សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា?
03 June 2026

សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា?

នាទីសុខភាពនិងអនាម័យ

About

សំឡេង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​យ៉ាង​ដល់សុខភាព​សរីរាង្គកាយ។ ​សំឡេងអាច​នាំ​ឱ្យ​មាន​វិបត្តិ​ដំណេក និង​ ​​​អាច​ធ្វើ​ឱ្យ​ត្រចៀក​​ថ្លង់បាន​។

ខុស​ពី​សរីរាង្គ​ចក្ខុ ត្រចៀក​មិន​ចេះ​សម្រាក​ទាល់​តែ​សោះ​។ គេ​មិន​អាច​បិទ​ត្រចៀកឱ្យ​ជិត​ឈឹង​​លែង​ឮ​អ្វី​​ ដូច​បិទ​ភ្នែក​លែង​មើល​ឃើញ​អ្វីទាំងអស់ឡើយ​។ នៅ​ពេល​យប់ ពេល​សំរាន្ត​​លក់​ ​ត្រចៀក​នៅ​តែ​បន្ត​ឮ​សំឡេងដដែល គ្រាន់​តែ​​ពេល​ខ្លះ​សំឡេង​នោះ​មិន​រំខាន​ដល់​ភ្ញាក់ តែប៉ុណ្ណោះ។ ប៉ុន្តែ​ ដោយ​ជាក់​ស្តែង​ទៅនោះ ​ត្រចៀក​នៅ​តែ​ទទួល​ឮសំឡេង ដែល​អាច​​ប៉ះពាល់ និង​​គំរាម​កំហែង​ច្រើន​ណាស់​ដល់​សុខភាព ផ្លូវ​កាយផង ផ្លូវ​អារម្មណ៍​ផង និង​អាច​បង្ក​ឱ្យ​មាន​វិបត្តិ​ដំណេក​ទៀត។

សំឡេង​និង​ដំណេក

សំឡេង​ថ្លង់​រំខាន​​ ជា​​​ប្រភព​នាំ​ឱ្យ​មាន​​វិបត្តិ​ដំណេក ដែល​មនុស្ស​ភាគ​ច្រើន​ មើល​រំលង។ សំឡេង​ឆ្កែព្រុះ មាន់​រងាវ សំឡេង ស៊ីផ្លេ ​ឡាន ម៉ូតូ ​សំឡេង​ម៉ាស៊ីនរោទិ៍​ ខារ៉ាអូខេ សំឡេង​ភ្លេង​ សំឡេង​ក្តូងក្តាំង សំឡេងមនុស្ស​​ឡូឡា​ជជែកគ្នា​ ... សំឡេង​ទាំងអស់​នេះ បាន​​បង្អាក់ និង​រំខាន​ចង្វាក់​ដំណេក​ខ្លាំងណាស់ បើ​ទោះ​បី​ជា​អ្នក​ធ្លាប់​​លែង​ភ្ញាក់​ក៏​ដោយ ក៏​ដំណេក​របស់​អ្នក​គ្មាន​គុណភាព​ដែរ។ នៅ​ពេល​ភ្ញាក់​ឡើង​ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​អស់​កម្លាំង​ សំរាន្ត​មិនបានគ្រប់​គ្រាន់ ​មិន​ឆ្អែត​ ជា​ប្រាកដ។​ ដោយ​មូលហេតុ​សំឡេង​នេះ ​ទើប​អ្នក​ធ្វើ​ការ​យប់​សម្រាក​ថ្ងៃច្រើន​តែមាន​​វិបត្តិដំណេក​ និងបញ្ហាសុខភាព​​​ធ្ងន់ធ្ងរ​ជាង​មនុស្ស​ធម្មតា។

