មាត់ធ្មេញមិនមែនមានភារកិច្ចត្រឹមតែទំពារអាហារបញ្ជូនទៅក្រពះដើម្បីចិញ្ចឹមសរីរាង្គកាយទេ តែមាត់ក៏អាចជាច្រកផ្លូវនាំទៅរកជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងផង ប្រសិនបើមាត់គ្មានអនាម័យ បណ្តោយឱ្យមានជំងឺរលាកអញ្ចាញ។ ដូច្នេះសូមកុំភ្លេចតាមដានសុខភាពអញ្ចាញធ្មេញផង។
អ្នកមានបញ្ហារលាកអញ្ចាញបន្តិចបន្តួចមែនទេ? ជាអាការៈតិចតួចមែន ប៉ុន្តែសូមប្រយ័ត្ន ព្រោះអាចមានគ្រោះថ្នាក់ធំ ! បច្ចុប្បន្ននេះ ជំងឺរាក់ស៊ីធ្មេញដ៏ស្រាល កំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏ចម្បង។ ជិតពាក់កណ្តាលនៃមនុស្សធំពេញវ័យអាយុលើសពី៥០ឆ្នាំឡើងទៅ មានជំងឺរលាកអញ្ចាញរ៉ាំរ៉ៃដែលបំផ្លាញជាលិកាទ្រង់ទ្រង់ធ្មេញដោយសន្សឹមៗឬហៅថាជំងឺរាក់ស៊ីធ្មេញ ក្នុងនោះ ១៦%ជាជំងឺរាក់ស៊ីធ្មេញធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យបារម្ភខ្លាំងនោះ គឺជំងឺរលាកអញ្ចាញ រាក់ស៊ី មិនធ្វើឱ្យឈឺ (គ្មានផ្តល់រោគសញ្ញា)។ អ្នកជំងឺច្រើនណាស់មិនបានដឹង ទាល់តែសោះថាពួកគេមានបញ្ហារាក់ស៊ី និងចាប់ដឹងនៅពេលណាជំងឺចូលដល់ដំណាក់កាលធ្ងន់ខ្លាំងទៅហើយ។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Adrian Brun ទន្តបណ្ឌិតឯកទេសវះកាត់ធ្មេញ នៅមន្ទីរពេទ្យ Henri-Mondor de Créteil និងជាគ្រូសាស្ត្រាចារ្យសន្និសីទនៅសកលវិទ្យាល័យParis-Cité។
អញ្ចាញចាប់ផ្តើមរលាក ដោយមូលហេតុដ៏សាមញ្ញបំផុត គឺដោយបាក់តេរីនាំគ្នានៅកកផ្តុំនៅតាមជើងធ្មេញ ត្រង់ចន្លោះធ្មេញនិងអញ្ចាញ។ កកយូរៗទៅប្រព័ន្ធការពារខ្លួនទប់លែងឈ្នះ។ នៅពេលប្រឹងការពារខ្លួនពេក សរីរាង្គបានបំផ្លាញបន្តិចម្តងៗជាលិកាក្នុងមាត់ដែលទ្រទ្រង់អញ្ចាញ សរសៃចង ឬឆ្អឹង និងដែលយូរៗទៅ អាចធ្វើឱ្យជ្រុះធ្មេញតែម្តង។ ស្ថានភាពបែបនេះ គឺជាការបើកផ្លូវឱ្យមេរាគបាក់តេរីនានាៗ នៅក្នុងមាត់ បានចូលទៅក្នុងប្រព័ន្ធចរន្តឈាមបាន។
