក៏​សង្កេតឃើញ​ដូច​គ្នា អំពី​កា​រលេច​ឡើង​នៃ​ជំងឺ​​លើស​ជាតិ​ខ្លាញ់ លើស​ឈាម ខ្លាញ់​ក្នុង​​ថ្លើម​ លើ​ក្មេងៗ​នៅ​ត្រឹម​ថ្នាក់​វិទ្យាល័យ។ ​ផលវិបាក​សុខភាព​ មិនមែន​​ពាក់ព័ន្ធ​តែ​លើ​សរីរាង្គបេះដូង និង​ ថ្លើម​ លំពែង​ទេ តែ​ក្មេង​ជំនាន់​ក្រោយ កាន់​តែ​ឆាប់​មាន​បញ្ហា​ភ្នែក​មីញ៉ូប ​ឈឺ​ខ្នង​ឈឺ​ចង្កេះ អស់​កម្លាំង​រ៉ាំរ៉ៃ វិបត្តិ​ដំណេក​ និង​រោគ​ធ្លាក់​ទឹក​ចិត្ត​ទៀត។ តើ​មក​ពី​មូលហេតុ​អ្វី ក្រែង​ថា​​វិទ្យាសាស្ត្រ​កាន់​តែ​ទំនើប​ជឿនលឿន អាច​ជួយ​មនុស្ស​អោយ​រស់​បាន​យូរ​អាយុវែង​ ក្រចាស់​ឬអមតៈផង​នោះអី?

​បើ​តាម​លទ្ធផល​នៃការ​សិក្សារបស់​ក្រុម​អ្នក​​ស្រាវជ្រាវ​ មូលហេតុ​ដែល​ក្មេង​សម័យ​ថ្មី​​កើត​ជំងឺ​មនុស្ស​ចាស់ គឺ​បណ្តាលមកពី​ភាព​ស្រណុករបស់​មនុស្ស​បច្ចុប្បន្ន ដែល​លែង​សូវ​បញ្ចេញចលនា ​សកម្មភាព​កាយ​សម្បទា​ ខ្លាច​ហត់ ខ្លាច​ពិបាក ចង់​តែ​ស្រួល។ មនុស្ស​ជំនាន់​ថ្មី ចំណាយ​ពេល​វេលា​ អង្គុយ ​តាំងពី​ព្រឹក​ទល់​ល្ងាច។ ក្មេងៗ​ដល់​វ័យ​សិក្សា ទៅ​សាលា​តាំង​ពី ព្រឹក​ទល់​ល្ងាច តាំងពី​ថ្នាក់ទី១​ដល់​ប្រលង​បាក់ឌុប​ ចូល​មហាវិទ្យាល័យ អង្គុយ​រៀន​ក្នុង​ថ្នាក់ អង្គុយ​ធ្វើ​លំហាត់ដែល​គ្រូ​ដាក់​ឱ្យ​ធ្វើ​នៅផ្ទះ ធ្វើ​ដំណើរ​ដោយ​យាន​យន្ត អង្គុយ​ក្នុង​ឡាន ជិះម៉ូតូ ចប់កិច្ចការដល់​ម៉ោង​លេង​ហ្កេម មើល​ទូរស័ព្ទ។ តាម​រយៈ​ការ​រៀប​រាប់​នេះ ក្នុង​មួយ​ថ្ងៃៗ ក្មេង​សម័យ​បច្ចុប្បន្ន​មាន​ពេល​តិច​ណាស់​សម្រាប់​ធ្វើ​ចលនា​។ ភាព​អសកម្ម​​របស់​ក្មេង​ជំទង់​បារាំង​បាន​ឡើង​ដល់​ជាង​៨០%។

លោក Fabrice Chrétien សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឯកទេស​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​នៅ​មន្ទីរពេទ្យ Sainte-Anne Paris Cité ក្រុង​ប៉ារីស និង​នៅ​វិទ្យាស្ថានសាច់ដុំវិទ្យា លោកសាស្ត្រាចារ្យ Pr Raphaël Vialle ប្រធាន​ផ្នែក​វះកាត់​ឆ្អឹង​កុមារ​នៅ មន្ទីរពេទ្យ Armand Trousseau AP-HP ​និង​សកលវិទ្យាល័យ Sorbonne Université បានអះអាង​បញ្ជាក់​ដូច​គ្នា ថា​ ភាព​ស្រណុក​អសកម្ម ជា​ជំនក់ចិត្ត​​របស់យុវវ័យ។ តែភាពខ្ជិល​ចង់​តែ​ស្រណុក តាំងពី​​​​កុមារ​រហូត​ដល់​​ពេញ​វ័យ​ជំទង់់ ជា​បញ្ហា​ដ៏​ធំចម្បង​ណាស់​សម្រាប់​សុខភាព​សាធារណៈ។ ​ប្រៀប​ដូច​ជា​គ្រាប់​បែក ធ្លាក់​មក​មិន​ផ្ទុះភ្លាម តែ​គង់​នឹង​ផ្ទុះ​បំផ្លិច​បំផ្លាញ​នៅ​ពេល​ក្រោយយ៉ាង​ដូច្នោះ។ ​ខ្ជិល​មិន​បញ្ចេញ​ចលនា​ហើយ​ធាត់ ក្នុង​វ័យ​កុមារ​និង​ក្មេង​ជំទង់ គឺ​ជា​ការ​​ត្រៀម​លក្ខណៈ​មាន​ជំងឺស្ទះ​​ស្លោក​បេះដូង នៅ​ពេល​ចូល​ដល់​វ័យ​ខ្ទង់​សាម។ នេះ​បើ​តាម​ប្រសាសន៍​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ François Carré គ្រូពេទ្យ​ឯកទេស​បេះ​ដូង​នៅមន្ទីរពេទ្យ​ក្រុង​រ៉ែន​ប្រទេស​បារាំង។

