
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេលើកសរសើរច្រើនអំពីគុណប្រយោជន៍នៃខ្លាញ់អូមេហ្កា-៣ចំពោះសុខភាព។ ទីផ្សារថ្នាំអាហារបំប៉ន អូមេហ្កា-៣ ក៏កំពុងពេញនិយមខ្លាំងណាស់ដែរ។ តើថ្នាំបំប៉ន អូមេហ្កា៣ ពិតជាថ្នាំចាំបាច់ឬ? អូមេហ្កា៣ជាអ្វី មានគុណប្រយោជន៍យ៉ាងណាខ្លះសម្រាប់សុខភាព?
មានគ្រប់ទម្រង់ ជាគ្រាប់រលូនទន់ៗថ្លាៗឆ្លុះឃើញខ្លាញ់ខាងក្នុង ថ្នាំអាហារបន្ថែមអូមេហ្កា៣ កំពុងពេញនិយមខ្លាំងណាស់ និងរីកចម្រុះដូចផ្សិត នៅតាមឱសថស្ថាន ឬផ្សារលក់វត្ថុធម្មជាតិ-សីររាង្គ។ ទីផ្សារថ្នាំអូមេហ្កា៣ មានតម្លៃរាប់សិបពាន់លានដុល្លារឯណោះ។
តើអូមេហ្កា៣ជាអ្វី?
មុនផ្តើមនិយាយអំពីថ្នាំអាហារអូមេហ្កា៣ គេត្រូវដឹងថា អូមេហ្កាជាអ្វីសិន។ អូមេហ្កា៣ គឺជាអាស៊ីតអាមីណេ ឬអាស៊ីតខ្លាញ់ ដែលចាំបាច់បំផុតសម្រាប់ដំណើរការនិងការលូតលាស់នៃសរីរាង្គកាយ។ អូមេហ្កា៣ដូចជាអូមេហ្កា៦-៩ដែរ ស្ថិតក្នុងចង្កោមគ្រួសារអាស៊ីតខ្លាញ់ Polyinsaturé ដែលមានតូនាទីសំខាន់ណាស់ក្នុងដំណើររក្សាលំនឹងជីវគីមីរបស់ខ្លួនប្រាណ ប៉ុន្តែសរីរាង្គកាយមនុស្សមិនចេះផលិតសារធាតុខ្លាញ់អូមេហ្កា-៣នេះដោយខ្លួនឯងទេ។ ដូច្នេះគេត្រូវពឹងផ្អែកទាំងស្រុងទៅលើការបរិភោគចំណីអាហារ ដើម្បីបានជីវជាតិអូមេហ្កា៣មកចិញ្ចឹមសរីរាង្គកាយ។
វិទ្យាសាស្ត្របានបញ្ជាក់ហើយបញ្ជាក់ទៀត ថាអាស៊ីខ្លាញ់អូមេហ្កា៣ ឬអូមេហ្កា៣ ចាំបាច់ណាស់។ ការសិក្សាបានបង្ហាញឱ្យឃើញថា អាស៊ីតខ្លាញ់ដ៏ល្អ អូមេហ្កា៣ អាចជួយបញ្ចុះសម្ពាធឈាម ពង្រឹងប្រព័ន្ធការពារខ្លួន បន្ថយអាការៈរោលរលាកនៅតាមសន្លាក់ ចូលរួមចំណែកទ្រទ្រង់ឱ្យមានសុខភាពខួរក្បាលបានល្អ ។ អូមេហ្កា៣ អាចជួយបេះដូង ពោលគឺជួយកាត់បន្ថយហានិភ័យកើតជំងឺសរសៃឈាមបេះដូង និងគ្រោះថ្នាក់សរសៃឈាមបេះដូងបានទៀត។