តាំងពីជាច្រើនសិបឆ្នាំមកនេះ មានការសិក្សាច្រើនណាស់លើប្រធានបទនេះ។ គ្រប់ការសិក្សាសុទ្ធតែមានសេចក្តីសន្និដ្ឋានដូចជាគឺជំងឺអញ្ចាញធ្មេញមិនធ្វើទុក្ខបុកម្នេញ ត្រឹមក្នុងមាត់ទេ។ ជំងឺរលាកអញ្ចាញមានទំនួលខុសត្រូវច្រើនក្នុងការបង្កើតគ្រោះហានិភ័យឱ្យមានជំងឺផ្សេងទៀត ដូចជា ជំងឺសរសៃឈាមបេះដូង និងជំងឺមេតាបូលិក បើនិយាយក្នុងន័យទូលំទូលាយ។ នៅឆ្នាំ២០២៥ ការសិក្សាអន្តរជាតិជាច្រើន មានអំណះអំណាងកាន់តែច្បាស់ បញ្ជាក់អំពីទំនាក់ទំនងនៃជំងឺរលាកអញ្ចាញ ដង្កូវស៊ីធ្មេញ និងការកើនឡើងនៃគ្រោះហានិភ័ហមានជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
សម្រាប់ក្រុមអ្នកជំនាញ ជំងឺរលាកអញ្ចាញធ្មេញនិងជំងឺសរសៃឈាមបេះដូង ទាក់ទងគ្នាទៅវិញទៅមានតាមរយៈយន្តការជាឯកសិទ្ធ ពីរ។ នៅក្នុងមាត់ ការរលាកអញ្ចាញឬរាក់ស៊ី ដ៏តូចតាចសោះនេះ មានកម្លាំងនិងភាពកំណាចដូចមានដំបៅធំប៉ិនបាតដៃ ដែលទៅចុចដាស់ប្រព័ន្ធការពារខ្លួនឱ្យកម្រើកប្រឆាំងនឹងការឈ្លានពានមកពីក្រៅ និងលេចជាអាការៈរលាកឡើង។ ការរាលរលាកដោយមេរោគនេះ សាយភាពឡើងពេលណាវានឹងទៅធ្វើរំខានស្រទាប់ការពារសរសៃឈាមអាទែ ឱ្យចុះទន់ខ្សោយ។ នេះជាយន្តការទីមួយ។ ចំណែកយន្តការទីពីរ គឺដំណើរឆ្លងបាក់តេរីក្នុងមាត់ ចូលទៅក្នុងចរន្តឈាម។ ថ្វីបើគ្មានបង្កឱ្យមានចម្លងរោគធ្ងន់ធ្ងរមែន តែពពួកបាក់តេរីក្នុងមាត់ អាចទៅតោងកកផ្តុំនៅតាមផ្ទៃនៃសរសៃឈាម ទាំងឡាយ រួចសម្រួលឱ្យមានកកស្ទះ ដាច់សរសៃឈាមនោះ ពោលគឺជាចំណុចចាប់ផ្តើមនៃដំណើរមានគ្រោះថ្នាក់ដាច់ឬស្ទះសរសៃឈាមក្នុងខួរក្បាល ឬកកស្ទះដាច់សរសៃឈាមនៅបេះដូង (ស្លោកបេះដូង)។
ចុះជាមួយជំងឺទឹកនោមផ្អែមវិញ? កាលពីមុនគេគ្មានភស្តុតាងជាក់ស្តែងបញ្ជាក់អំពីទំនាក់ទំនងនៃសុខភាពមាត់ធ្មេញនិងជំងឺទឹកនោមផ្អែម។ ប៉ុន្តែពេលនេះ លែងជាការសន្និដ្ឋានទៀតហើយ។ អ្នកស្រាវជ្រាវបានរកឃើញទំនាក់ទំនងពិតនិងទៅវិញទៅមក នៃជំងឺអញ្ចាញនិងជំងឺទឹកនោមផ្អែម។ ជំងឺរលាកអញ្ចាញ-រាក់ស៊ីធ្មេញ ធ្វើឱ្យសរីរាង្គកាយពិបាកចាត់ចែងលំនឹងជាតិស្ក ឯជំងឺទឹកនោមផ្អែមនឹងធ្វើឱ្យជំងឺអញ្ចាញកាន់តែធ្ងន់ធ្ងរ។
