
នៅប្រទេសបារាំង មួយភាគបីនៃមនុស្សធំ មានរោគឈឺចាប់រ៉ាំរ៉ៃ។ មិនថាជាការឈឺចាប់សន្លាក់ សាច់ដុំ ឬសរសៃទេ រោគសញ្ញានេះរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃខ្លាំងណាស់។ មិនតែប៉ុណ្ណោះ ការឈឺចាប់រ៉ាំរ៉ៃអាចបង្កើនហានិភ័យកើតជំងឺឡើងឈាមទៀត។
ការឈឺចាប់គឺជារោគសញ្ញាដែលជួបជាញឹកញាប់ដែលអាចបណ្ដាលមកពីកត្តារាងកាយ និងកត្តាផ្លូវអារម្មណ៍។ ដោយសារផ្នត់គំនិតដែលគិតថា មានជំងឺ គឺត្រូវតែមានការឈឺចាប់ជារឿងធម្មតា គេច្រើនតែមើលរំលងរោគសញ្ញាឈឺចាប់ភាគច្រើន។ ប៉ុន្តែរោគសញ្ញាឈឺចាប់អាចបង្កជាផលវិបាក ប្រៀបដូចជាទុក្ខវេទនារបស់អ្នកជំងឺ ដែលអាចបណ្ដាលអោយមានការវិត្តន៍ទៅជាការឈឺចាប់រ៉ាំរ៉ៃ និងរំខានដល់ការរស់នៅ ជាពិសេសសម្រាប់អ្នកជំងឺក្រោយវះកាត់ និងអ្នកជំងឺមហារីក ដែលកំពុង កើនឡើងជាគួរអោយកត់សម្គាល់។ ដូច្នេះ ការគ្រប់គ្រងការឈឺចាប់ប្រកបដោយប្រសិទ្ធភាព គឺជាកាតព្វកិច្ចសំខាន់សម្រាប់គ្រូពេទ្យ និងជាសមាសធាតុមូលដ្ឋាននៃសេវាព្យាបាលថែទាំ។
ការឈឺចាប់រ៉ាំរ៉ៃជាជំងឺ?
ការឈឺចាប់ សម្គាល់ដោយការឈឺឆ្អឹងឆ្អែង សាច់ដុំ ឬសរសៃ ...តាមធម្មតាជាសញ្ញាដាស់អាសន្នប្រាប់ថាខ្លួនប្រាណរបស់យើងមានបញ្ហាអ្វីមួយ ដូចជាមានជំងឺ មានរបួស មានរលាក។ល។ តែពេលខ្លះ ប្រព័ន្ធដាស់អាសន្នអាចផ្តល់សញ្ញាខុស ឬមិនសមមាត្រនឹងស្ថានភាពជំងឺដែរ។ ជួនដំបៅ ជំងឺជាហើយ ឬគ្មានជំងឺអ្វីផង ក៏មានអាការៈឈឺចាប់ក្នុងខ្លួនដែរ។ ហេតុដូច្នេះហើយបានជា ពេលខ្លះនៅពេលរកមូលហេតុមិនឃើញ គេយល់ថាអាការៈឈឺចាប់របស់អ្នកជំងឺខ្លះ បណ្តាលមកពីអារម្មណ៍ បណ្តាលមកពីមានបញ្ហាផ្លូវចិត្តដោះស្រាយមិនចេញ។
យ៉ាងណាក៏ដោយ ក៏នៅពេលមានការឈឺចាប់អូសបន្លាយពេលវេលា យូរខែយូរថ្ងៃ មិនព្រមបាត់ លើសពីបីខែឡើងទៅ បើទោះបីជាបានទទួលការព្យាបាល និងលេបថ្នាំបំបាត់ការឈឺចាប់ហើយ គេអាចចាត់ទុកការឈឺចាប់នេះថាជាជំងឺ ឬជាការឈឺចាប់រ៉ាំរ៉ៃ។ នៅប្រទេសបារាំង មួយភាគបីនៃមនុស្សធំ មនុស្សពេញវ័យ មានរោគឈឺចាប់រ៉ាំរ៉ៃ។
ការឈឺចាប់រ៉ាំរ៉ៃអាចជាការឈឺក្បាលមួយចំហៀងដោយគ្មានពាក់ព័ន្ធនឹងជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ ការឈឺខ្នង (គ្មានស្នាម គ្មានដំបៅ គ្មានត្រូវវះកាត់) ឈឺសន្លាក់ឆ្អឹង រឹង រលាក ក្រញែងក្រញង់ ដែលមិនអាចព្យាបាលកែកុនឱ្យដូចដើមបាន ឬការឈឺក្រោយគ្រោះថ្នាក់ ឬក្រោយការវះកាត់ ដែលជាប្រភេទនៃការឈឺចាប់លើីប្រព័ន្ធប្រសាទ។ មានជំងឺទឹកនោមផ្អែម និងជំងឺមហារីកខ្លះ ព្រមទាំងជំងឺរ៉ាំរ៉ៃខ្លះទៀត ច្រើនតែមានបង្កប់ជំងឺឈឺចាប់រ៉ាំរ៉ៃមួយទៀត់ ពោលគឺអ្នកជំងឺមានរោគពីរ គឺជំងឺរ៉ាំរ៉ៃដើមមួយ និងការឈឺចាប់រ៉ាំរ៉ៃមួយទៀត។ ជួនថ្នាំព្យាបាលជំងឺដើម បានជាសះស្បើយហើយ តែអាការៈឈឺចាប់រ៉ាំរ៉ៃ នៅតែមានបន្តទៀត។
