មនុស្ស​នៅ​លើ​ពិភពលោក​នឹង​មាន​ជំងឺអាល្លែកហ្ស៊ី​គ្រប់​គ្នា​ នៅ​ពេល​​ខាង​មុខ?
11 March 2026

មនុស្ស​នៅ​លើ​ពិភពលោក​នឹង​មាន​ជំងឺអាល្លែកហ្ស៊ី​គ្រប់​គ្នា​ នៅ​ពេល​​ខាង​មុខ?

នាទីសុខភាពនិងអនាម័យ

About

នៅចុង​ឆ្នាំ​១៩៦០ មានប្រជាពលរដ្ឋ​លើ​ភពផែនដី​តែ​ប្រមាណ​៤%​មាន​ជំងឺអាល្លែកហ្ស៊ី។ តែ​បច្ចុប្បន្ន​នេះ ចំនួន​អ្នក​អាល្លែកហ្ស៊ី​បានឡើង​ដល់​៣០% និង​៥០%​នៅ​ឆ្នាំ​២០៥០។ ហេតុ​អ្វី​បាន​មាន​ករណី​អាល្លែកហ្ស៊ី​កាន់​តែ​ច្រើន​ឡើងៗ​ដូច្នេះ?

ហៀរ​សំបោរ កណ្តាស់​ឥត​ឈប់ រមាស់​រកាំ​ភ្នែក នៅ​ពេល​ប្តូរ​អាកាសធាតុ ឬឱ្យ​តែ​មេឃ​ស្រលះ ឬ​ដល់​រដូវ​ធ្លាក់​ខ្យល់ អាការៈ​នេះមិនមែន​ជា​ជំងឺ​ផ្តាសាយ​ ឬ​ជា​ជំងឺ​បណ្តាលមក​ពី​ឆ្លង​វីរ៉ុស​ទេ ប៉ុន្តែ​អាច​ជា​អាការៈ​អាល្លែកហ្ស៊ី។ អាល្លែកហ្ស៊ីកំពុង​ក្លាយ​ជា​ជំងឺ​​មាន​កើត​ច្រើន​ឡើង​ មិន​ថា​នៅ​ប្រទេស​ស្អាត ប្រទេស​កខ្វក់ ​ក្រីក្រ​ឡើយ។

នៅចុងទសវត្សរ៍​ឆ្នាំ​៦០ មាន​មនុស្ស​រស់​​លើ​ពិភពលោក​ប្រមាណ​តែ​៤%​ប៉ុណ្ណោះ​ បាន​កើត​​ជំងឺ​អាល្លែកហ្ស៊ី តែ​បច្ចុប្បន្ន អត្រា​អ្នក​ជំងឺ​អាល្លែកហ្ស៊ីបាន​កើន​ឡើង​ដល់​ប្រមាណ​៣០% និង​អាច​ឡើង​ដល់​៥០%​នៅ​ឆ្នាំ​២០៥០។ នេះ​បើ​តាម​ការ​ព្យាករ​របស់​អង្គការ​សុខភាព​ពិភពលោក។ មាន​ន័យ​ថា ចំនួន​​អ្នក​កើត​អាល្លែកហ្ស៊ីបានកើន​ឡើង​ពី​ ១​លើ​២៥​នាក់ ទៅ១​លើ​ ​ពីរ​នាក់ ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មានទសវត្សរ៍​។

តើ​អាល្លែកហ្ស៊ីជា​អ្វី?

