Skip to content
Opens in a new window
ជំងឺកាមរោគ​អាច​ចម្លង​តាមរយៈ​ការ​ប្រើប្រាស់​​បង្គន់សាធារណៈ?
02 September 2026

ជំងឺកាមរោគ​អាច​ចម្លង​តាមរយៈ​ការ​ប្រើប្រាស់​​បង្គន់សាធារណៈ?

នាទីសុខភាពនិងអនាម័យ

About

ដូចឈ្មោះ​ដែល​ហៅ ជំងឺកាមរោគ ជា​ជំងឺដែលបង្ក​ឡើងដោយ​បាក់តេរី ដោយ​វីរុស ឬ​ដោយ​ពពួក​ប៉ារ៉ាស៊ីត និង​ដែល​ចម្លង​តាម​ផ្លូវភេទ នៅ​ពេល​​រួមរក្ស​ដោយ​មិន​ការពារ។ ចុះ​ជំងឺកាមរោគ​អាច​ឆ្លង​ដោយ​ខ្វះ​អនាម័យ ឬ​ដោយ​ការ​ប្រើប្រាស់​បង្គន់​រួម បង្គន់​សាធារណៈ​ដែរឬទេ?

បច្ចុប្បន្ននេះ វេជ្ជសាស្ត្របានស្គាល់ភ្នាក់ងារ​បង្ក​ជំងឺ​កាមរោគ ប្រមាណ​ជាង​៣០​ប្រភេទ ជា បាក់តេរី ជា​វីរុស ​ជា​ប៉ា​រ៉ាស៊ីត ដែល​អាច​ចម្លង នៅពេល​ស្បែក​ប៉ះ​កកិត​គ្នា ក្នុង សកម្មភាព​សេព​សន្ធវៈ មិន​ថា​ជា​ការ​រួមរក្ស​តាម​ទ្វារ​មាស តាម​មាត់ ឬ​តាម​រន្ធ​គូថ​ទេ។  ជំងឺ​កាម​រោគ​ខ្លះ អាច​ឆ្លង​បន្ត​ពី​ម្តាយ​ទៅ​កូន ពេល​នៅក្នុង​ផ្ទៃ ពេល​ឆ្លង​ទន្លេ និង ពេល​បំបៅ​ដោះ ឬ​ចម្លង ពេល​បញ្ចូល​ឈាម ដោយ​ខ្វះ​​ការ​ប្រុងប្រយ័ត្ន គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ។ ជំងឺ​កាមរោគ មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ជំងឺ​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាង​គេ មាន​ដូចជា​ជំងឺ​ប្រមេះ​ទឹកបាយ ប្រមេះ​ទឹកថ្លា ជំងឺ​ស្វាយ ជំងឺ​សិរមាន់ ជំងឺ​ពងទឹក (ពងបែក) ជំងឺ​ទ្រីកូម៉ូណាស ជំងឺ​អេដស៍ និង ជំងឺ​បង្ក​ឡើង​ដោយ​មេរោគHPV (papillomavirus)។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ក៏ ត្រូវ​បាន​ចាត់​ទុក​ជា​ជំងឺ​កាម​រោគ​មួយ​ដែរ។

