ជំងឺ​គ្មានកូន ក្លាយ​ជាអាទិភាព​នៃ​សុខភាព​សាធារណៈ​ពិភពលោក
10 December 2025

ជំងឺ​គ្មានកូន ក្លាយ​ជាអាទិភាព​នៃ​សុខភាព​សាធារណៈ​ពិភពលោក

នាទីសុខភាពនិងអនាម័យ

About

នៅ​ថ្ងៃ​សុក្រ​ទី​២៨​វិច្ឆិកា២០២៥ ជា​លើក​ទីមួយ អង្គការសុខភាពពិភពលោក បាន​ចេញ​ផ្សាយ​សេចក្តី​ណែនាំ​ពិភពលោក ទាក់ទង​នឹង​ជំងឺ​អារ (គ្មាន​កូន) ដែល​កើត​មាន​លើ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ នៅ​លើ​ភពផែនដី។ ហេតុ​អ្វី​អង្គការ​សុខភាព​ចេញ​សេចក្តី​ណែនាំ​នៅពេល​នេះ? តើ​សេចក្តី​ណែនាំ​មាន​ខ្លឹមសារ​និង​កម្មវត្ថុ​យ៉ាងណា?

ក្នុង​ពេល​ដែល ប្រទេស​ជា​ច្រើន​នៅលើ​ពិភពលោក កំពុង​ស្វែង​រក​ដំណោះស្រាយ​ប្រយុទ្ធ​ជំរុញ​អត្រា​កំណើត ប្រឆាំង​នឹង​វិបត្តិ​ប្រជាសាស្ត្រ ព្រោះ​ប្រជាពលរដ្ឋកាន់​តែ​ចាស់ អង្គការ​សុខភាពពិភពលោក បាន​ចេញ​អនុសាសន៍​ណែនាំ ជា​លើកទីមួយ ចំនួន ៤០​ចំណុច​ ពាក់ព័ន្ធ​នឹង​ជំងឺ​អារ គ្មាន​កូន​ ដែល​បានក្លាយ​ជា ​អាទិភាព​មួយ​នៃ​សុខភាព​សាធារណៈ​ពិភពលោក។

​ពីមុន​មក និងក្នុង​រយៈ​ជា​ច្រើន​ឆ្នាំកន្លង​មកនេះ ជំងឺ​អារមិន​​សូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់ទេ​ និង​ច្រើន​តែត្រូវ​បាន​គេ​​មើល​រំលង បើ​ទោះ​បី​ជា​មាន​ទិន្នន័យ​ និង​ការសិក្សា​ជា​ច្រើន បង្ហាញ​ថា “គ្មានកូន” អាច​បង្ក​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​ខួរ​ក្បាល ដល់​ផ្លូវចិត្ត កើត​ជា​ជំងឺ​បាក់ទឹក​ចិត្ត ជំងឺ​ព្រួយ​ថប់​បារម្ភ ក៏​ដោយ។

