
ចូលដល់អាយុប៉ុន្មានទើបចាត់ទុកថាចាស់? ភាពចាស់របស់មនុស្សម្នាក់ៗ អាចអាស្រ័យទៅលើមាត់អ្នកថា ដូចពាក្យលេងសើចដែលថា អាយុគ្រាន់តែជាតួលេខ។ ប៉ុន្តែបើតាមវិទ្យាសាស្ត្រ ភាពចាស់របស់មនុស្ស មានអាយុច្បាស់លាស់ និងឆាប់ជាងការគិតរបស់យើងឆ្ងាយណាស់។
កាលនៅតូចចង់ឆាប់ធំ។ តែដល់ពេលចាស់ចង់នៅក្មេង ចង់ឱ្យគេថានៅក្មេង។ បើដូច្នេះសួរថាតើមនុស្ស ចាស់ នៅអាយុប៉ុន្មាន? នេះជាសំណួរដែលគ្មានចម្លើយស្របគ្នាទេ។
សួរមនុស្ស១០នាក់ ចម្លើយច្បាស់ជាខុសគ្នាទាំង១០។ សម្រាប់ក្មេងអាយុជាង១០ឆ្នាំ មនុស្សចាស់ គឺក្រុមអ្នកមានអាយុជាងសាម តែដល់ពេលខ្លួនឯងចូលវ័យសាមឬសែសិបឆ្នាំ អ្នកមានអាយុជាងហា ជាងហុក ទើបជាមនុស្សចាស់។ ពាក្យថា “ចាស់” នឹងរំកិលប្តូរផ្លាស់ ជារៀងរហូត។ មនុស្សចាស់ គឺជាអ្នកដែលមានអាយុច្រើនជាងយើងពី១០ទៅ១៥ឆ្នាំ។
ប៉ុន្តែភាពចាស់មិនមែនជាការគណនាអាយុ ដូចធ្វើលេខបូកលេខដកទេ។
មនុស្សម្នាក់ៗសុទ្ធតែមានទស្សនៈខុសៗគ្នា ចំពោះអាយុ និងភាពចាស់។ អាយុសន្នត់ថាចាស់ប្រែប្រួលទៅតាមប្រទេស និងវប្បធម៌។ បើតាមការស្ទង់មតិរបស់វិទ្យាស្ថានស្ទង់មតិនយោបាយនិងមតិសង្គម Ispos ឆ្នាំ២០១៩ ចូលដល់អាយុ៦៩ឆ្នាំត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ហើយ នៅសង្គមបារាំង។ ប៉ុន្តែមនុស្សម្នាក់រាប់ថា “ចាស់” នៅអាយុ៧០ឆ្នាំ សម្រាប់ក្រុមប្រទេសនៅអាមេរិកឡាទីន - ៦៦ឆ្នាំនៅក្នុងប្រទេសជប៉ុន និងត្រឹមតែ៥៦ឆ្នាំនៅម៉ាឡេស៊ី។ ក្នុងសង្គមការងារ បុគ្គលិកមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ ត្រូវបានចាត់ទុកថាមនុស្សវ័យចំណាស់ហើយ។ ផ្ទុយទៅវិញ ក្នុងពិភពវេជ្ជសាស្ត្រ វ័យចំណាស់ត្រូវរុញដល់អាយុ៧០ឆ្នាំ មានន័យថាគ្រូពេទ្យ “ចាស់” នៅអាយុ៧០ឆ្នាំ។