ក្នុងមួយថ្ងៃៗ មាន​មនុស្ស​នៅ​លើ​ពិភពលោក អាយុ​ពី​១៥​ទៅ​៤៩​ឆ្នាំ ចំនួន​ជាង​១​លាន​នាក់ បាន​ឆ្លង​ជំងឺ​កាម​រោគ ដោយ​ភាគច្រើន​គ្មាន​បញ្ចេញ​រោគ​សញ្ញា និង​អាច​ព្យាបាល​ជា។ បើ​តាម​ការប៉ាន់​ស្មាន របស់​អង្គការ​សុខភាព​ពិភពលោក​ មនុស្ស​ក្នុង​វ័យនេះ​ប្រមាណ​៣៧៤​លាន​នាក់ មាន​ផ្ទុក​ជំងឺ​កាម​រោគ​មួយ ក្នុង​​ចំណោម​ជំងឺ​កាម​រោគ​ដែល​មាន​កើត​ញឹកញាប់​ជាង​គេ ដោយ​អាច​ជា ជំងឺ​ស្វាយ ប្រមេះ ទ្រីកូម៉ូណាស។ ជាង ៨លាន​នាក់ មាន​ជំងឺ​ស្វាយ ជាង ៥២០​នាក់​រស់​ជាមួយ​ជំងឺ​ពង​ទឹក​ និង​ជាង​២៥៤​លាន​នាក់​មាន​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទB នៅ ឆ្នាំ ២០២២។ ស្ត្រីជាង ៣០០​លាន​នាក់​បាន​ឆ្លង​មេរោគ​ប៉ាពីឡូម៉ាវីរុស ដែល​ជា​ដើម​ហេតុ​ដ៏​ចម្បង នាំ​ឲ្យ​មាន​ជំងឺ​មហារីក​នៅ​ក​ស្បូន​ស្ត្រី និង​ជំងឺ​មហារីក​នៅ​រន្ធ​គូថ ចំពោះ​បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា។

ជំងឺ​កាមរោគ ប៉ះពាល់​ខ្លាំង​ណាស់ ដល់​សុខភាព​ផ្លូវភេទ និង សុខភាព​បន្ត​ពូជ។ ក្រៅ​អំពី​បង្ក​ឲ្យ​មា​ន​ផលវិបាក​ភ្លាមៗ ជំងឺ​កាមរោគ អាច​ជះ​ឥទ្ធិពល​អាក្រក់​និង​ធ្ងន់ធ្ងរ​ខ្លាំង។ ជំងឺ​កាម​រោគ​ខ្លះ ដូចជា ជំងឺ​ពងបែក ស្វាយ ឬ​ប្រមេះ អាច​បង្កើន​គ្រោះ​ឆ្លង​ជំងឺ​ស៊ីដា។ ម្តាយ​​មាន​ផ្ទុក​ជំងឺ​កាម​រោគ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​កូន​ស្លាប់​ក្នុង​ផ្ទៃ ឬ​នៅ​ពេល​កើត​មិន​ពេញ​ខែ គ្រោះ​កូន​​តូចស្រាល​​ជ្រុល​​នៅ​​ពេល​កើត ឬ​មាន​ការលូតលាស់​មិន​ត្រឹម​ត្រូវ។ បើ​ជា​ជំងឺ​កាម​រោគ​បង្ក​ឡើង​ដោយ​មេរោគ​ប៉ាពីឡូម៉ាវីរុស ផលវិបាក​អាច​អាក្រក់​ខ្លាំង ព្រោះ​មេរោគ​នេះ ជាដើម​ហេតុ​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​មាត់ស្បូន និង ជំងឺ​មហារីក​ផ្សេង​ទៀត។ បើជា​ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ នោះ​គ្រោះថ្នាក់​អាច​ដល់​ជីវិត។ គ្មាន​ថ្នាំ​ព្យាបាល នៅ​ឆ្នាំ​២០២២ រលាក​ថ្លើម​ប្រភេទ​បេ ដែល​ងាយ​ធ្វើ​ឲ្យ​ថ្លើម​ក្រិន និង​មហារីក បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​១​លាន​១​សែន​នាក់។ ចម្លង​ស្វាយ​ឬ​ប្រមេះ ទៅ​ប្រពន្ធ នឹង​​ធ្វើ​ឲ្យ​ស្ត្រី​មាន​គ្រោះអា​រ មិន​អាច​មាន​កូន។