គ្មាន​កូន​ជាវិបត្តិ​ដែល​បាន​ញាំញី​ មនុស្ស​ប្រមាណ​ជាង​១៧​%  នៅលើ​ពិភពលោក ឬ​ ត្រូវ​ជា​​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៦នាក់។ នេះ​បើ​តាមទិន្នន័យ​​ឆ្នាំ​២០២៣ ផ្សព្វផ្សាយ​ដោយ​អង្គការ​សហប្រជាជាតិ ដោយ​បញ្ជាក់​ថា​​​ជំងឺ​អារ​បាន​កើន​ឡើង​ទៅ​គ្រប់​ទិស​ទី​ តែ​ការ​ព្យាបាល​នៅ មាន​កំរិត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​សុខភាពពិភពលោក​ចាប់​ផ្តើមពង្រឹង​ការ​ផ្តល់​ព័ត៌មានទាក់ទង​នឹង​ជំងឺអារ​ផង ទាក់ទង​នឹង​ការ​ព្យាបាលជំងឺ​​អារ​ដោយ​ប្រើ​ថ្នាំ និង​ដោយការ​ធ្វើ​តេស្ត​វិនិច្ឆ័យរោគ​អារ​ផង។ ហើយ​នៅ​ថ្ងៃ​នេះ​ ជា​ដំណាក់​កាល​ថ្មី អង្គការ​សុខភាពពិភពលោក​បាន​ចេញ​សេចក្តីណែនាំ​កំរិត​ពិភពលោក។ បើ​គ្មាន​អនុសាសន៍​ច្បាស់​លាស់​ទេ អ្នក​ជំនាញ មន្ទីរពេទ្យ​ នីមួយៗ​អាច​ប្រើ​ អាច​ជ្រើសរើស​វិធីសាស្ត្រ​ព្យាបាល​ របៀប​អនុវត្ត តាម​​ស្តង់ដារ ផ្សេងៗ​គ្នា ជាមួយ​លទ្ធផល​ក៏​ខុស​គ្នាខ្លាំង​​ដែរ។ តែ​បើ​មាន​សេចក្តីណែនាំ ជា​គោល​មួយ ដោយ​ឈរ​លើ​មូលដ្ឋាន​និង​ទិន្នន័យ​វិទ្យាសាស្ត្រ​ ​គុណភាព​​ព្យាបាល​នឹង​បាន​ប្រសើរ​ឡើង។ គ្រប់​ប្រទេស​ជា​សមាជិក អាច​យក​សេចក្តីណែនាំ​នេះ​ទៅ​ធ្វើ​ជា​គំរូ​សម្រាប់​រៀប​ចំ​កម្មវិធី​ជាតិ​​សម្រប​តាម​ស្ថានភាព​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​គិត​គូរ​ដល់​ជំងឺ​អារ ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ពោល​គឺ​ទាំង​ផ្នែក​នយោបាយ​សុខភាព​សាធារណៈ ហិរញ្ញវត្ថុ​និង​ការ​ផ្តល់​សេវាកម្មព្យាបាល។

ព្យាបាល​រោគ​គ្មាន​កូន ថ្លៃ​ខ្លាំង

គ្មានកូន​ជា​វិបត្តិ​ដែល​អាច​កើត​មានលើ​​មនុស្ស​គ្រប់ស្រទាប់ ​​វណ្ណៈ​ ពណ៌​សម្បុរ​ និង​គ្រប់​ទិស​ នៃ​ភព​ផែនដី។ ប៉ុន្តែ​គ្រប់​គ្នា​មិន​ប្រាកដ​ថា​នឹង​អាចមាន​លទ្ធភាព​ទទួល​បានការ​ព្យាបាល​ទេ។ សេវា​ថែទាំ​និ​ងព្យាបាល​រោគ​អារ មាន​វិសមភាព​ខ្លាំង​ណាស់ ជា​ពិសេស​ នៅ​ប្រទេស​ក្រីក្រ​និង​មធ្យម​។ សូម្បី​តែនៅក្នុង​ប្រទេស​អ្នក​មាន​ ដែល​សេវា​សុខភាព​​​ល្អ​សម្បូរបែប​​ខ្លាំង ក៏​​សេវា​ផ្នែក​បន្ត​ពូជ​ ផ្តុំ​គ្នា​ច្រើន​នៅ​ទីក្រុង​ធំៗ និង​កម្រ​មាន​នៅ​ទីជនបទ​ណាស់។ ដូច្នេះ​ អ្នក​ក្រីក្រខ្លាំង អ្នក​មាន​ការអប់​រំ​ទាប  អ្នករស់នៅ​ជនបទ ក្រុម​ជនភាគតិច​ដែល​រង​ការ​រើស​អើង​ស្រាប់ សុទ្ធ​សឹង​ជា​អ្នក​ដែល​មិន​ងាយ​បាន​ទទួល​សេវា​ថែទាំ​ព្យាបាល​សុខភាព​បន្ត​ពូជ ជាពិសេស​ព្យាបាល​រោគ​អារ​នេះ​ទេ។