ទាំងអស់នេះជាឧទាហរណ៍ដែលបង្ហាញឱ្យឃើញថា គ្មានទេចម្លើយច្បាស់លាស់មួយយ៉ាងពិតប្រាកដ ទៅនឹងសំណួរ “ចាស់នៅអាយុប៉ុន្មាន” នោះ។ មានកត្តាច្រើនណាស់ដែលចូលរួមចំណែកកំណត់ភាពចាស់របស់មនុស្ស។ ភេទ ពូជសាសន៍ជាតិកំណើត វប្បធម៌ និងសុខភាព មានឥទ្ធិពលខ្លាំងទៅលើភាពចាស់ឬក្មេងរបស់មនុស្សម្នាក់ៗ។ អាយុនិងភាពចាស់ ក៏អាស្រ័យផងដែរទៅលើការយល់ឃើញរបស់មនុស្សខ្លួនឯង និងមនុស្សដទៃ។ គេអាចបែងចែកជាអាយុជាបីប្រភេទ
- អាយុពិត (អាយុគិតតាមថ្ងៃកើត អាយុដែលមានចុះក្នុងលិខិតកំណើតជាផ្លូវការ) អាយុក្នុងសង្គម (ដែលអ្នកក្រៅឱ្យ) និងអាយុក្នុងអារម្មណ៍ (ដែលម្ចាស់ខ្លួនផ្ទាល់ទទួលអារម្មណ៍ពិតផុសចេញពីបេះដូង ពីក្នុងខ្លួនមក)។ អាយុនេះអាចលម្អៀងខុសគ្នា ដល់ទៅ១០ឆ្នាំពីអាយុពិត។
ប៉ុន្តែក្រៅអំពីទស្សនៈនិងអារម្មណ៍យល់ឃើញពីភាពចាស់ វិទ្យាសាស្ត្រក៏មានសេចក្តីពន្យល់ទាក់ទងនឹងភាពចាស់របស់សរីរាង្គកាយមនុស្សដែរ។
វេជ្ជបណ្ឌិត នៅមហាវិទ្យាល័យវេជ្ជសាស្ត្រនិងមន្ទីរពេទ្យក្រុងលីល មជ្ឈមណ្ឌលតែមួយគត់នៅប្រទេសបារាំងដែលសិក្សាអំពីបញ្ហានេះ លោក Éric Boulanger ជំនាញផ្នែកមនុស្សចាស់ បានអះអាងថា សញ្ញានៃភាពចាស់របស់មនុស្សបានលេចឡើងយ៉ាងឆាប់ ជាងការគិតរបស់យើងឆ្ងាយណាស់។ “បើយោងតាមផ្នែកជីវសាស្ត្រ មូលេគុលចាប់លោតភ្លើងនិងផ្តល់សញ្ញា Warning ថាអ្នកចាប់ផ្តើមចាស់ នៅអាយុ៣៤ឆ្នាំ”។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Boulangère ដោយពន្យល់បន្ថែមទៀតថា ចូលដល់អាយុ៣៤ឆ្នាំ មូលេគុលចាប់ផ្តើមបាត់បង់តួនាទីខ្លះៗ ម៉ាសមាឌសាច់ដុំចាប់ស្រកចុះ ម៉ាសឆ្អឹងក៏ផ្តើមថយ។ ដំណើរការផ្នែក ចំណេះដឹង បញ្ញាញាណ ក៏ដូចគ្នា ហាក់ចាប់មានសកម្មភាពយឺតជាងមុន។ ភាពចាស់របស់ជាលិកាក្នុងសរីរាង្គកាយមនុស្សចាប់មានល្បឿនស្ទុះលឿនខ្លាំងនៅអាយុចន្លោះពី៤៤-ទៅ៥៥ឆ្នាំ។
ការសិក្សាមួយទៀត របស់សកលវិទ្យាល័យអាមេរិកStanford បានរកឃើញថាភាពចាស់របស់មនុស្សបានពន្លឿនខ្លាំង ជាបីដំណាក់កាល គឺនៅអាយុ ៣៤ឆ្នាំម្តង ៦០ឆ្នាំម្តង និង៧៨ឆ្នាំម្តងទៀត។
តែគ្រប់អ្នកជំនាញ សុទ្ធតែមានជំហរដូចគ្នាទាំងអស់ ថា មានក្បួនរក្សាខ្លួនឱ្យនៅក្មេងបានយូរ។ អាយុគ្រាន់តែជាតួលេខ? ក្មេងឬចាស់ អាស្រ័យនៅលើខ្លួនយើង?
