
នៅលើពិភពលោក មានមនុស្សប្រមាណ៣០% មានបាតជើងរាបស្មើសំប៉ែត។ ជើងសំប៉ែត ដែលសម្គាល់ដោយបាតជើងរាបស្មើប៉ះដី ជាប់ឈ្មោះមិនសូវល្អទេ និងអាចបង្កផលរំខាន ដល់សុខភាពផង។ តើជើងសំប៉ែតពិតជាមានផលវិបាកនិងគ្រោះថ្នាក់ដល់សុខភាពមែនឬ? បើមែនតើត្រូវធ្វើដូចម្តេច?
នៅប្រទេសបារាំង បាតជើងសំប៉ែត ជាប់ឈ្មោះអាក្រក់ថាបង្កផលវិបាកដល់សុខភាពច្រើន។ ប៉ុន្តែបើតាមការសិក្សាបែបវិទ្យាសាស្ត្រ បាតជើងរាបស្មើ (ឬបាតជើងសំប៉ែត) មិនមែនជាករណីកម្រទេ និងក៏មិនពិតជាជះផលវិបាកអាក្រក់ ដល់សុខភាពខ្លាំង ដូចអ្វីដែលគេធ្លាប់គិតពីមុនមកឡើយ។ នៅលើពិភពលោក មនុស្សប្រមាណពី៣០ទៅ៤០%មានបាតជើងរាបស្មើសំប៉ែត។
ដើម្បីបានដឹងថាជើងរបស់អ្នកមានលក្ខណៈរាបស្មើសំប៉ែតឬអត់នោះ សូមសាកល្បងពិនិត្យមើលស្នាមជើងសើមរបស់លោកអ្នកនៅពេលដាក់លើដី ឬឥដ្ឋស្ងួត។ ប្រសិនបើអ្នកឃើញស្នាមបាតជើង ពេញទាំងមូល នោះអ្នកមានបាតជើងរាបស្មើហើយ។
បាតជើងសំប៉ែតរាបស្មើមានច្រើនប្រភេទ៖ ជើងសំប៉ែតក្នុងវ័យកុមារ ឬវ័យជំទង់ និងបាតជើងសំប៉ែតរបស់មនុស្សចាស់ ឬនិយាយសរុបដោយខ្លី គឺ បាតជើងរាបស្មើពីកំណើត និងបាតជើងរាបស្មើដែលកើតឡើងនៅពេលធំ (មនុស្សចាស់)។
បាតជើងរាបស្មើពីកំណើត ឬជាជំងឺ
ជាទូទៅក្មេងកើតមកភ្លាម ច្រើនតែមានបាតជើងសំប៉ែតរាបស្មើ រហូតដល់អាយុ៤-៥ឆ្នាំយ៉ាងតិច។ បន្ទាប់មក តាមរយៈការលូតលាស់ធំធាត់នៃសរីរាង្គកាយ បាតជើងរបស់ពួកគេនឹងប្រែប្រួល លែងរាបសំប៉ែតនៅពេលធំពេញវ័យ ដោយមានបាតខូងបន្តិច ឬខ្លាំង។ ករណីជើងសំប៉ែតក្នុងវ័យ កុមារ និងជំទង់នេះ មិនមែនជាជំងឺទេ និងគ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ។ គ្រាន់តែមានករណីខ្លះ ទម្រង់បាតជើងសំប៉ែតអាចបណ្តាលមកពីភាពមិនប្រក្រតីពីកំណើត ដោយមានឆ្អឹងណាមួយខុសប្រក្រតី ឬតំណឆ្អឹងផ្សាភ្ជាប់គ្នាមិនបានល្អ។ ដើម្បីដឹងថា បាតជើងរាបស្មើបណ្តាលមកពីភាពមិនប្រក្រតីនៃឆ្អឹងឬអត់នោះ សូមសាកល្បងឱ្យក្មេងឈរជំទើតលើចុងជើង។ បើបាតជើងខូងហើយកែងជើងទាញបែរមកខាងក្នុង នោះគ្មានបញ្ហាឆ្អឹងទេ។ តែបើបាតជើងនៅតែត្រង់រាបស្មើ ហើយកែងជើងមិនខ្វេចូលក្នុងទេ នោះគេអាចសង្ស័យថាឆ្អឹងណាមួយនៃជើងដុះលូតលាស់ខុសប្រក្រតីហើយ។
