Skip to content
Opens in a new window
តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ?
26 August 2026

តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ?

នាទីសុខភាពនិងអនាម័យ

About

ម្រេចជា គ្រឿង ទេស ដែល មាន ប្រើក្នុងស្ទើរគ្រប់មុខម្ហូប នៅលើពិភពលោក។ ទទួលទាន ស្ទើរជារៀងរាល់ថ្ងៃ ម្រេចល្បីថាមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ តើជាគុណប្រយោជន៍​អ្វីខ្លះទៅ ? ម្រេចកិន ម្រេចមូល ម្រេចខ្ចី ម្រេចទុំ មានគុណសម្បត្តិដូចគ្នាទេ ? តើគួរជ្រើសរើស​ទទួលទាន ម្រេច ស ខ្មៅ ក្រហម ឬម្រេចស្រស់?

ក្នុងសម័យយុគកណ្តាល ម្រេច ជា​គ្រឿងទេស ដែល តំណាង​ឲ្យ​ភាព​មាន​បាន។ បច្ចុប្បន្ន ម្រេច​ជា​គ្រឿង​ទេស​ដែល​មាន​ប្រើ​នៅ​ទូទាំង​ពិភពលោក មិនថា នៅ​ទ្វីប​អឺរ៉ុប អាមេរិក អាស៊ី ឬអូសេអានី និង​អាហ្វ្រិក​ទេ។ នៅតាម​អាហារដ្ឋាន​តូចតាច តាម​ចិញ្ចើមថ្នល់ ដល់​ភោជនីដ្ឋាន​លំដាប់​ផ្កាយ ក៏​ដូច​ជា នៅ​តាម​ផ្ទះ ម្រេច​បាន​បង្ហាញ​វត្តមាន​យ៉ាង​សង្ហា នៅលើ​​តុបាយ ឬ​នៅ​ក្នុង​ចង្ក្រាន។ រសជាតិ​ហិរ​ប្រហើរ ក្លិន​ស្រាល ឈ្ងុយ អាច​ដាក់​រោយ​លើ​ស្ទើរ​គ្រប់​ម្ហូប​ឆ្អិន​ហើយ ឬ​នៅ​ពេល​កំពុង​ចម្អិន។

ទទួលទានស្ទើរជារៀងរាល់ថ្ងៃ ដើម្បី​លើក​រសជាតិ​ម្ហូបអាហារ និង ដោយ​មិន​ដឹង​ពិត ប្រាកដ​អំពី​គុណសម្បត្តិ​របស់វា ម្រេច​ជា​គ្រឿងទេស ដែល​មា​ន​ប្រើ​តាំ​ងពី​យូរយារ​ណាស់​មក​ហើយ សម្រាប់​ផ្សំ​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​បុរាណ។ ឧស្សាហកម្ម​រុក្ខឱសថ សម័យ​បច្ចុប្បន្ន​ក៏​មាន​ប្រើ​ម្រេច ជា​សមាស​ធាតុ​ផ្សំ ច្រើនដែរ។ ចាស់​ទុំ​ខ្មែរ ក៏​ណែនាំ​ឲ្យ​ស្ត្រី​ទើប​ឆ្លង​ទន្លេ​រួច ទទួល​ទាន​ម្រេច​ជា​ម្ហូប ដើម្បី​កម្តៅ​សរសៃ​ខ្ចី តែ​ហាម​មិន​ឲ្យ​បរិភោគ​ម្ទេស​ទេ ក្នុង​អំឡុង​ពេលកូនខ្ចី​បំបៅដោះ។ ចំពោះ ពួកគាត់ ម្រេច​និង​ម្ទេស មាន​រសជាតិ​ហិរ​ខុសគ្នា និង​ផ្តល់​ផលវិបាក​ក៏​ខុសគ្នា។

ម្រេចមានអំណាចអង់ទីអុកស៊ីដង់

រសជាតិ​ហិរ​របស់​ម្រេច មាន​លក្ខណៈ​ពិសេស​ប្លែក ដោយសារ​សមាសធាតុ​ជីវៈសកម្មធម្មជាតិ Piperine ដ៏​ចម្បង​របស់​គ្រាប់​ម្រេច។ Piperine ជា​មូលេគុល​ជីវសាស្ត្រ​ពពួក alcaloïde ដែល​មាន​សកម្មភាព ខ្លាំងខាង​បញ្ចេញ​ជាតិ​ពុល​ការពារខ្លួន(ដើមឈើ)។ សមាសធាតុ​ដ៏​ចម្បង​របស់​ម្រេច​នេះ អាចមាន​ឥទ្ធិពល​ល្អ​ច្រើន ទៅលើ​សរីរាង្គ​មនុស្ស។ នេះ​បើ​តាម​ការវិភាគ​ទិន្នន័យ​នៃ​ការសិក្សា​ជាច្រើន ចេញផ្សាយ នៅ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ Critical Reviews in food Science and Nutrition កាលពី​ឆ្នាំ​២០១៩។