អាយុស្ថិតនៅលើចិត្ត ! នេះជាទស្សនៈរបស់លោកសាស្ត្រាចារ្យវេជ្ជសាស្ត្រឯកទេសភាពចាស់នៃមនុស្ស Bertrand Fougère នៅសកលវិទ្យាល័យនិងមន្ទីរពេទ្យក្រុងទួរ តាមរយៈការចំណាយចងក្រងជាសៀវភៅអប់រំ ឧទ្ទិសដល់សិល្បៈនៃដំណើរឆ្ពោះទៅរកភាពចាស់ ក្រោមចំណងជើងថា L’âge, C’est dans la tête! On finira tous par vieillir autant s’y préparer jeune ឬអាចបកប្រែថា “អាយុស្ថិតនៅលើចិត្ត” ! យើងនឹងចាស់គ្រប់គ្នា ចឹងគួរតែត្រៀមខ្លួនពីក្មេងទៅ។
សៀវភៅស្តីពី “អាយុស្ថិតនៅលើចិត្ត” មានបំណងផ្តល់សារដ៏សំខាន់មួយ ទៅកាន់មនុស្សលោកថា មនុស្សមិនអាចចៀសចាស់រួចទេ ដូច្នេះត្រូវត្រៀមលក្ខណៈឱ្យបានល្អ និង ត្រូវយល់ថា ភាពចាស់ គឺជាគុណប្រយោជន៍ ជាសំណាងរបស់មនុស្ស។ ប្រសិនបើមិនអាចនៅដល់ចាស់បាន មានន័យថាមានហេតុអាក្រក់មកកាត់ ដូចជាឈឺ ឬស្លាប់ តាំងពីក្មេង។ គ្រាន់តែថាមនុស្សលោកបច្ចុប្បន្ន ចង់រស់នៅដល់ចាស់ ដោយស្ថិតនៅក្មេងជានិច្ច៖ កម្លាំងជើងដើរយឺតៗមួយៗទៅហើយ តែចង់ឱ្យខ្លួនប្រាណមានសណ្ឋានដូចនៅអាយុ៣០ឆ្នាំ ចង់មានជីវិតផ្លូវភេទដូចពីក្មេង តែលែងអាចទៅរួចហើយ ... នេះជាប្រសាសន៍ប្រៀបធៀបរបស់លោកសាស្ត្រាចារ្យ ដោយបញ្ជាក់ថា ចាស់ល្អ ជាចាស់ដែលបានត្រៀមលក្ខណៈសម្របខ្លួនទៅតាមវ័យ សម្របខ្លួនទៅតាមការប្តូរផ្លាស់ ដែលមិនអាចគេចបាន។ បន្ថែមពីលើការត្រៀមលក្ខណៈតាមផ្លូវចិត្ត គេក៏ត្រូវទ្រទ្រង់ផ្លូវកាយ ឱ្យបានល្អដែរ ព្រោះសរីរាង្គកាយល្អ ទើបក្បាលដើរស្រួល។
ដូចវេជ្ជបណ្ឌិតបារាំង និងក្រុមគ្រូពេទ្យអាមេរិកដែរ បើតាមលោកសាស្ត្រាចារ្យ Fougère សរីរាង្គកាយមនុស្សចាប់ផ្តើមប្តូរផ្លាស់ (ចាស់) នៅពេលចូលវ័យខ្ទង់សាម។ មនុស្សពេញមានសុខភាពល្អ ដល់កំរិតកំពូលនៅពេលសរីរាង្គកាយលូតលាស់ឡើងពេញល្អដល់កំរិតកំពូល នៅអាយុ៣០ឆ្នាំ។ បន្ទាប់ពីឡើងដល់កំរិតកំពូលហើយ វានឹងធ្លាក់ចុះមកវិញ តាមសម្រួល ដោយយឺតៗ ឬដោយរអិលលឿន អាស្រ័យទៅលើបរិយាកាសជុំវិញជាក់ស្តែង។ មានន័យថា សុខភាពមនុស្ស នឹងចាប់ចុះថយបន្តិចម្តងៗ ទៅតាមការចម្រើនវ័យដែរ។ លោកសាស្ត្រាចារ្យ Fougère បានពន្យល់ថា បាតុភូតបាត់បង់ម៉ាសសាច់ដុំ ឆ្អឹង ជាឧទាហរណ៍ ប្រព្រឹត្តទៅដោយសន្សឹមៗដោយគ្មានអ្នកចាប់អារម្មណ៍ឡើយ ព្រោះនៅពេលចម្រើនវ័យចូលដល់ជាង៣០ឆ្នាំ មិនថាស្ត្រីឬបុរសទេ ច្រើនតែមានអារម្មណ៍ថាឡើងទម្ងន់។ តែតាមការពិតនោះ មកពីសាច់ដុំល្អបានរួមចុះ ឯសាច់ដុំខ្លាញ់បានដុះឡើងមកបិទបាំងមិនឱ្យឃើញការបាត់បង់សាច់ដុំល្អ។