ចំពោះ បាតជើងរាបស្មើរបស់មនុស្សធំពេញវ័យវិញ អាចជាករណីរូបសាស្ត្របន្តពីកំណើត ដែលមិនមែនជាជំងឺ និងអាចជាភាពរាបស្មើនៃបាតជើង ដែលលេចឡើងបន្តិចម្តងៗទៅតាមពេលវេលា ដោយមាឌធាត់ ដោយភាពចាស់ជរា ដោយការធ្លាក់ស្រុតចុះនៃឆ្អឹង (ឆ្អឹងពុក- រលាកសន្លាក់ឆ្អឹង) ដោយការចុះខ្សោយនៃសរសៃពួរដែលចងទ្រប្រអប់ជើង នៃសាច់ដុំ ឬជាផលវិបាកបន្សល់ទុកក្រោយការបុកទង្គិចគ្រាំ ដូចជាធ្លាប់មានគ្រោះថ្នាក់ដាច់ចុងសរសៃពួរ នៅកែងជើង។ នៅដំណាក់កាលដំបូង ជើងធ្លាក់សំប៉ែត គ្មានបញ្ចេញរោគសញ្ញា។ ទាល់តែយូរៗ និងធ្ងន់ធ្ងរខ្លាំង ទើបមានលេចអាការៈសញ្ញាឈឺ ត្រង់ម្តុំកជើងឡើង នៅពេលដើរច្រើនឬឈរយូរ។
បើតាមអ្នកជំនាញ បាតជើងសំប៉ែតត្រូវបានចាត់ទុកជាជំងឺនៅពេលណាដែលវាបង្កឱ្យមានការឈឺចុកចាប់ផ្សេងៗប៉ុណ្ណោះ។
ក្នុងករណីភាគច្រើន បាតជើងរាបស្មើពីកំណើតមិនបង្កឱ្យមានបញ្ហាអ្វីធ្ងន់ធ្ងរជាពិសេសទេ។ គ្រាន់តែថា អ្នកមានបាតជើងសំប៉ែតពេក ងាយនឹងឆាប់ហត់ជើងនៅពេលដើរ។ អ្នកមានបាតជើងសំប៉ែត ជាមនុស្សមិនសូវធន់នឹងដំណើរដើរឈរយូរ ដូចអ្នកមានបាតជើងខូងទេ។
ផ្ទុយទៅវិញ បាតជើងសំប៉ែតដែលណ្តាលមកពីឆ្អឹងស្រុតបន្តិចម្តង ព្រោះវ័យ ព្រោះមានបញ្ហាឆ្អឹង ហើយមាននិន្នាការដើរកែកជើងចូលក្នុង អាចបង្កការឈឺចុកចាប់យ៉ាងខ្លាំងនៅប្រអប់ជើង នៅកជើង ដល់ជង្គង់ និងឡើងតឹងដល់ចុងសរសៃកែងជើងយ៉ាងខ្លាំង ព្រមទាំងធ្វើឱ្យអ្នកជំងឺបាត់បង់លំនឹងនៅពេលដើរទៀត។ ក្នុងករណីបែបនេះ បាតជើងសំប៉ែត ក្លាយជាជំងឺ ដែលតម្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកប្រអប់ជើង ដើម្បីរកដំណោះស្រាយចាំបាច់។
តើគេអាចទប់ស្កាត់កុំឱ្យបាតជើងធ្លាក់ទៅជារាបស្មើបានដែរឬទេ?
ដើម្បីបញ្ចៀស បញ្ឈប់ ឬកាត់បន្ថយគ្រោះបាតជើងវិវឌ្ឍទៅសំប៉ែតរាបស្មើ កាយវិការដំបូងគេបង្អស់គឺជាដោះស្រាយកត្តាដែលនាំឱ្យស្ថានភាពជើងកាន់តែធ្ងន់ធ្ងរ ដូចជាត្រូវបញ្ចុះទម្ងន់ ត្រូវប្តូរកុំពាក់ស្បែកជើងរាបស្មើ។ ជាស្បែកជើងមានទ្រនាប់ប៉ោង កល់ទល់បាតជើងឬមានកែងបន្តិច។
ការវិវឌ្ឍនៃបាតជើងទៅសំប៉ែត អាស្រ័យទៅលើមូលហេតុ។ បើជាបាតជើងសំប៉ែតធម្មតារបស់ក្មេង ពាក់តែទ្រនាប់ស្បែកជើងពិសេសសម្រាប់ជើងសំប៉ែត បូកនឹងលូតលាស់ធំធាត់តាមធម្មជាតិរបស់កុមារ គ្រប់គ្រាន់នឹងកែទម្រង់បាតជើងបាន ចំពោះច្រើនករណីណាស់។ ចំពោះបាតជើងសំប៉ែតបណ្តាលមកពីភាពមិនប្រក្រតីនៃតំណឆ្អឹងជើង អមដោយអាការៈឈឺចុកចាប់វិញ មធ្យោបាយទំនងត្រូវសាកល្បងព្យាបាលដោយការវះកាត់។ ចំណែកបាតជើងសំប៉ែតដោយហេតុភាពទ្រុឌទ្រោមនៃឆ្អឹងចុះថយជាលំដាប់ទៅតាមពេលវេលា ត្រូវគិត
គូររកពាក់ទ្រនាប់ពិសេសសម្រាប់ជើងឈឺ ហើយបើនៅតែមិនគ្រប់គ្រាន់ធូរស្បើយ គ្រូពេទ្យជំនាញអាចនឹងសម្រេចព្យាបាលដោយវិធីវះកាត់ដែរ។
តើត្រូវជ្រើសរើសទ្រនាប់ស្បែកជើងយ៉ាងដូចម្តេច?