ជាង​នេះ​ទៅ​ទៀត ជា​ការ​ពិត​មិនអាច​ប្រកែក​បាន​ នៅ​តាម​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម តម្លៃ​ព្យាបាល​រោគ​អារ ខ្ពស់​កប់​ពពក។ ចង់​បាន​កូន​អាច​នឹង​ធ្វើ​គ្រួសារ​ធ្លាក់​ក្រ​ផង។ បើ​តាម​ការ​សិក្សា​​ស្តី​ពី​ចំណាយ​របស់​គូស្វាមី​ក្នុង​ការ​ព្យាបាល​រោគ​អារ បាន​សម្គាល់​ឃើញ​ថា ​ ​តម្លៃ​ព្យាបាល នៅ​ប្រទេស​ក្រីក្រ​និង​មធ្យមភាគ​ច្រើន ​​ ថ្លៃ​ហួស​កំរិតថវិកា​​ចំណាយ​ផ្នែក​សុខភាព។ ពាក្យ​ថា​ថ្លៃ​ហួស​ចំណាយ​ បើ​តាម​អង្គការ​សុខភាព​ពិភពលោក គឺ​នៅ​ពេល​ចំណាយ​ព្យាបាល​ខ្លួន មាន​ចំណែក​ធំ​ជាង​ចំណាយ​សម្រាប់ចិញ្ចឹម​​គ្រួសារ​ ហើយ​អាច​ធ្វើ​ឱ្យ​គ្រួសារ​ធ្លាក់​ខ្លួន​ក្រ​ ឬ​តម្រូវ​ឱ្យ​ជ្រើសរើស​បោះបង់​សេចក្តី​ត្រូវ​ការ​ចាំបាច់​ណាមួយ។ ក្នុង​ករណី​ខ្លះ ចំណាយ​ព្យាបាល​ដើម្បី​បានកូន អស់​ច្រើន​ជាង​ចំនូល​ប្រចាំ​ឆ្នាំ​ដល់​ទៅ​ទ្វេ​ដង​ (១០០ទៅ​២០០%​លើស​ចំណូល​សរុប​ពេញ​មួយ​ឆ្នាំ)។ មាន​គូ​ស្រករ​ច្រើន​ណាស់ បាន​បង់​ប្រាក់​អស់​ច្រើន​ហួសហេតុ​ ដើម្បី​បាន​កូនទីមួយ។ ឯការ​ពឹង​លើ​បច្ចេកទេស​បង្ក​កំណើត​ខាង​ក្រៅ​ (Fécondation in Vitro FIV) រួច​ទើប​ចាក់​បញ្ចូលក្នុងស្បូន​ស្ត្រី ​ថ្លៃ​ខ្លាំង​ណាស់ រហូត​ធ្វើ​ស្វាមី​ភរិយា​អាច​ធ្លាក់​ខ្លួន​ក្រ​បាន ឬ​ត្រូវ​បង្ខំ​ចិត្ត​អត់​កូន​រហូត។

ស្ត្រី​អារ ស្រួល​ព្យាបាល​ជាង​បុរសអារ?