ចាប់ពី៣០ឆ្នាំឡើងទៅ ទំហំសាច់ដុំចាប់ស្រក បន្តិចម្តងៗរហូតបាត់បង់ដល់ទៅ៥០% នៅអាយុ៨០ឆ្នាំប្រសិនបើយើងមិនប្រឹងបញ្ចេញសកម្មភាពរាងកាយ។ បើគ្មានភាពសកម្ម ពុំ បញ្ចេញចលនាទេ នោះតួនាទីរបស់សរីរាង្គកាយទាំងអស់ នឹងធ្លាក់ចុះ ទៅតាមវ័យ។
ចំពោះការចងចាំ។ នៅពេលចាស់ សរីរាង្គខួរក្បាលក៏ចាស់ទៅតាមវ័យពីមួយថ្ងៃទៅមួយថ្ងៃដែរ ប៉ុន្តែពុំមានមែនន័យថាចាស់ទៅភ្លេចច្រើន ត្រូវវង្វេងវង្វាន់នោះទេ។ ខួរក្បាលរបស់មនុស្សចាស់ ប្រៀបដូចជាទូរសៀវភៅមួយ ដែលញុកទៅដោយសៀវភៅច្រើនឡើងៗ ទុកគយូរៗទៅច្រើនពោរពាស ដែលច្បាស់ជាពិបាករកឃើញនៅពេលចង់បាន ព្រោះភ្លេចមិនដឹងសៀតកន្លែងណា។ តែបើចេះរៀបទុកដាក់ ឱ្យមានសណ្តាប់ធ្នាប់នោះគេនឹងមិនភ្លេចឡើយ។ ឯការភ្លេចភ្លាំងជាជំងឺរវង្វេងវង្វាន់បាត់បង់ខួរក្បាលវិញ គឺជាជំងឺ។ ដើម្បីបញ្ចៀសជំងឺប៉ះពាល់នឹងខួរក្បាលនេះ ត្រូវការពារខ្លួនតាំងពីក្មេង ពីការប៉ះទង្គិច ឱ្យគ្រាំក្បាល។ ការលេងកីឡាប្រដាល់ កីឡាជល់ប៉ះក្បាល ដួលត្រូវក្បាលសុទ្ធសឹងជាហានិភ័យនាំឱ្យមានគ្រោះកើតជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ ខួរក្បាលនៅពេលចាស់។
ចាស់ទៅនៅក្មេង ត្រូវឱ្យពេលនៅក្មេងមានសុខភាពល្អ និងជីវិតល្អ។ ចាស់មានសុខភាពល្អ ត្រូវមានសមត្ថភាព៦យ៉ាង គឺសមត្ថភាព ចងចាំ ធ្វើចលនា ទទួលទានអាហារ មើលឃើញ ស្តាប់យល់ និងសមត្ថភាពគ្រប់គ្រងអារម្មណ៍។
ដើម្បីរក្សាសមត្ថភាពទាំង៦នេះ ការធ្វើចលនាសកម្មភាពកាយសម្បទា សកម្មភាពផ្លូវកាយ ជាសរសរទ្រូងសំខាន់ជាងគេ។ ធ្វើចលនាផ្លូវកាយ ជាទម្រង់នៃការហាត់ប្រាណធ្វើកីឡាបែបប្រឹងស៊ូយូរផង បែបធន់និងពង្រឹងសាច់ដុំផង ព្រោះវាអាចជាថ្នាំបង្ការជំងឺផ្សេងៗជាច្រើន ដូចជា ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺរ៉ាំរ៉ៃ និងជាថ្នាំជំនួយអារម្មណ៍ ជំនួយដំណេក ជំនួយចំណង់អាហារ។ ចំណីអាហារក៏មិនត្រូវធ្វេសប្រហែស ! ទទួលទានតែអាហារឧស្សាហកម្ម កែច្នៃ ហ្វាសហ្វូដ រាល់ថ្ងៃនៅពេលក្មេងមិនអាចជួយឱ្យក្លាយជាមនុស្សចាស់មានសុខភាពល្អបានទេ។
ចំណែកដំណេកវិញ ចាស់ទៅមិនមែនត្រូវការសំរាន្តតិចទេ តែនៅពេលចាស់ សំរាន្តយប់ចេះតែឧស្សាហ៍ភ្ញាក់ ព្រោះវដ្តដំណេកខ្លីនិងស្រាលងាយភ្ញាក់។ ត្រូវរក្សាដំណេកឱ្យបានយ៉ាងតិច៦ម៉ផងក្នុងមួយថ្ងៃ។ ៦ទៅ៨ម៉ោងជារយៈពេលត្រឹមត្រូវ។ តែបើសំរាន្តថ្ងៃពីរម៉ោងហើយ យប់បានត្រឹមបួនម៉ោងក៏អាចគ្រប់។ មនុស្សជាសត្វរស់ជាហ្វូង ដូច្នេះត្រូវរក្សាទំនាក់ទំនងសង្គម។ ភាពឯកានិងការរស់តែឯង ជាមហន្តរាយធំណាស់សម្រាប់មនុស្សចាស់៕