Skip to content
Opens in a new window
គ្មាន​ជំងឺ តែ​ប្រើ​ថ្នាំ​ទឹកនោមផ្អែម ដើម្បី​បញ្ចុះ​ទម្ងន់ អាច​បង្ក​ផលវិបាក​ដល់​សុខភាព​យ៉ាងណា?
05 August 2026

គ្មាន​ជំងឺ តែ​ប្រើ​ថ្នាំ​ទឹកនោមផ្អែម ដើម្បី​បញ្ចុះ​ទម្ងន់ អាច​បង្ក​ផលវិបាក​ដល់​សុខភាព​យ៉ាងណា?

នាទីសុខភាពនិងអនាម័យ

About

ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​ធាត់​ចុក​ខ្លាញ់ ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ជា​ថ្នាំ​សម្រក​ទម្ងន់​កាន់​តែ​ច្រើនឡើងៗ។ សម្រាប់​គ្រូពេទ្យ​ខ្លះ នេះ​ជា​ការ​ប្រើប្រាស់​ថ្នាំ​ខុស​ទិសដៅ។ គ្រូពេទ្យ​ខ្លះ​ទៀត ព្រម​ឱ្យ​អ្នក​ចង់​ស្គម​ប្រើ។ តើ​ការ​សម្រក​ទម្ងន់​ដោយ​ប្រើ​ថ្នាំ​បែប​នេះ ជះ​ឥទ្ធិពល​យ៉ាង​ណា​ដល់​សុខភាព​ជាទូទៅ? តើ​អ្នក​ជា​ដែល​ប្រើថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ដើម្បី​ស្រក​ទម្ងន់​ អាច​ទទួល​ផល​រំខាន​យ៉ាងណា?

៤៦%នៃអ្នកប្រើថ្នាំ Mounjaro និងWegovy (ថ្នាំជំងឺទឹកនោមផ្អែមនិង ថ្នាំប្រឆាំងជំងឺធាត់ចុក ខ្លា្ញញ់)​នៅប្រទេសកូរ៉េខាងត្បូង ជាមនុស្សធម្មតា គ្មានជំងឺទឹកនោមផ្អែមឬជំងឺធាត់ទេ ប៉ុន្តែ ពួកគេ​ត្រូវការ​ប្រើថ្នាំនេះ ដើម្បី​សម្រកទម្ងន់។ ចំណែក​នៅ​ប្រទេស​អង់គ្លេស មានមនុស្ស​ម្នាក់ ក្នុង​ចំណោម ៥០នាក់ ហ៊ានចំណាយប្រាក់ពី​ហោបៅខ្លួនឯង ទិញថ្នាំទឹកនោមផ្អែមប្រើ​ដើម្បី​បានចុះស្គម ។

តើ មូនចារ៉ូ និង វីហ្កោវី ពិតជាមានប្រសិទ្ធភាពខាង បញ្ចុះ ទម្ងន់មែនឬ ?

Mounjaro និង Wegovy ជា​ថ្នាំ​ទើប​ចេញ​ថ្មី សម្រាប់​ព្យាបាល​ជំងឺ​ធាត់ជ្រុល​ចុកខ្លាញ់។ ដើម្បី ងាយ​យល់ គេ​ត្រូវ​បក​ថយ​ត្រលប់ ទៅនិយាយ អំពីថ្នាំ​ប្រឆាំង​នឹង​ជំងឹ​ទឹកនោម​ផ្អែម​មួយ ទៀត ដែល​មាន​ឈ្មោះ​ថា Ozempic និង ដែល​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍ ព្យាបាល នៅ​សហរដ្ឋ​អាមេរិក នៅឆ្នាំ​១៩៩៧។