ការ​ចម្លង​ជំងឺកាមរោគ

ដូចឈ្មោះ​ហៅ ជំងឺ​កាម​រោគ ​ឆ្លង និង​អាច​ចម្លងគ្នា តាមរយៈ​ការ​រួមរក្ស រួម​ភេទ តាម​ទ្វារ​មាស តាម​មាត់ និង តាម​រន្ធ​គូថ មិន​ពាក់ព័ន្ធ​នឹង​កត្តាអនាម័យ​ទេ។ ជំងឺ​កាមរោគ ជា​ទូទៅ មិន​ឆ្លង​ដោយ​គ្រាន់​តែ​​ប្រើប្រាស់​បង្គន់​រួម ឬ​បង្គន់​សាធារណៈ​ ដូច​ជំនឿរបស់​មនុស្ស​ជា​ច្រើន​នោះឡើយ។ ប៉ុន្តែ​ជំនឿនេះ​ខុស​ទាំង​អស់​ស្រុង។ អ្នក​ជំនាញវេជ្ជសាស្ត្រ​​គ្រប់​ជំនាន់​សុទ្ធ​តែ​បញ្ជាក់​​ថា​ជំងឺ​កាមរោគ មិន​​ឆ្លង ដោយ​គ្រាន់​តែ​ទៅ​អង្គុយបន្ទោរបង់​​លើ​បង្គន់ ដែល​មាន​មនុស្ស​អង្គុយជុះ​ច្រើន​តគ្នា​ទេ។ គ្រូពេទ្យ​ជំនាញ​បារាំង​បាន​បញ្ជាក់​យ៉ាង​លម្អិត​ថា​​​ ជំងឺ​បង្ក​រោគ​តាម​ការ​រួមភេទ អាច ឆ្លង​គ្នា នៅពេល ណាភ្នាសរំអិល ទឹករំអិល (ប្រដាប់ភេទ ឬមាត់ ) ប៉ះត្រដុសគ្នា ដែល ជាសកម្មភាពតែងកើតមានឡើង ជាទូទៅ នៅពេលរួមរក្ស។ ដើម្បី​អាច​ឆ្លង​ជំងឺ​កាមរោគ​​នៅពេល​ប្រើ​បង្គន់​សាធារណៈ ល្គិក​ណា​តែ​អ្នក​យក​ភ្នាសរំអិល ប្រដាប់​ភេទ ទៅ​ប៉ះផ្ទាល់​នឹង​ថាស​បង្គន់។ តើ​មាន​នរណា​អង្គុយ​បត់​ជើង​បែបនេះ ! គឺ​គ្មាន​ឡើយ​។ ស្បែក​ភ្លៅ​ផ្នែក​ខាង​លើ​ដែល​ប៉ះផ្ទាល់​នឹង​ចាន​បង្គន់​ពេល​អង្គុយ​ជុះ មិន​ឆ្លង​និង​មិន​ចម្លង​ មិន​បញ្ជូន​មេរោគ​កាម​ ទៅ​ដល់​ប្រដាប់​ភេទ​ឡើយ។ ជាងនេះ​ទៅទៀត មេរោគ​នៃ​ជំងឺកាមរោគមិន​ចេះ​លោត ចេញ​ពី​បុគ្គលអ្នក​ជំងឺ​ទៅ​តោង​លើ​គែម ឬ​ចាន​បង្គន់ និង​ក៏​មិន​អាចធន់​រស់​នៅ​លើ​វត្ថុ​រឹង​ នៅ​ក្នុង​បរិយាកាស​ខាង​ក្រៅ​បាន​ឡើយ។ មីក្រុប​ជា​ភ្នាក់ងារ​បង្ក​ជំងឺកាមរោគ មិនថា​ជា​ប្រភេទ​វីរុស បាក់តេរី ផ្សិត ឬ​ប៉ារ៉ាស៊ីតទេ មិន​ថា​​មេរោគ​ស្វាយ មេរោគ​ប្រមេះ​ឡើយ អាច​រស់​នៅ​ខាង​ក្រៅ​ខ្លួន​មនុស្ស​ បាន​តែ​មួយភ្លែត​ និងមាន​អាយុ​កាន់​តែ​ខ្លី​ទៀត បើ​វា​ត្រូវ​នៅ​លើផ្ទៃ​រឹង ហាលវាល​ ត្រជាក់ៗ ដូច​យ៉ាង​ចានបង្គន់ ហើយ​​មិន​លោត​ពី​កន្លែង​មួយ​ទៅកន្លែង​មួយ​ឡើយ។ មេរោគ​ត្រូវ​ការ​មាន​កន្លែង​ស្នាក់​ចាំទទួល​យកភ្លាមទើប​ឆ្លង​បាន។ ពោលគឺ​ដើម្បី​មានការ​ចម្លង​មេរោគពីមនុស្សម្នាក់ទៅមនុស្ស​ម្នាក់ទៀត ត្រូវ​ឱ្យ​​មនុស្សទាំងពីរនាក់​​មាន​ទំនាក់ទំនង​ល្អិត​ចូល​គ្នា។ ប្រសិន​បើ​ជំងឺ​កាមរោគ​អាច​ឆ្លង​នៅ​បង្គន់​មែន នោះ​គេ​ច្បាស់​ជា​នឹង​ជួប​អ្នក​ជំងឺ​កាមរោគ​ ក្នុង​គ្រប់​ស្រទាប់​និង​គ្រប់​វ័យ​ រាប់​ទាំង​អ្នក​ដែល​គ្មាន​ប្រវត្តិ​សកម្មភាពផ្លូវភេទ​ដែរ​ហើយ។ តែជាក់ស្តែង​មិន​ដូច្នេះ​ទេ។