ពាក្យ​​ថា​វិបត្តិ​ដំណេក គឺ​អាច​ជា​អាការៈ​ ៖

-​ ពិបាកឬ​ក្រដេក​លក់​

- ភ្ញាក់​កណ្តាល​យប់​ញយ​ និង​ ភ្ញាក់យូរ​ទម្រាំ​លក់​ទៅវិញ

- រយៈ​ពេល​សរុប​​នៃ​ម៉ោង​ដំណេក​ខ្លី​ជាង​ធម្មតា

- វដ្ត​ដំណេកប្រែប្រួល ដំណាក់កាល​លង់លក់​និង​ដំណាក់កាលលក់​ស្កប់ស្កល់​យល់​សុបិន្ត​ខ្លី​

តាម​ដំណើរ​ធម្មជាតិ ចង្វាក់​ដំណេក​របស់​មនុស្សប្រៀប​ដូច​ជា​រលក​ឡើង​ចុះ​ៗ និង​វិល​ទៅវិលមក ​​ចំនួន​៤ទៅ​៥​វគ្គ ដែល​ក្នុង​មួយ​វដ្តៗ មាន​រយៈ​ពេល​ប្រមាណ​៩០​នាទី ហើយ​​ចែក​ចេញ​ជា​បី​ដំណាក់កាលធំៗទៀត គឺ​ដំណាក់កាល ​លក់​រលីវៗ ដំណាក់កាល​លង់លក់​ និង​ការ​លក់​ស្កប់ស្កល់យល់​សប្តិយល់​សូង។

នៅពេល​គ្មាន​សំឡេងអ្វីមករំខាន មនុស្ស​នឹង​លង់លក់​ស្កប់​ស្កល់​យល់​សប្តិ​ នៅ​២៦​នាទី​ជាមធ្យម ក្រោយ​ចូលសំរាន្ត។ ផ្ទុយទៅ​វិញ បើ​មាន​សំឡេង ឆ្កែព្រុះ សំឡេង​ឡាន​ សំឡេង​មនុស្សឡូឡា មករំខាន នោះ​គេ​ត្រូវ​ការប្រើ​ពេលដល់​ទៅ ៣៣នាទី​ទៅ​៥៣​នាទី​ជាមធ្យម ទើប​អាចលក់​ដល់​ដំណាក់កាល​ស្កប់ស្កល់​បាន។ សំឡេង​ ត្រឹម​កំរិត៣៥ទៅ​៤០ដេស៊ីបែល តែ​​បី​នាទី​យ៉ាង​ច្រើន ឬខ្លី​ជាងនេះផង នៅ​ដំណាក់កាលលក់រលីវៗ អាចដាស់​អ្នក​កំពុង​ដេក​​ឱ្យ​ភ្ញាក់វិញ​បាន។​ បើ​លក់ចូល​​ដល់​ដំណាក់កាល​លង់ខ្លាំង​និង​ស្កប់ស្កល់ អាំង​តង់​ស៊ីសំឡេង​ពី​៥០​ទៅ ៨០​ដេស៊ីបែល​ ទើប​អាច​ធ្វើ​ឱ្យ​ភ្ញាក់បាន។

សំឡេង​មាន​ច្រើន​ប្រភេទ​និង​កំរិត។ បើ​ជា​សំឡេង​បែប​ស្រទន់ មានទំនុក​ រងំ ថេរ​មិន​ឡើង​ចុះ អាច​ជួយ​បង្កើន​គុណភាព​ដំណេក។​​ ផ្ទុយ​ទៅវិញ​ជា​សំឡេង​ឆូង​ឆាង មួយ​ឆាប​លេច​ឡើង​​នៅ​ដំណាក់កាល​កំពុង​លង់​លក់​ខ្លាំង ជា​ការ​កាត់​ដំណេក​ដាល់​មនុស្ស​ឱ្យ​ភ្ញាក់​ក្រងាង​សើងមម៉ើង នោះ​អាក្រក់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​​ខួរក្បាល។ សំឡេង​​កើត​ឡើង​នៅ​ពេល​ទើប​នឹង​លក់ នៅ​ពេល​ជិត​ភ្ញាក់​ ត្រូវ​បាន​គេ​ចាត់ទុក​ជា​ការ​រំខាន​ខ្លាំង​អាក្រក់​បំផុត​នៃ​ដំណេក។