នៅពេលប្រើថ្នាំអូហ្សំពិកនេះ​ទៅ​ គ្រូពេទ្យ​សម្គាល់​ឃើញ​ថា ថ្នាំ​នេះ​មាន​ផលរំខាន​ធំ​មួយ គឺ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ទម្ងន់​ជា​ខ្លាំង។ ការប្រើប្រាស់​ថ្នាំ​នេះ ក៏​ត្រូវ​បាន​គេ​បង្វែរ យ៉ាង​ឆាប់​រហ័ស​ ពី​ថ្នាំ​សម្រាប់ ​អ្នក​ជំងឺ​ទឹក​នោមផ្អែម ទៅ​ជា​ថ្នាំ​សម្រាប់ បញ្ចុះទម្ងន់។ នៅសហរដ្ឋអាមេរិក ដែល​មានពលរដ្ឋ​ពេញ​វ័យ​ប្រមាណ​៤២% មានអាការៈ​ធាត់​ជ្រុល ការ​មាន​ថ្នាំ​អាច​សម្រក គីឡូ​មនុស្ស​បាន​ពិត​ជា​ទាក់ទាញ​ចំណាប់​អារម្មណ៍ ក្រុម​ឧស្សាហកម្ម​ឱសថ​ណាស់។ ពួកគេ ក៏ បាន​យក​ធាតុសកម្ម​ដ៏​ចម្បង ប្រើ​ក្នុង​ថ្នាំ​ទឹកនោម​ផ្អែម អូហ្សំពិក ទៅ​ផ្សំ​ផលិត​ជា​ថ្នាំ​ថ្មី​មួយ ទៀត សម្រាប់​ប្រឆាំង​ជាពិសេស​នឹង​ជំងឺ​ធាត់ជ្រុល​ចុក​ខ្លាញ់។ នេះហើយ​ជា​កំណើត​នៃ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ធាត់ជ្រុល ដែល​មាន​ឈ្មោះ​ថា Mounjaro និង Wegovy។ ថ្នាំទាំងពីរ​នេះ បាន​ទទួល​ការអនុញ្ញាត ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​អាមេរិក នៅឆ្នាំ ២០២១ និង ២០២២។

ដូចអូហ្សំពិក Mounjaro និង Wegovy ជា​ថ្នាំ​ទឹក​ដាក់​ក្នុង​បំពង់​ជ័រ​មាន​ម្ជុល នៅ​ចុង​ម្ខាង ក្នុង​ទម្រង់​ជា​ប៉ិច សម្រាប់​ចុច​ចាក់​ដោយ​ខ្លួនឯង លើ​សាច់ដុំ (ពោះ ឬភ្លៅ) ជា​រៀងរាល់​សប្តាហ៍  ស្រដៀង​នឹង​ការចាក់​ថ្នាំអាំងស៊ូលីន ដែរ។

ប៉ុន្តែ Mounjaro និង Wegovy មានប្រសិទ្ធភាព​ខ្ពស់​ខ្លាំង​ជាង អូហ្សំពិក ព្រោះ​វា​អាច​​​ចាត់ចែង​ដ៏​ខ្លាំងក្លា​ផ្នែក​មេតាបូលិក។ លក្ខណៈពិសេស​នៃ​ថ្នាំ គឺ​វា​អាច មាន​សកម្មភាព​ទ្វេ​លើ​អរមូន​នៃ​ប្រព័ន្ធ​រំលាយ​អាហារ។ ថ្នាំមានសមត្ថភាពធ្វើត្រាប់តាម​អរមូន​​រំលាយអាហារ GLP-1។ អរមូនធម្មជាតិ GLP-1 ដែល​សរីរាង្គកាយ​តែង​ផលិត ជា​ធម្មតា មានតួនាទី​ចុច​ភ្ញោច​ដំណើរ​បញ្ចេញ​ជាតិ​អាំងស៊ុយលីន ដែលជា​អ្នក​ចាត់ចែង​គ្រប់គ្រង​អត្រា​ជាតិ​ស្ករ ក្នុង ឈាម​របស់​មនុស្ស​យើង។ អ៊ីចឹងហើយបានជា គេ​យក​ថ្នាំ​ទាំងបី​នេះ មក​ប្រើ ​សម្រាប់​ព្យាបាល​អ្នក​មាន​ជំងឺ​​ទឹក​នោម​ផ្អែម។ តែ​អរមូន​GLP-1 នៅ​មាន​តួនាទី​សំខាន់​មួយ​ទៀត គឺ​នៅ​ពេល​យើង បរិភោគ​អាហារ​ចូលទៅ ពេញពោះ​ ឆ្អែតក្រពះ អរមូន​នេះ​នឹង​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល ដោយ​ប្រាប់​ឲ្យ​ដឹង​ថា «លែងឃ្លានហើយ»។ បង្កើត​អារម្មណ៍​ថា​ឆ្អែត​ហើយ អរមូន​ទៅ​ពន្យឺត​សកម្មភាព​របស់​ក្រពះ​ទៀត។ អាហារ​ដែល​ក្រពះ​បាន​កិន​រំលាយ​រួច នឹង​ ធ្វើ​ដំណើរ​យ៉ាង​យឺតៗ​ចុះ​ទៅ​ពោះវៀនធំ។ ដំណើរបែបនេះ ជា​ចំណែក​មួយ ដែល​បង្កើន អារម្មណ៍​កាន់តែ​ឆាប់​ឆ្អែត។ ដោយ​យល់​ពី​យន្តការ​របស់​អរមូន​ធម្មជាតិ​នេះ ទើប​គេ​ផលិត​ថ្នាំ មូនចារ៉ូ តម្រង់​ទិស​ដៅ​លើ​ផ្ទាំង​ស៊ីប​ពីរ​របស់​ប្រព័ន្ធ​មេតាបូលិក គឺ​មាន​អំណាច​ត្រួតត្រា​លើ​ការ ផលិត​ជាតិ​ស្ករ ក្នុង​ឈាម​ផង និង បង្អាក់​ចំណង់អាហារ (លែងឃ្លាន)​ផង។