បង្គន់​សាធារណៈ​អាច​កខ្វក់​គួរឱ្យខ្ពើម នៅ​ពេល​អើត​ចូលទៅ​ឃើញភ្លាម ​អាចមាន​អារម្មណ៍​គួរ​ឱ្យ​ចង់​ក្អួតមែន ប៉ុន្តែ​តំណក់​ទឹកនោមស្រក់​លើ​ថាស​បង្គន់ ស្រក់​នៅលើ​ដី ក្លិន​ឆ្អាបរបស់​អ្នក​ចូល​បង្គន់​មុន​យើង ធ្វើ​ឱ្យ​យើង​អត់​គិត​ភ័យខ្លាច​ឆ្លង​ជំងឺ​មិន​បាន​ឡើយ។ តាម​ក្បួន​​ មនុស្ស​មិន​ឆ្លង​ជំងឺកាមរោគ​ ដោយ​គ្រាន់​តែ​បាន​ប្រើប្រាស់​បង្គន់​សាធារណៈមែន ប៉ុន្តែ​វេជ្ជសាស្ត្រ​មិន​ប្រើ​ពាក្យ​ថា​ គ្មាន​​ហានិភ័យ​សោះឡើយនោះទេ។ ការ​ឆ្លង​ជំងឺ​កាមរោគ​នៅ​បង្គន់​អាច​ជា​ករណី​ដ៏​មហាកម្របំផុត ហើយ​អ្នក​ឆ្លង​ពិត​ជា​មាន​សំណាង​មហាអាក្រក់ខ្លាំង​ ទើប​ត្រូវ​ជួប​ករណី​មហាសែន​ចៃដន្យ ដោយ​ត្រូវ​ជួប​ជួន ជាមួយ​អ្នក​មាន​ផ្ទុក​ជំងឺកាមរោគ​បន្សល់​ជាតិ​រំអិល ទឹកកាម នៅ​លើ​ថាស​បង្គន់​​ ហើយអ្នក​ចូលទៅ​ប្រើបង្គន់​នោះ​ភ្លាម​តាម​ក្រោយ ហើយ​ប្រដាប់​ភេទ​អ្នក​បាន​ប៉ះពាល់​ជាតិ​រំអិល​មាន​មេរោគ​នោះ​ភ្លាម តាម​រយៈ​ដៃ ឬ​ក្រដាស​កិត​ទើប​ជាប់​មេរោគ​ថ្មីៗ។ មាន​ន័យ​ថា ហានិភ័យ​ឆ្លង​ជំងឺ​កាម​រោគ តាមរយៈ​បង្គន់​អង្គុយ ខ្លាំង​ណាស់ និងក្នុង​ន័យ​នេះ គ្រូពេទ្យ​ក៏​ចង់​បញ្ជាក់​ដែរ​ថា​ មិនមែន​សកម្មភាព​អង្គុយ​លើ​បង្គន់​សាធារណៈ​ទេ ដែល​មាន​ការចម្លង​ជំងឺ​កាមរោគ តែ​មកពី​ដៃ​របស់​យើង​បាន​ទៅ​ប៉ះ​ចាន​បង្គន់ ជញ្ជាំង​បង្គន់ មាន​មេរោគ​រួច ដៃ​មិន​ស្អាត​នោះ មក​ប៉ះ​មុខមាត់។ល។ ឆ្លង​ជំងឺ​កាម​រោគ (ស្វាយ ឬ ប្រមេះ) ដោយហេតុ​ប្រើ​បង្គន់​សាធារណៈ ទំនង​ជា​លេស​ដោះសា ឬ​ដើម្បី​សម្រាល​ទោស​កំហុស​ដែល​ឆ្គាំឆ្គង​ដោយ​ចេតនា​ឬ​អចេតនា តែ​ប៉ុណ្ណោះ។