អ្នកវិទ្យាសាស្ត្របានរកឃើញ គុណប្រយោជន៍នៃអូមេហ្កា៣ ដោយសារក្រុមជនជាតិភាគតិចរស់នៅលើតំបន់ទឹកកក Groenland។ នៅឆ្នាំ១៩៧០ អ្នកវិទ្យាសាស្ត្រឆ្ងល់ថាហេតុអ្វីបានជាពលរដ្ឋនៅGroenland មិនសូវមានជំងឺបេះដូងដូចបណ្តាប្រជាពលរដ្ឋនៅលើទ្វីបផ្សេងទៀតនៅលើផែនដី? ពួកគាត់ក៏បានសិក្សាស្រាវជ្រាវដោយផ្តោតទៅលើចំណីអាហារ ហើយរកឃើញថា ជនជាតិនេះ មានរបប-ម្ហូបអាហារ ទទួលទានត្រី (ប្រភេទត្រីខ្លាញ់ច្រើន) ដែលសម្បូរទៅដោយសារធាតុអូមេហ្កា៣ ជាចម្បង។ ក្រៅពីមានសមត្ថភាពជួយការពារនិងបង្ការគ្រោះកើតជំងឺបេះដូង អូមេហ្កា៣ ចាំបាច់ខ្លាំងសម្រាប់ខួរក្បាលនិងប្រសីភ្នែកទៀត។ ការសិក្សាខ្លះ បានលើកសរសើរអំពីគុណប្រយោជន៍នៃអូមេហ្កាក្នុងការទប់ស្កាត់ភាពចាស់ទ្រុឌទ្រោមនៃកោសិកា ឥទ្ធិពលអាក្រក់នៃស្ត្រេស និងអាចជួយលើកទឹកចិត្តអ្នកមានជំងឺបាក់ទឹកចិត្តទៀតផង។
គុណសម្បត្តិនៃអូមេហ្កា៣មានច្រើនណាស់ ប៉ុន្តែមនុស្សទូទៅ ក្នុងចំនួនដ៏ច្រើនលើសលុបបរិភោគអាហារមានជាតិអូមេហ្កា៣មិនគ្រប់គ្រាន់ តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោកទេ។ បើតាមការស្រាវជ្រាវ ៩០%នៃកុមារ និង៦៨%នៃមនុស្សធំ មានអូមេហ្កា៣ទាបជាងសេចក្តីត្រូវការប្រចាំថ្ងៃរបស់សីររាង្គ។
ថ្នាំអាហារបំប៉នអូមេហ្កា៣ឬ អូមេហ្កា៣ធម្មជាតិ?
ជាអាស៊ីតខ្លាញ់ដ៏ចាំបាច់ព្រោះខ្លួនប្រាណមនុស្សមិនអាចផលិត ដោយម្នាក់ឯងបាន អូមេហ្កា-៣ មានពីរប្រភេទនៅក្នុងធម្មជាតិ ឬបីទម្រង់ គឺ
- អូមេហ្កា៣ ALA ក្នុងរុក្ខជាតិ ដូចជាក្នុងប្រេងផ្កាកុលហ្សា ប្រេងសណ្តែក គ្រាប់ស្វាយចន្ទី អូមេហ្កា៣ EPA មកពីសមុទ្ទ មាននៅក្នុងត្រីខ្លាញ់ ត្រីរស់ក្នុងទឹកត្រជាក់ខ្លាំង ដូចជាត្រីសូម៉ុង ត្រីសាឌីន (ត្រីខប្រអប់) ត្រីសាបាក់ ត្រីសមុទ្ទចំហុយ អូមេហ្កា៣ DHA មកពីសមុទ្ទដែរ តែមានច្រើននៅក្នុងសារាយសមុទ្ទ
សរីរាង្គកាយមនុស្សអាចបំប្លែងអូមេហ្កា៣ក្នុងទម្រង់ជាALA ទៅជាអូមេហ្កា៣EPA- DHA បានខ្លះ តែក្នុងកំរិតតិចតួចបំផុត។ ហេតុដូច្នេះហើយបានជាគេត្រូវតែទទួលទានត្រីខ្លាញ់ដោយផ្ទាល់តែម្តងទើបអាចទាញជីវជាតិអូមេហ្កា៣ EPA និង DHA និងជាពិសេសអ្នកមិនទទួលទានសាច់សោះ។