មានបាក់តេរីខ្លះ អាចរំខានសកម្មភាពអាំងស៊ុយលីន។ ការរលាក បង្កឡើងដោយបាក់តេរី ក៏អាចរំខានដំណើរការរបស់អាំងស៊ុយលីន ក្នុងការផលិតជាតិស្ករសម្រាប់ចិញ្ចឹមកោសិកា។ ការរំខានអាចធ្វើឱ្យអត្រាជាតិស្ករក្នុងឈាមឡើងខ្ពស់ ឬហៅថាទឹកនោមផ្អែម។ ដូច្នេះ ចំពោះបុគ្គលណា ដែលប្រុងកើតជំងឺទឹកនោមផ្អែម វត្តមាននៃជំងឺអញ្ចាញ (រាក់ស៊ីធ្មេញ) នឹងសម្រួល ឱ្យកាន់តែឆាប់លេចជាជំងឺទឹកនោមផ្អែម។ ផ្ទុយទៅវិញ អ្នកមានជំងឺទឹកនោម ដែលបានទទួលការព្យាបាលជំងឺអញ្ចាញត្រឹមត្រូវ អត្រាជាតិស្ករក្នុងឈាមរបស់អ្នកជំងឺនោះ ក៏ងាយគ្រប់គ្រង។ មានន័យថា ព្យាបាលអញ្ចាញអាចគ្រប់គ្រងជំងឺទឹកនោមបានប្រសើរឡើង។ យន្តការនេះជាភស្តុតាងបញ្ជាក់ថា ជំងឺទឹកនោមផ្អែមនិងជំងឺអញ្ចាញមានអន្តរកម្មគ្នាទៅវិញមក យ៉ាងខ្លាំង។ ហេតុដូច្នេះហើយបានជា បើតាមលោកវេជ្ជបណ្ឌិត Adrian Brun ដដែល គ្រូពេទ្យបារាំងបានបញ្ចូលការព្យាបាលជំងឺរាកស៊ីធ្មេញ ទៅក្នុងកម្មវិធីព្យាបាលជំងឺបង្ករោគរ៉ាំរ៉ៃជាច្រើន មានជាអាទិ៍ជំងឺទឹកនោមផ្អែមនេះឯង។ គ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ Lariboisière ប្រទេសបារាំង កំពុងចាប់ផ្តើមយុទ្ធនាការ សិក្សាដ៏ធំមិនធ្លាប់មានមួយ គឺតាមដានសុខភាពរបស់គ្រប់អ្នកជំងឺទើបមានគ្រោះថ្នាក់ស្ទះឬដាច់សរសៃឈាមខួរក្បាល ស្ត្រូប ជាភាសាអង់គ្លេស ឬអាវេសេ ជាភាសាបារាំង ក្រោយពីបានទទួលការព្យាបាលសុខភាពមាត់ធ្មេញអញ្ចាញ ដើម្បីអាចវាស់ស្ទង់អំពីផលប៉ះពាល់នៃកំណកនៅលើផ្ទាំងសរសៃឈាម និងហានិភ័យនៃការលាប់ជំងឺស្ត្រូប។
ថាមិនត្រូវ អនាគតទៅគេប្រហែលជាអាចត្រូវប្រកាសថា ការថែរក្សាសុខភាពមាត់ធ្មេញ គឺជាសរសរទ្រូងនៃការកាពារជំងឺសរសៃឈាមបេះដូង ផងក៏ថាបាន។ មានន័យថា បើការការពារអញ្ចាញ គឺជាការការពារបេះដូងនិងខួរក្បាលឬ?