ការឈឺចាប់រ៉ាំរ៉ៃនាំឱ្យមានជំងឺឡើងសម្ពាធឈាម
ក្រៅអំពីរំខានយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃ ការឈឺចាប់រ៉ាំរ៉ៃ អាចបង្កើនហានិភ័យដល់ទៅ៧៥% ឱ្យមានជំងឺលើសឈាម។ នេះបើតាមការសិក្សាមួយទើបចេញផ្សាយក្នុងទស្សនាវដ្តីHypertension។ ដោយផ្អែកលើឯកសារសុខភាពរបស់មនុស្សធំពេញវ័យចំនួន២០ម៉ឺននាក់ រស់នៅសហរដ្ឋអាមេរិក រយៈពេល១៣ឆ្នាំកន្លះជាមធ្យម អ្នកស្រាវជ្រាវ បានសង្កេតឃើញអំពីផលប៉ះពាល់ប្រចាំថ្ងៃនៃការឈឺចាប់រ៉ាំរ៉ៃទៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ១០%នៃអ្នកស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីសិក្សាពិសោធន៍ ធ្លាក់ខ្លួនមាន ជំងឺ សម្ពាធឈាមបេះដូង (លើសឈាម) ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ។ អ្នកមានការឈឺ ចាប់រ៉ាំរ៉ៃទូទៅពេញខ្លួន មានកំណើនហានិភ័យឡើងសម្ពាធឈាម៧៥%លើសអ្នកគ្មានអាការៈឈឺចុកចាប់សោះ។ ការឈឺចាប់ស្រួចស្រាវ រយៈពេលខ្លី មានហានិភ័យមានសម្ពាធឈាមខ្ពស់ជាងគេធម្មតា១០% ហើយបើជាការឈឺចាប់រ៉ាំរ៉ៃច្បាស់លាស់នៅកន្លែងណាមួយឱ្យប្រាកដ គ្រោះកើតជំងឺលើសឈាមមានខ្ពស់ជាងមនុស្សជា២០%។ ហានិភ័យមានគ្រោះសម្ពាធឈាមខ្ពស់ជ្រុល អាស្រ័យខ្លាំងទៅលើទីតាំងនៃការឈឺចាប់ ៖ អ្នកឈឺពោះរ៉ាំរ៉ៃ មានគ្រោះកើតជំងឺលើសឈាម៤៣%។ ហានិភ័យចុះមកនៅត្រឹមតែ២២% បើជាអាការៈឈឺចាប់រ៉ាំរ៉ៃមួយចំហៀងក្បាល និងតែ១៩%បើជាការឈឺនៅម្តុំកនិងស្មាច្រឡក ឬប្រមាណតែ១៧%សម្រាប់អ្នកមានអាការៈឈឺរ៉ាំរ៉ៃនៅខ្នងនិងចង្កេះ។
ការសិក្សាអាមេរិកដដែលនេះ បានរំលេចឱ្យឃើញទៀតថា ការឈឺចាប់រ៉ាំរ៉ៃនិងការឡើងសម្ពាធឈាម ជាបន្សំដែលទៅចិញ្ចឹមរោគបាក់ទឹកចិត្ត និងការរោលរលាក។ មានន័យថា ឆាប់ផ្តល់ការព្យាបាលជំងឺបាក់ទឹកចិត្តដល់អ្នកមានរោគឈឺចាប់រ៉ាំរ៉ៃ អាចជួយកាត់បន្ថយការគ្រោះកើតជំងឺលើសឈាមបាន។ អ្នកស្រាវជ្រាវបានអំពាវនាវ ឱ្យក្រុមគ្រូពេទ្យ ប្រុងប្រយ័ត្នមើលសម្ពាធឈាមបេះដូងនិងសុខភាពផ្លូវចិត្ត របស់អ្នកឈឺរួយរ៉ាំរ៉ៃ។
ស្ត្រីងាយធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃការឈឺចាប់រ៉ាំរ៉ៃជាងបុរស។ ហេតុអ្វី ?