​ដោយ​ជាក់​ស្តែង ​ធម្មជាតិ​មនុស្ស​ជា​ពូជ​ដែលកើត​មក​ សម្រាប់​​បញ្ចេញ​សកម្មភាព ធ្វើ​ចលនា​កាយសម្បទា និង​គ្រប់​សរីរាង្គ។ ដូច្នេះ​ ក្មេង​ត្រូវ​តែ​មាន​សកម្មភាព​ ដើម្បី​ឱ្យ​សរីរាង្គកាយ​ ជាពិសេស​សាច់​ដុំ​ លូត​លាស់​ជា​តាម​ដំណើរ​​ជា​ធម្មតា។ បើ​មិន​ចិញ្ចឹម​បណ្តុះ​សាច់​ដុំ​ឱ្យ​លូតលាស់​ផង តើ​គេ​អាច​នឹង​ពង្រឹង​ប្រមូល​សាច់​ដុំ​បាន​យ៉ាង​ដូចម្តេច​នៅ​ថ្ងៃ​ក្រោយ?! ក្មេង​មាន​អាការៈ​ឈឺ​ចុក​ចាប់​រ៉ាំរ៉ៃ នៅ​ខ្នង​ ចង្កេះ ជង្គង់ កជើង បាតជើង ព្រោះ​តែ​ពួកគេ​ធ្ងន់​ខ្លួន​ពេក ឬ​មិន​សូវ​មាន​សាច់​ដុំ។ នេះ​បើ​តាម​ប្រសាសន៍​បន្ថែម​របស់​លោក សាស្ត្រាចារ្យ​ Fabrice Chrétien ដោយ​លម្អិត​ថា បណ្តុះកម្លាំង​សាច់ដុំ ក្នុង​វ័យ​កុមារ និង​ក្នុង​វ័យ​ជំទង់ ជា​សូចនាករដ៏​ល្អ​ ចង្អុល​បង្ហាញ​អំពី​កំរិត​សុខភាព សម្រាប់​ពេញ​មួយ​ជីវិត។ នៅ​ពេល​កម្លាំង​សាច់ដុំ​ខ្សោយ​ ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង មហារីក និង​ស្លាប់​មុន​អាយុ​ នឹងកើន​ឡើង។ អ្នក​ស្រាវជ្រាវ​បាន​សិក្សា​វាស់​វែង​អំពី​កម្លាំង​សាច់​ដុំ​របស់​កុមារ​បារាំង និង​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​យ៉ាង​នៅ​ពេល​ឃើញ​លទ្ធផល។

ការសិក្សា​បាន​បង្ហាញ​ថា កម្លាំង​សាច់​ដុំ​ខ្សោយ​​ នៅក្នុង​វ័យ​ជំទង់​ មាន​ពាក់​ព័ន្ធ​នឹង​គ្រោះ​អាយុខ្លី​ ស្លាប់​ដោយ​មូលហេតុ​គ្រប់​យ៉ាង​រាប់​ទាំង​ការ​ស្លាប់​ដោយ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង និង​ជំងឺ​មហារីក នៅ​ពេល​ធំ​ពេញ​វ័យ។ ជាង​នេះទៀត ការ​សិក្សា​បាន​វិភាគឃើញ​ថា អសមត្ថភាព​រាងកាយ​នៅ​ពេល​ចាស់ មាន​ចំណង​ទាក់​ទង​យ៉ាង​ខ្លាំង​ទៅ​នឹង​ភាព​ខ្សោយ​នៃ​កម្លាំង​សាច់​ដុំ​កាលនៅក្មេង។