មាន​ករណី​លើកលែង​តែ​មួយ​គត់ ដែល​បង្គន់​សាធារណៈ​អាច​ចម្លង​ជំងឺ​កាម​រោគ នោះ​គឺ​ជំងឺ​សិរមាន់ ដែល​បង្ក​ឡើង​ដោយ​មេរោគ​ពពួក​ប៉ាពីឡូម៉ាវីរុស។ ប៉ាពីឡូម៉ាវីរុស (VPH) មាន​អាយុ​វែង​ជាង​គេ អាច​សំងំ នៅលើ​ផ្ទៃ​នៃ​វត្ថុ​អ្វី​មួយ បាន​ដល់​ទៅ​មួយ​សប្តាហ៍ ហើយ​ធន់​ខ្លាំង​នឹង​ថ្នាំ សម្លាប់​មេរោគ/ជែល លាង​សម្អាត​ដៃ​ទៀត។ ទឹក​លាយ​ជាតិ ហ្សាវែល ១០% ទើប​អាច​សម្លាប់​វីរ៉ុស VPH​ឲ្យ​ងាប់​បាន។

បង្គន់​សាធារណៈ​ប្រហែល​អាច​​ជា​ប្រភព ចម្លង​ជំងឺ​ផ្សេង​មាន​ជា​អាទិ៍ ជំងឺ​ផ្តាសាយ ជំងឺ​រលាក​ពោះវៀន រលាក​ផ្លូវ​បង្ហូរ​ទឹកនោម។

វិធីការពារ​ជំងឺកាមរោគ

ប្រើក្រដាសក្រាល​លើ​ចាន​បង្គន់ ឬ​ក្រដាស​កិត​ទ្រាប់​មុន​នឹង​អង្គុយ​ទំនង​ជា​វិធី​ប្រកប​ដោយ​អនាម័យ​ជាង​គេ ក្នុង​ការ​ប្រើប្រាស់​បង្គន់​សាធារណៈ ព្រោះ​ការអង្គុយ​ចំតិតចំកោង ខ្លាច​ប៉ះ​បង្គន់​កខ្វក់ អាច​ផ្តល់​ផល​អាក្រក់​ជាង ផល​ល្អ។ បើ​តាម​អ្នក​ជំនាញ ផ្នែក​សុខភាព​ត្រគៀក នៅ​ពេល​ស្ត្រី បត់​ជើង​តូច ដោយ​មិន​អង្គុយ សាច់ដុំ​ទ្រ​ត្រគៀក នឹង​រួញ ដែល​ទៅ​បិទ​ខ្ទប់​ការហូរ​បញ្ចេញនៃទឹកនោម។ ដូច្នេះ​ស្ត្រី​ត្រូវ​ប្រឹង​ខ្លាំង​ហួស​ធម្មតា និង​បន្ថែម​សម្ពាធ​ឥត​ប្រយោជន៍​នៅលើ​តំបន់​អាង​ត្រគៀក ហើយ​មិន​អាច​បញ្ចេញ​ទឹកនោម​អស់​ពី​ប្លោក​ទៀត ជាហេតុ​នាំ​ឲ្យ​មាន​គ្រោះ​កើត​ជំងឺ​រលាក​ផ្លូវ​បង្ហួរ​នោម​បាន។