ការទទួលទានកូនត្រីសាឌីន ពីរ ក្នុងមួយសប្តាហ៍ អាចបំពេញសេចក្តីត្រូវការឱ្យសីររាង្គកាយបានហើយ បើគិតតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក។ ឬមិនដូច្នោះទេ យើងអាចទទួលបន្ថែមខ្លាញ់ផ្កាកុលហ្សា ប្រេងសណ្តែក មួយច្រូចលើបន្លែក៏ គ្រាប់ផ្លែន័រ គ្រាប់ស្វាយចន្ទី ឬគ្រាប់ជីរ មួយក្តាប់ ក៏ចាត់ទុកថាគ្រប់គ្រាន់ដែរ។ បើមានចំណង់អាហារល្អ មានរបបអាហារត្រឹមត្រូវ ប្រកបដោយលំនឹង លាយចម្រុះច្រើនមុខមានបន្លែត្រីសាច់ ស៊ុត គ្រាប់ធញ្ញជាតិ នោះគេទំនងមិនត្រូវការបន្ថែមថ្នាំអាហារបំប៉នទេ។ ម្យ៉ាងទៀត ថ្វីបើអាស៊ីតខ្លាញ់អូមេហ្កាធម្មជាតិល្អខ្លាំងសម្រាប់សុខភាពមែន តែការសិក្សាជាច្រើនបានបង្ហាញថា អាស៊ីតខ្លាញ់ក្នុងទម្រង់ជាថ្នាំអាហារបំប៉ន គ្មានផ្តល់គុណប្រយោជន៍សោះ នៅពេលគេលេបវាចូលក្នុងខ្លួន។
ការសិក្សាចេញផ្សាយក្នុងទស្សនាវដ្តី New England Journal of Medecine ដ៏គួរឱ្យទុកចិត្ត ឧទាហរណ៍ជាក់ស្តែង។ អ្នកស្រាវជ្រាវបានសិក្សាពិសោធន៍លើមនុស្សជាង២ម៉ឺន៥ពាន់ ដោយចែកជាពីរក្រុម។ ក្រុមទីមួយលេបថ្នាំអាហារបំប៉នអូមេហ្កា-៣ចម្រាញ់ចេញពីផលិតផលសមុទ្ទ ជារៀងរាល់ថ្ងៃ រយៈពេល៥ឆ្នាំ។ មួយក្រុមទៀត លេបថ្នាំបញ្ឆោតplacebo រាល់ថ្ងៃដែរ និងក្នុងរយៈពេល៥ឆ្នាំដូចគ្នា។ ជាលទ្ធផល ! គ្មានអ្នកចូលរួមសិក្សាពិសោធន៍ណាម្នាក់បានទទួលផលវិជ្ជមានផ្នែកបង្ការហានិភ័យកើតជំងឺបេះដូង ឬមហារីកទេ។ អ្នកបានលេបថ្នាំអាហារបំប៉ន ក៏ដូចជាអ្នកមិនបានលេប ធ្លាក់ខ្លួនមានជំងឺបេះដូងនិងមហារីកក្នុងអត្រាប្រហាក់ប្រហែលគ្នា។ លទ្ធផលនេះអាចពន្យល់បានថា យើងពិតជាត្រូវការអូមេហ្កា៣ជាចាំបាច់ តែបើទទួលយកច្រើនពេកវាអត់ប្រយោជន៍ទៅវិញ។ ហេតុផលទីពីរ គឺទាក់ទងនឹងទម្រង់នៃថ្នាំអាហារបំប៉នដែលខុសៗគ្នា ខ្លះធ្វើខ្លាញ់ត្រី ខ្លះពីសារាយ ដាច់ៗពីគ្នា។ តែបើយើងទទួលទានត្រីសាឌីន ត្រីសាបាក់ ដែលសម្បូរទៅដោយអូមេហ្កា-៣ តែក៏មានផ្ទុកជីវជាតិល្អៗជាច្រើនផ្សេងទៀត ដែលអាចជួយសរីរាង្គឱ្យស្រូបយកអូមេហ្កា៣។ អ៊ីចឹងហើយបានជាការលេបថ្នាំអាហារបំប៉ុនមានផ្ទុកតែអូមេហ្កា៣សុទ្ធមិនផ្តល់លទ្ធផលល្អដល់សុខភាពនោះ៕