នៅក្នុងចំណោមគុណប្រយោជន៍​ជាច្រើន គេ​អាច​​រាប់​​ ជាបឋម សមត្ថភាព​ផ្នែក​អង់ទីអុកស៊ីដង់។ មាន​ន័យ​ថា ម្រេចមាន​សកម្មភាព​ជា​ធ្នាក់​ចាប់​ក្រុម​ជាលិកា​សេរី ដែល​ជា​មូលេគុល​ពន្លឿន ភាព​ចាស់​ជរា នៃ​កោសិកា មានជា​អាទិ៍​កោសិកា​ស្បែក។ ការសិក្សា​ដដែល​បាន​ពន្យល់​ទៀត​ថា ដោយសារ​សារធាតុ Piperine​ដ៏ច្រើន ម្រេច​ទំនង​មាន​គុណប្រយោជន៍ ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ និង សម្លាប់​មេរោគ​ជាច្រើន ប្រភេទ មាន​ជា​អាទិ៍ ពពូក​បាក់តេរី និង​ពពួក​ផ្សិត មួយ​ចំនួន​ធំ។ ឧទាហរណ៍ បាក់តេរី Staphylocoque ។ នេះបើ​តាម​ការលើក​ឡើង​របស់​អ្នកនិពន្ធ​ដដែល។

ម្រេចជួយរំលាយអាហារ

គុណប្រយោជន៍នៃម្រេច​មិន​បញ្ចប់​ត្រឹម​ណេះ​ទេ។ គ្រាប់​ខ្មៅ​ដ៏​តូចៗ​នេះ អាច​មាន​អំណាច​ផ្នែក បន្ទាប​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម ពោល​គឺ​ម្រេច​អាច​ជួយ​កាត់​បន្ថយ​អត្រា​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល និង អត្រា​ជាតិ​ស្ករ គ្លីសេមី​ក្នុង​ឈាម។ បើគេ​ជឿ​តាម​ការសិក្សា​ដដែល ម្រេច​អាច​មាន​សកម្មភាព ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ទៀតផង។ សារធាតុ​សកម្ម Piperine លាយ​ជាមួយ​សមាស​ធាតុ​ផ្សំ ផ្សេង​​ទៀត​របស់​ម្រេច​ នឹង​​បញ្ចេញ​សកម្មភាព​ប្រឆាំង​នឹង​កោសិកា​​មហារីក នៃ​ជំងឺ​មហារីក​សុដន់ ពោះវៀន​ធំ ឬ​មហារីក​ក្រពេញ​ប្រូស្តាត​ជាដើម។ នៅក្នុង​ការសិក្សា​មួយ​ផ្សេង​ទៀត ចេញ​ផ្សាយ ដោយ ទស្សនាវដ្តី Critical Reviews in food Science and Nutrition ដដែល ម្រេច​អាច​មាន​ឥទ្ធិពល​ល្អ​លើ ប្រព័ន្ធ​រំលាយ​អាហារ។ អ្នកនិពន្ធ​បាន​ពន្យល់​ថា ឥទ្ធិពល​របស់​ម្រេច​លើ​ប្រព័ន្ធ​រំលាយ​អាហារ បាន​មកពី ជាតិ​ម្រេច​ដែល​ទៅ​ភ្ញោច​សរីរាង្គកាយ​មាត់​ ក្រពះ លំពែង ឲ្យ​បញ្ចេញ​ទឹកមាត់ បញ្ចេញ ប្រូតេអ៊ីន​មាន​ភារៈ​កិន​បំបែក​កម្ទេច​​អាហារ​ឲ្យងាយ​ជ្រាប​ចូល​ទៅ​ចិញ្ចឹម​សព៌ាង្គកាយ ប្រៀប​ដូច​ជា​ទៅ​បង្កើន សមត្ថភាព​ទូទៅ ផ្នែក​រំលាយ​អាហារ និង បង្កើន​សមត្ថភាព​ស្រូប​អាហារូបត្ថម្ភ។ ចំពោះ​គ្រូពេទ្យ ​ជំនាញ​ផ្នែ​ក​អាហារូបត្ថម្ភ Florence Foucaut បរិភោគ​ក្នុង​បរិមាណ​តិច​តួច​ល្មម ម្រេច​នឹង​ជួយ​រំលាយ​អាហារ និង ជួយ​ពន្លឿន​ដំណើរ​បញ្ចេញ​កាក​សំណល់​អាហារ ដែល​អាច​កាត់​បន្ថយ​អាការៈ​ធ្ងន់​ទល់​ពោះ នៅ​ពេល​បរិភោគ​ឆ្អែត​ខ្លាំង​​ពេកបាន។ បន្ថែមម្រេច និង​គ្រឿងទេស​លើ​ម្ហូប​អាហារ នឹង​ជួយ​លើក​រសជាតិ ដោយ​មិនបាញ់​ ប្រើខ្លាញ់-​អំបិល​ច្រើន។ នៅ​ពេ​ល​អាហារ​មាន​រសជាតិ ដោយ​ម្រេច និង ដោយ​គ្រឿងទេស​ផ្សេងទៀត ក្លិនឈ្ងុយ​នោះ​នឹង​​ផ្តល់​ភាព​រីករាយ​ដល់​ការបរិភោគ។ នៅ​ពេល​បរិភោគ​ដោយ​មាន​ភាព​រីករាយ​ក្នុងចិត្ត ពេលនោះ​អ្នក​នឹង​បរិភោគ​ក្នុង​បរិមាណ​តិច ព្រោះ​​ក្រពះ​បាន​ឆ្អែត​យ៉ាង​ពិត​ប្រាកដ។