គេបានដឹងនិងសង្កេតឃើញតាំងពីយូរយារមកហើយ ថាស្ត្រីជាជនរងគ្រោះនៃការឈឺចាប់រ៉ាំរ៉ៃ ខ្លាំងនិងច្រើនជាងបុរស ព្រោះស្ត្រី ជាភេទឆាប់ញោច ឆាប់ដឹង ងាយរសើប។ ប៉ុន្តែបើតាមលោក Geoffroy Laumet ម្ចាស់របាយការណ៍ស្រាវជ្រាវចេញផ្សាយនៅថ្ងៃសុក្រទី២០កុម្ភៈ២០២៦ មិនមែនដោយសារភាពទន់ខ្សោយរបស់ស្ត្រី និងមិនមែនដោយសារអារម្មណ៍ទេ ដែលស្ត្រីងាយមានការឈឺចាប់នោះ។ ស្ត្រីរងការឈឺចាប់រ៉ាំរ៉ៃអូសបន្លាយ បណ្តាលមកពីមូលហេតុជីវសាស្ត្រជាក់ស្តែង គឺយន្តការនៃប្រព័ន្ធការពារខ្លួន។ ចាត់ចែងផ្តល់សញ្ញាឈឺចាប់ ជាតួនាទីរបស់កោសិកានៃប្រព័ន្ធការពារខ្លួន តាមរយៈសកម្មភាពរបស់គ្រាប់ឈាមសម្យ៉ាង។ ហើយយន្តការនៃប្រព័ន្ធការពារខ្លួនរបស់បុរសមានដំណើរការល្អជាងស្ត្រី ទើបអស់លោកប្រុសៗធន់នឹងការឈឺចាប់បានច្រើនជាងស្ត្រី។
នៅក្នុងការស្រាវជ្រាវរបស់លោក Laumet សត្វកណ្តុរ កោសិកានៃប្រព័ន្ធការពារខ្លួន បានបែកចេញពីឈាម ទៅរួមជាមួយជាលិការងរបួស និងបញ្ចេញមូលេគុលទៅបង្ក្រាបកោសិកាប្រព័ន្ធប្រសាទមិនឱ្យឈឺ។ សកម្មភាពនេះមានលក្ខណៈស្វាហាប់ខ្លាំងណាស់សម្រាប់សត្វកណ្តុរឈ្មោល ដោយសារមានជំនួយពីអរមូនផ្លូវភេទបុរសគឺ តេស្តូតេរ៉ូន។ អរមូនបុរសជួយសម្រួលការផលិតមូលេគុលដែលទៅបង្ក្រាបភាពឈឺ។ ជាការប្រៀបធៀបលើមនុស្ស អ្នកស្រាវជ្រាវបានវិភាគឈាមរបស់មនុស្សទៅ ក៏សង្កេតឃើញថាកំរិតគ្រាប់ឈាមស និងមូលេគុលដែលអាចបង្ក្រាបភាពឈឺរបស់បុរស ខ្ពស់ជាងរបស់ស្ត្រី។ ដូច្នេះបើមនុស្សពីរនាក់ស្រីប្រុសរងរបួស ដូចគ្នាក្នុងកំរិតឈឺចាប់ប្រហាក់ប្រហែលគ្នាពីដំបូង មនុស្សប្រុសនឹងជាមុន ដោយការឈឺចាប់របស់បុរសនឹងធ្លាក់ចុះថយយ៉ាងលឿនរហ័សជាងស្ត្រី។ របកគំឃើញនេះ អាចនឹងជួយលុបបំបាត់គំនិតដែលថាស្ត្រីរអ៊ូឈឺព្រោះមាយា និងជាការបើកផ្លូវឱ្យមានការស្រាវជ្រាវរកថ្នាំបំបាត់ការឈឺចាប់ថ្មី មានប្រសិទ្ធភាពខ្ពស់ ព្រោះក្នុងចំណោមថ្នាំបំបាត់ការឈឺចាប់ ជាច្រើនមុខដែលមានធ្វើចរាចរណ៍លើទីផ្សារពិភពលោកបច្ចុប្បន្ន គ្មានមួយណាអាចព្យាបាលរោគឈឺចាប់រ៉ាំរ៉ៃទេ និងក៏គ្មានសោះថ្នាំបំបាត់ការឈឺចាប់សម្រាប់ស្ត្រី។