ជា​ទូទៅ​សាច់​ដុំ​ ដែល​ជា​ទម្រ​សុខភាព​ដ៏​សំខាន់របស់​មនុស្ស​គ្រប់​រូប តែង​ចុះ​ខ្សោយ ស្រក​ម៉ាសមាឌ ទៅ​តាម​វ័យ ៖ ១០ឆ្នាំ អស់​​៣ទៅ​៨%​ ចាប់​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ និង​១៥% ចាប់ពី​អាយុ​៥០ឆ្នាំ​។ ប៉ុន្តែក្មេង​ជំនាន់​ក្រោយ​ អាយុ​ពី​១០ទៅ​១៦ឆ្នាំ មាន​កម្លាំង​សាច់​ដុំ​ចុះ​ខ្សោយ​២៥%​ តាំងពី​ឆ្នាំ​១៩៩០មក។ នេះ​បើ​តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​និង​សាស្ត្រាចារ្យ​បារាំង​នៅ​សកលវិទ្យាល័យ​Clermont-Auvergne ដោយ​ផ្នែក​លើ​ទិន្នន័យ​ជា​ច្រើន​ផង ទៅលើ​ការ​សិក្ស​អង្កេតដោយ​ផ្ទាល់​នៅមន្ទីរពេទ្យ​តែ​ម្តងផង។​ សាច់​ដុំ​អាច​មាន​កម្លាំង​បាន​ដរាប​តែ​មនុស្ស​បាន​បង្ហាប់​ បំប៉ន តាម​រយៈ​ការ​បញ្ចេញ​សកម្មភាព​រាងកាយ ធ្វើ​ចលនា ឬ​កីឡា​ពង្រឹង​សាច់ដុំ។ ការ​ពង្រឹង​សាច់​ដុំ​មិន​រំខានដល់​​ការលូតលាស់​ លូត​កម្ពស់​របស់​ក្មេង​ ដូច​ជំនឿ​របស់​មនុស្ស​ចំនួនឡើយ ព្រោះការ​ពង្រឹង​សាច់​ដុំ​ មិនមែន​មាន​ន័យ​ថា​ត្រូវ​ហាត់​នៅ​សាល លើក​ដុំ​ដែក ទាញ​ខ្សែ បំណង​ឱ្យ​ឡើង​សាច់ដុំ​កង់ៗ​នោះ​ឡើយ។

តែ​គូរ​ឱ្យ​សោក​ ភាព​ស្ពឹក​ស្រពន់ ចង់​តែ​នៅ​ស្ងៀម​ និង​ អសកម្ម​ រីក​ចម្រើន​ជា​លំដាប់។ មានក្មេងអាយុ ៦-១៧ឆ្នាំ ​តែ​៤១,៨% (៥១%​ក្មេង​ប្រុស​ និង​៣៣%​ក្មេង​ស្រី) ធ្វើ​ចលនា​​ និង​ធ្វើ​កីឡា​បាន​គ្រប់ (៦០​នាទី​ក្នុង​មួយ​ថ្ងៃ) ​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក។ នៅ​ឆ្នាំ​២០២៥ នៅ​ប្រទេស​បារាំង​ កុមារី​​៤៤%​ និង​២៦%​នៃក្មេង​ប្រុស​ មិន​អាច​រត់ (ក្នុង​ល្បឿន​ល្មមៗ​) ឱ្យ​បាន​បួន​នាទី​ជាប់​គ្នា​ទេ​។ ១២%​ នៃ​សិស្ស​ថ្នាក់​ទី​៦ ត្រូវ​ការ​ប្រើពេល​ ជិត​៧​វិនាទី ឬ​ច្រើន​ជាង​នេះ សម្រាប់​រត់​ចម្ងាយ​៣០ម៉ែត្រ។ ចំពោះ​ការ​លោត​ចម្ងាយ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​វាស់​វែង​កម្លាំង​កាយ​សម្បទា និង​សាច់​ដុំ​វិញ ក្មេងប្រុស​បារាំង​បច្ចុប្បន្ន លោត​បាន​១៨៦​ស.ម.​ជា​មធ្យម និងក្មេង​ស្រី​​១៤០​ស.ម.។ នេះ​ជា​លទ្ធផល​នៃ​ការ​វាយតម្លៃ​សមត្ថភាព​រាងកាយរបស់​ក្មេងន​អនុវិទ្យាល័យ​និង​វិទ្យាល័យ​បារាំង​មែន តែ​ក៏​អាច​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​និន្នាការ​នៅលើ​ពិភពលោក​ទាំងមូល​ដែរ។

មិនធ្វើ​​ចលនា​ មិន​បញ្ចេញ​កម្លាំង​កាយ​សម្បទា ស្ពឹក​ស្រពន់​យក​តែ​ស្រួល នឹង​សម្រួល​ឱ្យ​ឡើង​ទម្ងន់ (ធាត់)។ បូក​ផ្សំ​នឹង​ការ​ចំណាយ​ពេល​វេលា​ច្រើន​នៅ​មុខ​អេក្រង់ ដេក​មិន​គ្រប់​ បរិភោគ​អាហារ​កែច្នៃ​ជា​ប្រចាំទៀត ​គ្រឿង​ផ្សំពិត​ជា​មាន​គ្រប់​ល្មម​​ធ្វើ​ឱ្យ​​មេតាបូលិកដើរ​ខុស​​ប្រក្រតី ពោល​គឺ​បង្ក​ឱ្យ​មាន​ជំងឺ​ដែល​ក្មេង​មិន​គួរ​ទាន់​កើត។​ នេះ​បើ​តាម​វេជ្ជបណ្ឌិតជំនាញ​ផ្នែក​ការលូតលាស់​និង​អាហារូបត្ថម្ភ Celia Lloret-Linares៕