ម្រេចជាថ្នាំប្រឆាំងនឹងការរលាក

 ម្រេចត្រូវបានគ្រូពេទ្យ​បុរាណ​អេហ្ស៊ីប និង​ចិន ប្រើ​ជា​ថ្នាំ​Anti-inflammatoire តាំងពី​យូរយារ​មក​ហើយ ដោយសារម្រេច​មាន​ផ្ទុក​សារធាតុ​Piperine ដែល​មាន​លក្ខណៈ​សម្បត្តិ​អង់ទីអាំងហ្វ្លាម៉ាទ័រ។ ដើម្បី​ឲ្យ​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​ឡើង​ពេញ​អំណាច គួរតែ​ប្រើ​ម្រេច​លាយ​ជាមួយ​ល្មៀត។ សារធាតុក្នុ​ង​ល្មៀត​​​Curcuma និង Piperineក្នុង​ម្រេច​ សុទ្ធតែ​ជា​សារធាតុ​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការរលាក​ដូចគ្នា តែ​សារធាតុ​ពីប៉េរីន មាន​សមត្ថភាព​ជួយ​ជំរុញ​សរីរាង្គកាយ​ឲ្យ​ស្រូប​យក​ជាតិ​Curcuma បាន​កាន់​តែ​ប្រសើរ។

ស្តាប់តាមការរៀបរាប់ខាងលើ ម្រេច​សឹង​អាច​ហៅ​បាន​ថា​ជាគ្រាប់​ដ៏​អស្ចារ្យ ចំពោះ​សុខភាព ប៉ុន្តែ​សូម​ទទួល​យក​លក្ខណៈ​សម្បត្តិ​ដ៏ល្អ​របស់​ម្រេច​ទាំង​អម្បាលម៉ាន​នេះ ដោយ​ប្រុង​ប្រយ័ត្ន​សិន ព្រោះ ការសិក្សា​បញ្ជាក់​អំពី​គុណប្រយោជន៍​ដ៏​សម្បើម​នៃ​ម្រេច ជា​លទ្ធផល​នៃ​ការវិភាគ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍

ឬ​លើ​សត្វតែ​ប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ​បានជា អ្នកស្រាវជ្រាវ​ចាត់​ទុក​របក​គំឃើញ​អំពី គុណសម្បត្តិ​នៃ​ម្រេច ថា​ជា​ពន្លឺ​ដ៏​សំខាន់​ដែល​បញ្ជាក់​អំពី​ផល​ល្អ ដោយ​មិន​អាច​ប្រកែក​បាន​របស់​ម្រេច។