ចុះហេតុអ្វីបានគេនិយាយអំពីថ្នាំនេះច្រើនខ្លាំងម៉្លេះ ?

ចំពោះ​អ្នក​មាន​ជំងឺធាត់ជ្រុល ថ្នាំវីហ្កោវី មានប្រសិទ្ធភាព​បញ្ចុះ​ទម្ងន់​បាន​ប្រមាណ​១០%​ក្នុង​ពេល​៤ឆ្នាំ។ មូនចារ៉ូ ដូស​ខ្ពស់ អាច​ស្រក​ទម្ងន់​បាន​ដល់​ទៅ​១៨% ក្នុង​ពេល​តែ​ជាង​មួយ​ឆ្នាំ។ នេះ​ជា​លទ្ធផល​ដ៏​ខ្ពស់​ខ្លាំង មិន​ធ្លាប់​មាន​ទេ​ ក្នុង​ប្រវត្តិ​នៃ​ការព្យាបាល​ជំងឺ​ធាត់​ជ្រុល​ចុក​ខ្លាញ់។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​សម្រាប់​ក្រុម​គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​មេតាបូលិក ធាត់​ជ្រុល ការ​រក​ឃើញ​ថ្នាំ​មូនចារ៉ូ និង វីហ្កោវី ជា​របក​គំឃើញ​ដ៏​អស្ចារ្ស​មួយ​នៃ​ប្រវត្តិ​វេជ្ជសាស្ត្រ​ទំនើប ព្រោះ​ថ្នាំ និង​មធ្យោបាយ​ដែល​មាន​កន្លង​មក​ មាន​ប្រសិទ្ធភាព​តិចតួច​ណាស់​សម្រាប់ អ្នក​ជំងឺធាត់។

នៅលើពិភពលោក មិនថា សហរដ្ឋអាមេរិក ឬប្រទេស​បារាំង ឬនៅ​អាស៊ី អាហ្វ្រិកទេ ចំនួន​ប្រជាពលរដ្ឋធាត់ លើសទម្ងន់ កើន​ឡើង​​ជា​លំដាប់ និង គួរ​ឲ្យ​ខ្វល់ខ្វាយ តាំងពីឆ្នាំ ១៩៩០​មក។ អ្នក​ខ្លះ​នៅ​តែ​មិន​អាច​បញ្ចុះ​ទម្ងន់​បាន​ បើ​ទោះបី​ជា​ប្រឹង​ធ្វើ​របប​អាហារ និង ហាត់​ប្រាណ យ៉ាង​ណាក៏​ដោយ។ គឺ​ដើម្បី​ប្រជាពលរដ្ឋ​ក្នុងចង្កោម​​នេះ​ហើយ ដែល​នៅ​ឆ្នាំ ២០២៤ បារាំងក៏​​ព្រម​អនុញ្ញាតដែរ ​ឲ្យ​ប្រើ​ថ្នាំ Mounjaro ឬ Wegovyដើម្បី​​ប្រឆាំង​​នឹង​ជំងឺ​ធាត់​ជ្រុល។