សំឡេង​និង​ផលវិបាក​​ចំពោះសុខភាព

ការ​រំខាន​នៃសំឡេងចំពោះ​ដំណេក ​អាចជះ​ផលវិបាក​ភ្លាមៗ ដល់​ជីវិត​រស់នៅ​ប្រចាំ​ និងដល់​សុខភាព​នៅ​ថ្ងៃអនាគត។

ផលវិបាក​ភ្លាមៗ មាន​ដូច​ជា​ ងងោកងងុយ​​នៅ​ពេល​ធ្វើការ នៅសាលា​ ឬនៅ​ពេលបើកបរ។ មាន​អារម្មណ៍​​អស់កម្លាំង​ ហត់ល្វើយ។ ពិបាក​ផ្ចង់អារម្មណ៍​ធ្វើការ រៀនសូត្រ។ មាន​បញ្ហា​ក្នុង​ការសិក្សា និង​ការ​ចងចាំង។ មានអារម្មណ៍​មួរហ្មង និងមាននិន្នាការ​ឆាប់​ខឹង ឬ​ឆេវឆាវ។

ថ្វី​បើការប្រឈមនឹង​សំឡេង​រំខាន​នៅ​ពេល​យប់ ​យូរៗ​ទៅ​ អាចធ្វើ​ឱ្យ​ត្រចៀក​ទម្លាប់​បានមែន ប៉ុន្តែគេត្រូវ​ការ​ប្រើពេលយូរ​ថ្ងៃ និងអាចច្រើន​សប្តាហ៍​ផង ទម្រាំទម្លាប់​នឹងសំឡេង ហើយ​ធ្វើ​ឱ្យ​​គុណភាព​ដំណេក​អាច​ប្រសើរ​ឡើង​បាន​។ ជាង​នេះ​ទៅទៀត ការសិក្សា​បានបង្ហាញ​ឱ្យ​ឃើញ​ថា បើ​ទោះ​បី​ជា​យើង​អាច​​​ទម្លាប់​នឹងសំឡេង​រំខាន​បាន​ ហើយ​អាច​គេង​លក់​បាន​យ៉ាង​ស្កប់ស្កល់​ល្អ​ក៏​ដោយ ក៏សំឡេង​អាច​និង​បន្តរំខាន​ដំណើរ​ការ​​របស់​សរីរាង្គ​​ជីវសាស្ត្ររបស់​អ្នក​ដេក​ដដែល។ ដូច្នេះ បើ​ត្រូវ​ប្រឈម​នឹង​សំឡេងយូរៗ​ខែយូរ​ឆ្នាំទៅ​ ផលវិបាក​អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង ទៅ​ថ្ងៃក្រោយ ដូច​ជា​អាច​មាន​ជំងឺ​ហត់​អស់​កម្លាំងល្ហិតល្ហៃ​ខ្លាំង​ជា​ប្រចាំ។ ងងុយ​ខ្លាំង​នៅ​ពេល​ថ្ងៃ។ សមត្ថភាព​ការងារ​ធ្លាក់​ចុះ។ បាត់​បង់​ឆន្ទៈ​ក្នុង​ការងារ។ ក្លាយ​ជាមនុស្ស​កាចខឹង​គេខឹងឯង។