ប្រើទ្រនាប់បន្ថែមក្នុងស្បែកជើង សឹងជាការចាំបាច់សម្រាប់គ្រប់អ្នកមានបាតជើងរាបស្មើ មិនថាជាបាតជើងរាបស្មើពីកំណើត ឬបាតជើងសំប៉ែតជាជំងឺទេ។ ទ្រនាប់ជើង អាចជួយកាត់បន្ថយអាការៈឈឺបណ្តាលមកពីភាពសំប៉ែតនៃជើងបានច្រើន។ ទ្រនាប់នេះមានសណ្ឋានប៉ោងឡើងបន្តិចត្រង់នៅកណ្តាលផ្នែកខាងក្នុងនៃបាតជើង និងចុងកែងជើង ដើម្បីទប់កល់បាតជើងផ្នែកកណ្តាលឱ្យកោង និងលើកផ្នែកខាងក្រោយនៃកែងជើងឱ្យឡើងខ្ពស់បន្តិច។ ក្រោយពិនិត្យវិនិច្ឆ័យរួច គ្រូពេទ្យជំនាញផ្នែកប្រអប់ជើង នឹងចេញវេជ្ជបញ្ញាឱ្យកាត់ទ្រនាប់ស្បែកជើង ដែលជាទូទៅមានបញ្ជាក់អំពីកំរិតភាពកោងនៃបាតជើងនិងជ្រុងខាងក្នុងនៃកែងជើងផង។ ទ្រនាប់ជើងនេះត្រូវដាក់ទ្រាប់នៅក្នុងស្បែកបិទជិត និងជ្រើសរើសពាក់ស្បែកជើងណាដែលត្រូវជើងមែនទែន។ សូមចៀសវាងកុំពាក់ស្បែកជើងរាបស្មើ តែត្រូវពាក់ស្បែកជើងមានកែងកម្ពស់ប្រមាណពីពីរ-បីសង់ទីម៉ែត្រ ដើម្បីឱ្យប្រអប់ជើងកោងទេរ ខ្ពស់ខាងក្រោយសំយុងទៅខាងមុខ។
ថ្វីបើបាតជើងសំប៉ែត មិនមែនជាបញ្ហាឬជំងឺធ្ងន់ធ្ងរមែន ប៉ុន្តែអ្នកមានរូបសាស្ត្របែបនេះ តែងមានជើងឆាប់ហត់ ឆាប់ឈឺខ្នង និងរួយចង្កេះនៅពេលដើរ។ ដើម្បីជួយសម្រួលសាច់ដុំ ជួយកាត់បន្ថយអាការៈជើងឆាប់ហត់ឆាប់ឈឺ គ្រូពេទ្យជំនាញប្រអប់ជើង សូមណែនាំឱ្យអ្នកមានបាតជើងរាបស្មើ ធ្វើលំហាត់ជើង ដោយឧស្សាហ៍ធ្វើកាយវិការដូចខាងក្រោមនេះ ឱ្យបានញយៗ ៖
- ប្រឹងឈរជំទើតលើចុងជើង រួចទម្លាក់ចុះមកវិញដោយថ្នមៗ ជាច្រើនដង សូមលើកជើងដាក់លើកាំខាងលើមួយកាំ ដោយសង្កត់លើកែងជើង ហើយបង្ហើបផ្នែកខាងមុខ ចុះឡើងៗ។ ឈរនៅលើផ្ទៃរាបស្មើ ដាក់ជើងម្ខាងទៅមុខ ម្ខាងទៅក្រោយ រួចបន្ទុចម្ខាង ដើម្បីទាញពន្លាសាច់ដុំកំភួនជើង បោះក្រដាសជូតមាត់ឬវត្ថុស្រាលៗស្តើងៗផ្សេងៗទៀត រួចប្រឹងប្រើម្រាមជើងក្រសោបចាប់ក្រដាសជូតមាត់នោះឡើង។
លំហាត់បែបនេះ អាចជួយកាត់បន្ថយអាការៈនឿយហត់របស់សាច់ដុំជើងបាន និងអាចធ្វើជាច្រើនដងក្នុងមួយថ្ងៃ៕