ជាថ្នាំថ្មី ទើបមាន​បម្រើបម្រាស់​បាន​ប៉ុន្មាន​ឆ្នាំ ដូច្នេះគេ​នៅ​មិន​​ទាន់​​អាច​ផ្តល់ សេចក្តី​សន្និដ្ឋាន អំពី​ផលវិបាក​នៃ​ថ្នាំ​សម្រាប់​ថ្ងៃ​អនាគត និង​ចំពោះ​ការ​ប្រើ​រយៈពេលវែងទេ។ ការប្រើ​ថ្នាំ Mounjaro និង Wegovy ត្រូវ​ស្ថិត​នៅ​ក្រោម​ការតាមដាន និង ត្រួតពិនិត្យ ពី​គ្រូពេទ្យ​ជំនាញ។ អ្វីដែល​គេបានដឹងច្បាស់ គឺថ្នាំ​ជា​អាវុធ​មុខ​ពីរ។ គ្រប់ថ្នាំ តែងមានអម ដោយ​ផល​រំខាន​តិច ឬ​ច្រើន​ជានិច្ច។ យ៉ាងណាមិញ ថ្នាំមូនចារ៉ូ ដ៏ដូច​ជាថ្នាំ​វីហ្កោវី ក៏មាន ផលរំខាន ជាក់ស្តែង និង​ក្នុង​ពេល​ប្រើ​ថ្នាំ​ដំបូង​ភ្លាមៗ ដែល​គេ​ដឹង​ច្បាស់​នៅ​ពេល​នេះ អាច​ជា​ការ ក្អួត ចង្អោរ រាគរូស បាត់បង់​សាច់ដុំ មាន​បញ្ហា​តម្រង​នោម នៅ​ថង់​ប្រមាត់ និង រលាក​លំពែង ព្រម​ទាំង​ប្រតិកម្ម​អាល់ឡែកហ្ស៊ី​ដ៏ធ្ងន់ធ្ងរ។

ឈប់ប្រើ នឹង​ឡើង​ទម្ងន់វិញ យ៉ាង​លឿន ?

ជា​ថ្នាំ​សម្រាប់​អ្នក​ជំងឺ​ធាត់ជ្រុល ឬ​មាន ជំងឺ​ទឹក​នោម​ផ្អែម មិនមែន​សម្រាប់​មនុស្ស​ធម្មតា​មាន​សុខភាព​ល្អ​ សហព័ន្ធ​​គ្រប់គ្រង​​ឱសថ​អាមេរិក ក៏​បាន​ព្រមាន​អំពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ជា​យថាហេតុ​នៃ​ថ្នាំ​ប្រឆាំង​នឹង​​ជំងឺ​ធាត់​ជ្រុល​នេះ​ដែរថា បើ​តាម​ការ​សិក្សា​លើ​សត្វ​កណ្តុរ ការ​ប្រើ​ថ្នាំ​មូនចារ៉ូ និង វីហ្កោវី ទំនង​ជា​អាច​នាំ​មក​នូវ​ហានិភ័យ​ដុះ​ដុំ​សាច់​នៅ​ក្រពេញ​ទីរ៉ូអ៊ីត។ នេះ​ជា​ការ​សាកល្បង​លើ​សត្វមែន តែ​គេមិន​អាច​មើល​រំលង​បាន​ឡើយ បើ​ទោះ​បី​ជា​នៅពេល​នេះ​ ​គេ​​ពុំ​ទាន់​ដឹង​ថា​តើ​មនុស្ស​អាច​​ជួប​​ហានិភ័យ​​នេះ​​ដែរ​​ឬ​​យ៉ាង​ណា​​ឡើយ​ក៏ដោយ។