ក្រុម​អ្នក​ស្រាវជ្រាវ​ចង់​ឲ្យ​មាន​ការសិក្សា ការធ្វើ​តេស្ត​លើ​មនុស្ស​ច្រើន​និង​បន្ថែម​ទៀត ដើម្បី​ទម្លាយ​ឲ្យ​ឃើញ​អំពី​សក្តានុពល និង​ឥទ្ធិពល​របស់​ម្រេច​ចំពោះ​សុខភាព​មនុស្ស។ ក្នុង​ពេល​រង់ចាំ​ លទ្ធផល​ស៊ី​ជម្រៅ និង​កាន់តែ​ច្បាស់លាស់ សូម​អញ្ជើញ​ប្រើ​ម្រេច តាម​ការគួរ និង ការចូលចិត្ត ដើម្បី​បន្ថែម​រសជាតិ​ដល់​ម្ហូប​ក៏​បាន​ក្នុង​ទម្រង់​ជា​ទឹក​ឆុង​ក៏​បាន។ ដើម្បី​ឆុង​តែ​ម្រេច សូម​ដាំ​ទឹក​ឲ្យ​ពុះ រួច​ចាក់​លើ​គ្រាប់​ម្រេច​ដែល​ដំ​បំបែក​ឲ្យ​ទក់ៗ​បន្តិច រយៈពេល​ពីរបី​នាទី ហើយ​ច្រោះយក​កាកម្រេច​ចេញ។ នេះ​ជា​ការពន្យល់​របស់​លោក Olivier Derenne អ្នក​ជំនាញ​គ្រឿងទេស និង​ជា​អគ្គនាយក​ក្រុមហ៊ុន​លក់​ម្រេច Comptoire des Poivres នៅ​ប្រទេស​បារាំង ដោយ​បន្ថែម​ថា​ដើម្បី​បន្ទន់​ក្លិន និង​បន្ថែម​រសជាតិ គេ​អាច​ឆុង​តែ​ម្រេច​ជាមួយ​ផ្កា​ក្រៀម ទឹកឃ្មុំ ឬ ល្មៀត។

ម្រេចខ្មៅ ស ក្រហម ខុសគ្នាយ៉ាងណា ?

ជ្រើសរើសប្រើម្រេចទាំងមូល ហើយកិន ឬ បុក​បំបែក នៅ​ពេល​ហៀប​បរិភោគ​អាច​ ជួយ​រក្សា​ក្លិន​ឈ្ងុយ​បាន​យូរ និង​មាន​រសជាតិ​កាន់តែ​ឆ្ងាញ់។ ម្រេច​កិន​ស្រាប់​ឲ្យ​តែ​សុទ្ធ​ពិត អាច​មិន​សូវ​ឈ្ងុយ​មែន តែ​បើ​គិត​អំពី​តម្លៃ​ផ្នែក​អាហារូបត្ថម្ភ និង​គុណ​ប្រយោជន៍ គ្មាន​បាត់​បង់​ទៅ​ណា​ទេ គឺ​នៅ​ដដែល​ដូច​ម្រេច​គ្រាប់​ទាំងមូល។

ចំណែ​កពណ៌​ម្រេច ស ខ្មៅ ក្រហម បៃតង ជា​ដំណើរ​វិវឌ្ឍ​នៃ​គ្រាប់​ម្រេច ទៅ​តាម​​ដំណាក់កាល និង ទៅ តាម​របៀប​ថែ​រក្សា​ទុក។ ម្រេច​បៃតង ជា​ម្រេច​ខ្ចី បេះ​នៅ​ពេល​មិន​ទាន់​ទុំ ដូច្នេះ​វា​មិន​សូវ​ហិរ ឬ​ហិរ​ស្រាល ដោយ​មាន​បង្កប់​ជាតិ​ផ្អែម​តិចៗ និង​មាន​កំហាប់​ជាតិ​ពីប៉េរីន​ទាប តែ​មាន​ផ្ទុកជាតិ​ប៉ូលីហ្វេណុល​ក្នុង បរិមាណ​ដ៏​ច្រើន​ជាង​គេ បើ​ប្រៀប​ទៅ​នឹង​គ្រាប់​ម្រេច​ចាស់ និង​គ្រាប់​ម្រេច​ទុំ។​ សម្បូរជាតិ​ប៉ូលីហ្វេណុល​ខ្លាំង មាន​ន័យ​ថា​​ម្រេច​បៃតង​មាន​គុណ​ប្រយោជន៍ ផ្នែក​អង់ទីអុកស៊ីដង់ និង​អង់ទីអាំងផ្លាម៉ាទ័រ ដែល​ដើរ​តួនាទី​ការពារ​ប្រឆាំង​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង។