ដើម្បី​បញ្ចៀស​វិបត្តិ​នេះ ត្រូវ​បង្កើត​លលក្ខខណ្ឌល្អ​សម្រាប់​ដំណេក ដោយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​បន្ទប់​គេង​ គ្មាន​សំឡេង​លើសពី​៣០​ដេស៊ីបែល មិនឮ​សំឡេង​រំខាន មួយ​ឆាប លើស​ពី​៤៥​ដេស៊ីបែល។ សូមចង​ចាំ​ថា សំឡេង​ចាប់​ពី​៥៥​ដេស៊ីបែលឡើង​ទៅ​ អាច​បង្កើន​សម្ពាធ​ឈាមឱ្យ​ឡើង​ខ្ពស់​បាន។ ក្រុម​មនុស្ស​ខ្លះ មិន​អាច​ទ្រាំ​នឹង​សំឡេង​បាន​ទេ ត្រឹម​តែ​៣០​ដេស៊ីបែលក៏​អាចរំខាន​​ដល់​សុខភាព​ពួក​គេបាន​ហើយ។ ដាក់​ឆ្នុកបិទ​ត្រចៀក​ អាច​កាត់​បន្ថយ​​ការ​ឮ​សូរ​សំឡេង​រំខានបាន ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ដំណោះស្រាយ​បណ្តោះ​អាសន្ន​តែប៉ុណ្ណោះ។ ជួសជុល​ផ្ទះ ជាពិសេស​បន្ទប់​គេង ដោយ​ដាក់​ជញ្ជាំង​កាត់​សំឡេង​ ជាមធ្យោបាយ​យូរអង្វែង​​ជាង​គេ​ ប្រឆាំងនឹងការរំខាននៃ​សំឡេង​ចំពោះ​ដំណេក។

ក្រៅ​ពី​បង្ក​ឱ្យ​មាន​វិបត្តិដំណេក បើ​តាម​គេហទំព័រ​របស់​ទី​ភ្នាក់ងារ​ធានារ៉ាប់រង​សុខភាព​សាធារណៈ​ក្រុង​ប៉ារីស ប្រឈម​នឹង​សំឡេង​​ខ្លាំងៗ​យូរ​ខែ​ យូរថ្ងៃ​ អាច​នឹង​ធ្វើ​ឱ្យត្រចៀក​កើត​រោគ​ថ្លង់​បាន។ សំឡេង​ជា​​ហានិភ័យ​នាំ​ឱ្យ​មាន​អាការៈ​ថ្លង់​ មាន​ចំណង​ទាក់ទង​នឹង​គ្នា​យ៉ាង​ច្បាស់​លាស់ ​តាម​បែប​វិទ្យាសាស្ត្រ​។ សំឡេង​ថ្លង់​ជា​ការ​រំខាន ដូច្នេះ​សំឡេង​ជា​ប្រភព​បង្ក​ឱ្យ​មាន​ស្ត្រេស​ ដោយ​អាច​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​មួរហ្មង ឆាប់​ខឹង ឆេវឆាវ ឡើង​កាច​និង​បាក់​ទឹក​ចិត្ត។ នៅ​ពេល​ឮ​សំឡេង​រំខាន សរីរាង្គកាយ​យើង​នឹង​មាន​​ប្រតិកម្ម​ ​បញ្ចេញ​អរមូន​មួយ​ចំនួន ដូច​ជា​អរមូនអាដ្រេណាលីន និង​Cortisol ដែល​ទៅ​បង្កើន​ហានិភ័យ​ឱ្យ​មាន​ជំងឺ​សរសៃឈាម​បេះដូង  ឡើង​ឈាម ​ស្លោកស្ទះ​បេះដូង Infarctus។

ចំពោះ​ទារក​ក្នុង​ផ្ទៃវិញ​ ដែល​ចាប់​ឮ​សំឡេង​ខ្លះ​នៅ​អាយុ​បី​ខែ​​វិញ បើ​គ្មាន​សំឡេង​សោះ ប្រព័ន្ធ​សោតវិញ្ញាណរបស់ទារក​មិន​​អាច​លូត​លាសបាន​ល្អ​ទេ តែបើ​ឮសំឡេងរំខានច្រើនជ្រុល​ពេក ប្រព័ន្ធ​សោតវិញ្ញាណ​នឹង​ត្រូវ​ខូច​ខាត​ទៅ​វិញ។ ប្រព័ន្ធ​សោតវិញ្ញាណ​របស់​ទារក​និង​កុមារ នឹង​លូតលាស់​ពេញ​លេញ​ល្អនៅ​អាយុ​​៨ឆ្នាំ៕