លាងសម្អាតដៃ​ក្រោយ​បន្ទោរបង់ ក្រោយ​ចេញ​ពី​បង្គន់ និង កុំ​កាន់​ទូរស័ព្ទ​ចូល​បង្គន់​ជាមួយ ជា​កាយវិការ​អនាម័យ​ដែល​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ។

ចំពោះ វិធី​ការពារ​ជំងឺ​កាមរោគ​វិញ គ្មាន​អ្វី​ប្រសើរ​ជាង​ស្នេហ៍​ស្មោះ​មួយ​ទល់​នឹង​មួយ ឬ​ការ​ប្រើ​ស្រោម​អនាម័យ និង​ការ​ចាក់​ថ្នាំ​បង្ការ ទេ។ បច្ចុប្បន្ន ពិភពលោក​មាន​ថ្នាំ​បង្ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​កាមរោគ​ពីរ​ប្រភេទ គឺ​ជំងឺ​រលាក​ថ្លើម​B និង​ជំងឺ​កាម​រោគ​បង្ក​ដោយ​ប៉ាពីឡូម៉ាវីរ៉ុស។ ទិន្នន័យ​កាន់តែ​ច្រើន​ឡើងៗ បាន​បង្ហាញ​ថា​ ថ្នាំ​បង្ការ​ជំងឺ​រលាក​ស្រោម​ខួរក្បាល ប្រភេទ​បេ អាច​មាន​សមត្ថភាព​ការពារ​ប្រឆាំង​នឹង​ជំងឺ​ប្រមេះ។ អង្គការ សុខភាព​ពិភពលោក កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ លើ​លទ្ធផល​សិក្សា​នេះ។ វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ពងបែក និង​ប្រមេះ​ទឹកបាយ ប្រមេះ​ទឹកថ្លា បាន​ឈាន​ដល់ ការសាកល្បង​គ្លីនិក​ដំណាក់កាល​ទីមួយ។ ឯ​បេក្ខភាព​ថ្នាំ​បង្ការ​ជំងឺ​ស្វាយ និង ទ្រីកូម៉ូណាស កំពុង​ចាប់ផ្តើម​សាកល្បង​ដែរ​ហើយ។ ក្នុង​ពេល​រង់ចាំ​មាន​ថ្នាំ​បង្ការ ការ​ធ្វើ​តេស្ត​វែក​រក​ជំងឺ​កាមរោគ គួរ​តែ​ត្រូវ​ធ្វើ​ជា​រឿយៗ​ចំពោះ​បុគ្គល​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ស្វែង​រក​ការព្យាបាល ពីគ្រូពេទ្យ​ជំនាញ​ឱ្យ​បានឆាប់​រហ័ស។ ថ្នាំ​ព្យាបាល ជំងឺ​កាមរោគ​ខ្លះ មាន​ប្រសិទ្ធភាព​ខ្ពស់​អាច​ធ្វើ​ឲ្យ​ជំងឺ​បាន ជា ដាច់។ ថ្នាំខ្លះ មិនអាច​ព្យាបាល​ជា តែ​អាច​ទប់​ការវិវឌ្ឍ​នៃ​មេរោគ និង​ពន្យារ​ជីវិត​បាន​ដូច​មនុស្ស​ធម្មតា មាន​ជាអាទិ៍ ករណី​ ជំងឺអេដស៍។ ទទួល​ការព្យាបាល ជា​កាត់​បន្ថយ​ការ​ចម្លង​ជំងឺ​ទៅ​អ្នក​ដទៃ និង​អ្នក​ជាទី​ស្រលាញ់​របស់​យើង៕