ម្រេចខ្មៅ ជា​ស្តេច​ម្រេច ? បេះ​នៅ​ពេល​ទុំ​រួច យក​ទៅ​ហាល​ថ្ងៃ​សម្ងួត ទើប​ឡើង​ពណ៌​ខ្មៅ ម្រេច​ខ្មៅ ហិរ​ខ្លាំង ជាង​ម្រេច​បៃតង ឬ​ម្រេច​ស។ ការសិក្សា​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០២០ ដែល​ជា​ការវិភាគ​ប្រៀបធៀប​រវាង​ម្រេច​ខ្មៅ​និង​ម្រេច​ស មុន​និង​ក្រោយ ពេល​យក​សម្បក​ចេញ​រួច​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ម្រេច​ខ្មៅ​មាន​ប្រៀប​ជាង​​ម្រេច​ស។ កំហាប់​នៃ​សមាសធាតុ​ផ្សំ ដូចជា​ប៉ូលីហ្វេណុល​និង​រ៉ែ មាន​ខ្ពស់​ខ្លាំង​នៅ​ក្នុង ម្រេច​ខ្មៅ​ជាង​ម្រេច​ស ដែល​គេ​បេះ​នៅ​ពេល​គ្រាប់​ទុំ​ឡើង​ក្រហម​ល្អ ដូចគ្នា តែ​ត្រូវ​បាន​គេ​យក​ទៅ​ត្រាំ​ទឹក ហើយ​បក​ស្រទាប់​ក្រហម​ខាង​ក្រៅ​ចេញ។ ការបក​សម្បក​ក្រៅ បាន​ធ្វើ​ឲ្យ​ម្រេច​ស បាត់បង់​សមាសធាតុ​ប៉ូលីហ្វេណុល និង រ៉ែ អស់​ជាច្រើន។ ប៉ុន្តែ​សារធាតុ​ពីប៉េរីន ហាក់​ដូច​ជា​ខ្ពស់​ជាង​ម្រេច​ខ្មៅ​ទៅ​វិញ។ នេះបើ​តាម​ការសិក្សាប្រៀបធៀប​ដដែល។ ចំណែក​ម្រេច​ក្រហម ជា​ម្រេច​កម្រ​ជាង​គេ ព្រោះ​ជា​ម្រេច​បេះ​ នៅ​ពេល​វា​ចាប់​ទុំ​ភ្លាម​រួច​ហើយ​យក​ទៅ​ហាល​សម្ងួត និង ហិរ​ជាង​ម្រេច​ខ្ចី​បន្តិច។  ជាចុងក្រោយ គឺ​ម្រេច​ប្រផេះ​ដែល​គ្មាន​អ្វីក្រៅ​ពី ជា​ម្រេច​ខ្មៅ​កិន​រួចស្រេច។

ជាតិហិររបស់​ម្រេច​ថ្វី​បើ​មិន​ខ្លាំង​ដូច​ម្ទេស​ក៏​ដោយ ក៏អាច​ធ្វើ​ឲ្យ​ក្រពះ ពោះវៀន ពិបាក​ទ្រាំ​ដែរ​ នៅ​ពេល​បរិភោគ​ក្នុង​បរិមាណ​ច្រើន​ជ្រុល ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ក្រពះ ឬ ជំងឺ​ខ្សោយ​ពោះវៀន​ស្រាប់។ សូ​មកុំ​បរិភោគ​ម្រេច ប្រសិន​បើ​អ្នក​មាន​រោគ​ភើ​ច្រាល​ជាប់​នឹង​ខ្លួន។ អ្នកមាន​បញ្ហា​ឫស​ដូង​បាត កុំ​ប្រមាថ​រសជាតិ​ហិរ​របស់​ម្រេច​សោះ។ ទទួលទាន​ម្រេច​ច្រើន​ជ្រុល​ក្នុង​ម្ហូប អាច​នឹង​ធ្វើ​ឲ្យ​ភ្នាស​នៅ​ម្តុំ​ក្រសាល​គូថ​រលាក។ បើ​ភ្នាស​នៅ​ត្រង់​នោះ​រលាក​ ឫសដូង​បាត​នឹង​រើ​ឡើង ហើយ​ឈឺ​ខ្លាំង​ពិបាក​ទ្រាំ៕