ដើម្បីការពារនិងថែរក្សាអញ្ចាញ ក្រុមគ្រូពេទ្យជំនាញ មានអនុសាសន៍បីយ៉ាង៖
- កុំធ្វើដូចគ្មានហេតុអ្វីកើតឡើង នៅពេលចេញឈាមអញ្ចាញ។ ឈាមអញ្ចាញនៅពេលដុះសម្អាតធ្មេញ មិនមែនជារឿងធម្មតាទេ។ ដុះធ្មេញចេញឈាម ជាសញ្ញាប្រាប់ថា មានករណីរលាកអញ្ចាញបណ្តាលមកពីកំណកបាក់តេរីនៅក្រោមអញ្ចាញ។ នៅពេលឃើញអញ្ចាញចេញឈាម មនុស្សជាច្រើននាំគ្នាប្រយ័ត្នលែងដុះធ្មេញត្រង់តំបន់ដែលហូរឈាមនោះ។ តែជាការគិតខុសព្រោះមិនសម្អាតធ្មេញនឹងធ្វើឱ្យស្ថានភាពអញ្ចាញរលាកកាន់តែធ្ងន់ធ្ងរ។ ផ្ទុយទៅវិញ ត្រូវប្រឹងនិងបន្ថែមការសម្អាតធ្មេញ ដោយជ្រើសរើសច្រាសដែលមានសរសៃទន់ តែតឹងណែនល្អ។ ពីរបីថ្ងៃដំបូង អញ្ចាញបន្តចេញឈាមកាន់តែច្រើនជាងមុនបន្តិច នៅពេលដុះសម្អាត រួចក៏ចាប់ចុះថយបន្តិចម្តងៗនៅពេលស្ថានភាពរលាកចាប់ធូរ។ ប្រើកូនច្រាសចាក់ចន្លោះធ្មេញ។ រាក់ស៊ីធ្មេញ តែងចាប់ផ្តើម ក្នុងករណីភាគច្រើន នៅត្រង់ចន្លោះជើងធ្មេញ ពីធ្មេញមួយទៅធ្មេញមួយ គឺត្រង់កន្លែងដែលច្រាសធម្មតាមិនអាចដុះដល់។ ខ្សែទាក់សម្អាតធ្មេញ ជាទូទៅ ក៏មិនទាន់គ្រប់គ្រាន់ដែរ។ គេចាំបាច់ត្រូវតែប្រើច្រាសចាក់ធ្មេញដែលមានសរសៃអាចអូសទាញបាក់តេរីចេញពីគល់និង ចន្លោះធ្មេញអស់។ ការប្រើប្រាស់ច្រាសចាក់ធ្មេញ ជាការសម្អាតធ្មេញបន្ថែមពីលើការងារច្រាសធម្មតា និងជាផ្នែកនៃការព្យាបាលរោគរាក់ស៊ីធ្មេញ។ បើមិនប្រើច្រាសចាក់ចន្លោះធ្មេញទេ មានន័យថាផ្ទៃធ្មេញប្រមាណ៤០% មិនបានទទួលការសម្អាតដោយត្រឹមត្រូវ។ ច្រាសចាក់ធ្មេញមិនដូចគ្នាគ្រប់ម៉ាកទេ និងមានច្រើនលេខ។ ត្រូវជ្រើសរើសច្រាសណាដែលមានសរសៃញឹក ទន់ ធំល្មមនឹងចន្លោះធ្មេញ ពេលចាក់ចូលទៅវាអាចដុះធ្មេញនិងអញ្ចាញ ដោយមិនបាច់ប្រឹង។ បើចាក់ចូលទៅធូរៗក៏គ្មានប្រសិទ្ធភាពដែរ។ ថែទាំសុខភាពជាទូទៅ។ ជក់បារី មិនព្យាបាលជំងឺទឹកនោមផ្អែមឱ្យត្រឹមត្រូវ មានរបបអាហារគ្មានលំនឹង បង្កើនគ្រោះរាក់ស៊ីធ្មេញខ្លាំងណាស់។ អញ្ចាញរលាក អញ្ចាញខ្សោយ តែងឆ្លុះឱ្យឃើញអំពីស្ថានភាពសុខភាពនៃរាងកាយទាំងមូល។ តាមដាន ថែថួនសុខភាពអញ្ចាញ មាត់ធ្មេញ ដោយទៅជួបគ្រូពេទ្យឱ្យបានទៀងទាត់ បញ្ចេញសកម្មភាពលុបបំបាត់កត្តាហានិភ័យ នឹងជួយរក្សាលំនឹងសុខភាពមាត់ធ្មេញនិងសរីរាង្គកាយទាំងមូល ប្រកបដោយចីរភាព៕