ធន់នឹងការឈឺចាប់ដោយបង្កើនការធ្វើចលនាកាយសម្បទា
ក្នុងពេលរង់ចាំមានឱសថថ្មីអាចជួយបំបាត់ការឈឺចាប់រ៉ាំរ៉ៃ ប្រកបដោយប្រសិទ្ធភាព ការសិក្សារបស់ន័រវែស បានបញ្ជាក់ថា អ្នកជំងឺដែលសកម្មផ្នែកផ្លូវកាយ ធន់ខ្លាំងនឹងការឈឺចាប់ជាងអ្នកជំងឺចូលចិត្តនៅស្ងៀមខ្ជិលរកតែស្រណុក។ អ្នកបានបង្កើនសកម្មភាពផ្លូវកាយពេលកំពុងព្យាបាលជំងឺ កាន់តែធន់ខ្លាំងថែមទៀតនឹងការឈឺចាប់។ អំណះអំណាងនេះ ជាលទ្ធផលនៃការសិក្សារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យTromso ប្រទេសន័រវែស ដែលវាស់វែងកំរិតនៃភាពធន់នឹងការឈឺចាប់ ដោយឱ្យអ្នកចូលរួមដាក់ដៃក្នុងទឹកត្រជាក់៣អង្សា ឱ្យបានយូរតាមដែលអាចធ្វើទៅបាន តែមិនឱ្យលើសពី១២០វិនាទីទេ។ ដោយគ្មានការភ្ញាក់ផ្អើល អ្នកចូលរួមមានទម្លាប់សកម្មផ្នែកផ្លូវកាយ ទ្រាំបានយូរជាងអ្នកចូលចិត្តស្រណុក។
សម្រាប់អ្នកស្រាវជ្រាវន័រវែស គ្មានអ្វីត្រូវបកស្រាយបំភ្លឺអំពីសមត្ថភាពបំបាត់ការឈឺចាប់នៃការបញ្ចេញសកម្មភាពផ្លូវកាយធ្វើចលនា។ តែលទ្ធផលនៃការស្រាវជ្រាវនេះ ជាការលើកទឹកចិត្តនិងជំរុញបន្ថែមឱ្យគ្រូពេទ្យ អ្នកជំងឺ ជ្រើសរើសបង្កើនសកម្មភាពផ្លូវកាយ និងចាត់ទុកជាការបង្កើនសកម្មភាព ចលនាផ្លូវកាយ ជាថ្នាំ ព្យាបាលកាត់បន្ថយការឈឺចាប់ ឬជាថ្នាំបង្ការការឈឺចាប់រ៉ាំរ៉ៃ។ នៅប្រទេសបារាំង លំហាត់កាយសម្បទា បានក្លាយជាវិធីព្យាបាលគ្រឹះមួយសម្រាប់គ្រប់ជំងឺមានការឈឺចាប់។ តាំងពីឆ្នាំ២០១៧មក អាជ្ញាធរសុខាភិបាល បានចេញផ្សាយពាក្យស្លោកអប់រំ ថា “ឈឺខ្នង ថ្នាំល្អជាងគេគឺធ្វើចលនា”៕