ម្យ៉ាងទៀត មូនចារ៉ូ និង វីហ្កោវី មិនមែនជា ថ្នាំទិព្វ ទេ តែ​ជា​ថ្នាំ​ព្យាបាល​ជំងឺរ៉ាំរ៉ៃ។ ដូច្នេះ ការ យក​ថ្នាំ​នេះ​មក​ធ្វើ​ជា​ដំណោះស្រាយ​មួយ​ពេល ជាកំហុស​ដ៏​ធំ​ណាស់។ ថ្នាំ​ប្រឆាំង​ជំងឺ​ធាត់​ជ្រុល វីហ្កោវី ឬមូនចារ៉ូ ពិត​ជា​មាន​ប្រសិទ្ធភាព អាច​បញ្ចុះ​ទម្ងន់ ដែល​គ្មាន​នរណា​អាច​បដិសេធ​បាន​ឡើយ។ ប៉ុន្តែ​នៅ​ពេល​ឈប់​ចាក់ អ្នក​ប្រើ​ថ្នាំ​នោះ នឹង ឡើង​គីឡូ​វិញ យ៉ាង​លឿន​រហ័ស។ នេះ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស ដែលណែនាំ​ឱ្យ​ អ្នក​ចង់​បញ្ចុះ​ទម្ងន់​គួរ​ទទួល​ស្តាប់ ហើយ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​សាកល្បង​ប្រើ។ នៅក្នុង​ការ​សាកល្បង​គ្លីនិក អ្នក​បាន​ប្រើ​ថ្នាំ មូនចារ៉ូ និង វីហ្កោវី ទាំងអស់ សុទ្ធតែឡើង​ទម្ងន់ ដល់​គីឡូ​ដើម​ដែល​ពួកគេ​បាន​បាត់បង់ នៅ​១៨​ខែ ជា​មធ្យម ក្រោយ​ពី​ឈប់​ចាក់​ថ្នាំ។ ហើយ​អ្វី​ដែល គួរឲ្យ​ភ្ញាក់​ផ្អើល​បំផុត គឺ​ភាពលឿន​រហ័ស នៃ​ការ ឡើង​ទម្ងន់ ដែល​មាន​ល្បឿន លឿន ដល់​ទៅ​ជិត​បួន​ដង​លើស​ដំណើរ​ឡើង​ទម្ងន់​វិញ ក្រោយ​បញ្ចប់​កម្មវិធី​​សម្រកគីឡូតាម​ក្បួន​​ធ្វើ​របបអាហារ និង ធ្វើ​កីឡា​បញ្ចេញ​សកម្មភាព​កាយ​សម្បទា។ ស្ថានភាព​សុខភាព​ជាទូទៅ ក៏លែង​មាន​ភាព​ប្រសើរ​ដែរ ព្រោះ​កំរិត សម្ពាធ​ឈាម អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម កូឡេស្តេរ៉ុល និង អត្រា​ជាតិ​ស្ករ​ សុទ្ធ​តែ​ស្ទុះ​ឡើង​ដល់​កំរិត ដើម​វិញ​ទាំងអស់។

នេះ​ស​ឲ្យ​ឃើញ​ថា ដើម្បី​រក្សា​គុណប្រយោជន៍​ដ៏វិជ្ជមាន​របស់​ថ្នាំបាន គេ​ចាំបាច់​​ត្រូវ​ប្រើ​ថ្នាំ​នេះ ក្នុង​រយៈពេល​វែង ឬ ត្រូវ​ប្រើ​រហូត​ពេញ​មួយ​ជីវិត។ សូមកុំ​លេង​សើច​​នឹងការ​សម្រក​ដោយ​ប្រើ​​​ថ្នាំនេះ​ឱ្យ​សោះ ព្រោះ មូនចារ៉ូ ក៏​ដូច​ជា​ វីហ្កោវី ជា​ថ្នាំ​ខ្លាំង​ដែល​មានឥទ្ធិពល​ដល់​សរីរៈ​វិទ្យា​របស់​យើង​។ សូម​កុំ​លង់​ប្រើ​ថ្នាំ​ដោយ​ចិត្ត​ចង់​របស់​ខ្លួន​ឯង ឬ​ទិញ​តាម​បណ្តាញ​អ៊ីនធ័រនែត ដែល​ញឹកញាប់​ជា​ថ្នាំ​មិន​សុទ្ធ។ ហានិភ័យ​សុខភាព​នឹង​កើត​ឡើង​ភ្លាម ហើយ​ថ្នាំ​មិន​សុទ្ធ​ច្រើន​តែ​គ្រោះថ្នាក់។ ការ​បញ្ចុះ​ទម្ងន់​ប្រកប​ដោយ​ប្រសិទ្ធភាព​ត្រូវ​អម​ដោយ​​របប​អាហារ និង​ការ​ហាត់​ប្រាណ​ធ្វើ​កីឡា និង​ប្រើ​ថ្នាំ​ក្រោមការសម្រេច​និង​​តាមដាន​របស់​គ្រូពេទ្យយ៉ាង​ត្រឹម​ត្រូវ ដើម្បី​ធានា​សុវត្ថិភាពសុខភាព៕