បើ​តាម​និយម​ន័យ​របស់​អង្គការ​សុខភាព​ពិភពលោក អារ​ជា​ជំងឺអសមត្ថភាព​ផ្នែក​​ប្រព័ន្ធ​បន្ត​ពូជ ដោយ​មិន​អាច​បង្ក​កំណើត​បាន ​បើ​ទោះ​បី​ជា​​គូ​ស្វាមី​ភរិយា​រួម​រស់​ជា​មួយ​គ្នា​ តាម​គន្លង​ជីវិត​ ដោយ​គ្មាន​ការការពារ ​អស់​រយៈ​ពេល​​១២​ខែ។ មូលហេតុ​គ្មាន​កូន អាច​បណ្តាលមកពីភាគី​ខាង​ស្រី ភាគី​ខាង​បុរស​និង​មក​ពី​​ប្តី​និង​ប្រពន្ធទាំងពីរ​នាក់​ ក្នុង​ចំណែក​ស្មើៗ​គ្នា ហើយ​មួយ​ភាគ​តូច រក​មូលហេតុ​មិន​ឃើញ​ ឬ​មិន​អាច​ពន្យល់​បាន​។ តែ ដោយ​ជាក់​ស្តែង​ ឱ្យ​តែ​ប្តី​ប្រពន្ធ​គ្មានកូន​ គេ​ច្រើន​តែ​បន្ទោស​ ទម្លាក់​កំហុស​ភ្លាម​ទៅ​លើ​ស្ត្រី។ ​នេះ​មាន​ន័យ​ថា បុរស​មិន​សូវ/មិនហ៊ាន​ជួប​គ្រូពេទ្យ មិន​​ទៅ​ព្យាបាល​ មិន​ទៅ​ធ្វើ​រោគ​វិនិច្ឆ័យ ទំនួល​ខុស​ត្រូវ​ទាំង​អស់​ត្រូវ​ធ្លាក់​លើ​ស្ត្រី។ ជា​ផលវិបាក​ស្ត្រី​អាច​រង​ទុក្ខ​ និង​រងគ្រោះ ធ្ងន់ធ្ងរ។ ៣៦%​នៃ​ស្ត្រី​គ្មាន​លទ្ធភាព​ពរពោះ បាន​រង​អំពើហិង្សា​ក្នុង​គ្រួសារ​ ខ្លះ​រង​សម្ពាធ​ខ្លាំង​ពេក​ដល់​ថ្នាក់​លែង​លះ​។​

ការ​រើស​អើង​នេះ​ បែង​ចែក​ភេទ​នេះ មាន​ទំហំ​ធំធេង​ណាស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​ចេញ​អនុសាសន៍​ឡើង ដើម្បី​វែក​បំភ្លឺ​ឱ្យ​ឃើញ​ថា ជំងឺ​អារ ជា​វិបត្តិ​សុខភាព​សាធារណៈ​ដ៏​ចម្បង ដែល​ចាំបាច់​ត្រូវ​មាន​អន្តរាគមន៍​វេជ្ជសាស្ត្រ និង​សង្គម។ អ្នក​មាន​បញ្ហា​ពិបាក​បង្ក​កំណើត​កូន​ត្រូវ​ដឹង​អំពី​អាការៈ​ជំងឺ​អារ និង​អាច​ដឹង​ថា​ជំងឺ​អារ​អាច​ព្យាបាល​បាន​ជោគជ័យ។​

វេជ្ជសាស្ត្រ​បាន​យល់​និង​ដឹង​ច្រើន​អំពីវិបត្តិ​អសមត្ថភាព​ពរ​ពោះ​របស់​ស្ត្រី និង​មាន​មធ្យោបាយ​ព្យាបាល​ច្រើន​សម្រាប់​ផ្តល់​ជូន​ស្ត្រី។ តែ​បុរស​ក៏​ត្រូវ​រួស​រាន់​មក​រោគ​វិនិច្ឆ័យ​ដែរ។ នៅ​ក្នុង​អនុសាសន៍​ អង្គការ​សុខភាព​ពិភពលោក បានគូស​បញ្ជាក់​ថា​អាជ្ញាធរ​សុខាភិបាល និង​គ្រូពេទ្យ​អាច​ចូល​រួម​ចំណែក​បង្ការ​ជំងឺ​អារ​បាន ដោយ​ត្រូវ​បញ្ជ្រៀប​ឱ្យ​អំពី​កត្តា​ហានិភ័យ​នាំ​ឱ្យ​មាន​គ្រោះ​គ្មាន​កូន ដូច​ជា​ការ​ជក់​បារី មាន​ជំងឺ​កាមរោគ (ជំងឺ​ឆ្លង​តាម​ផ្លូវភេទ) ​មិន​ព្យាបាល​៕