អាល្លែកហ្ស៊ីជា​ប្រតិកម្ម​របស់​ខ្លួន​យើង​ទៅ​នឹង​សារធាតុ​អ្វីមួយ​ដែល​វា​មិន​អាច​ទ្រាំ​បាន -ដែល​បង្ក​ឱ្យ​មាន​ប្រតិកម្ម ​ ឬហៅ​ថា​ធាតុ​allergènes ​​(​ជា​​ភាសា​បារាំង)។ ហើយធាតុ​ដែល​បង្ក​ឱ្យ​មាន​​អាល្លែកហ្ស៊ី ​ខុស​គ្នាទាំង​ស្រុង​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ ព្រោះ​នេះ​គឺ​ជា​សេចក្តី​សម្រេច​របស់​​ប្រព័ន្ធ​ការ​ពារខ្លួនផ្ទាល់​របស់​មនុស្ស​ម្នាក់ៗ។ ប្រព័ន្ធការពារ​ខ្លួន​យើង ស្រាប់​តែ​នៅ​ថ្ងៃ​ណាមួយ​ មិន​អាច​ធន់​នឹង​​​ធាតុ​ខាង​ក្រៅណាមួយ​ដែល​មិន​ទាំងអាក្រក់ មិនកាច ឬ​ធ្លាប់​ជួប​ប្រទះ​រាល់​ថ្ងៃ​សោះ​។ ផ្តល់សញ្ញា​ថា​មិន​ត្រូវធាតុ​​នឹង​សរីរាង្គកាយ​យើង​ ហើយ​ក៏​បញ្ជា​ឱ្យ​បញ្ចេញ​ប្រតិកម្ម​​ប្រឆាំង​ដើម្បី​ធាក់​ធាតុមកពី​ក្រៅ​​នោះ​ចេញ។ នៅពេលប្រព័ន្ធ​ការពារ​ខ្លួន​សម្រេចថា​ធាតុនេះ​ឬ​នោះ​ជា​​ធាតុ​បង្ក​អាល្លែកហ្ស៊ី នៅ​ពេល​ដំបូង​ភ្លាម​ គេ​ហៅ​ថា​ជា​ដំណាក់កាលបញ្ជៀប ដោយ​ប្រព័ន្ធការពារ​ខ្លួន​ប្រាណ​សាកល្បង​បង្កើត​អង្គបដិបក្ស​សម្រាប់​ការពារប្រឆាំង​នឹងធាតុ​អាល្លែកហ្ស៊ីនោះ។ នៅ​ពេល​ជួប​លើក​ក្រោយៗទៀត វា​អាច​ជាបញ្ចេញ​ប្រតិកម្ម​ប្រឆាំង​ខ្លាំង។​

អាល្លែកហ្ស៊ីអាច​មាន​ច្រើនប្រភេទធំៗ គឺ​ ជា​អាល្លែកហ្ស៊ីផ្លូវ​ដង្ហើម​ខាងលើ អាល្លែកហ្ស៊ីចំណី​អាហារ អាល្លែកហ្ស៊ីថ្នាំ និង​អាល្លែកហ្ស៊ីពិសសត្វ។

អាល្លែកហ្ស៊ីផ្លូវ​ដង្ហើម​ខាង​លើ ប៉ះពាល់លើ​ច្រមុះ ទង​សួត និង​ភ្នែក ដែល​ច្រើន​តែបណ្តាល​មក​ពី​ កម្ទេច​លម្អងធូលីក្នុង​ផ្ទះ សត្វ​ល្អិតតូច​ខ្លាំង​មើលមិនឃើញភ្នែក ដែល​ចូលចិត្តធាតុក្តៅ​និង​សើម​ (ចៃ​ សង្កោច​ កន្លាត) រោម​សត្វឆ្កែ ឆ្មា ឬ​ទឹកនោម​កណ្តុរ ឬ​ផ្សិត​ដែល​ផ្តល់ក្លិន​ផ្តុះ​​ដោយ​ហេតុ​បរិយាកាសសើម​ថប់ នៅ​តាម​ក្នុងបន្ទប់​ទឹក ផ្ទះ​បាយ ឬ​ បន្ទប់​បិទជិត​ពេក។ លម្អងផ្កា​ក៏​ជា​ប្រភព​នាំឱ្យ​មានអាល្លែកហ្ស៊ីផ្លូវដង្ហើមខ្លាំងដែរ ជាពិសេស​នៅ​រដូវផ្ការីក។ ហើយ​កំរិត​នៃអាល្លែកហ្ស៊ីដោយ​លម្អងផ្កាអាស្រ័យ​ទៅ​ប្រភេទ​ផ្កា ទីតាំង​ភូមិសាស្ត្រ​ តែ​គឺ​លម្អង​ដែល​ហុយ​តាម​ខ្យល់​ជា​អ្នកបង្ក​អាល្លែកហ្ស៊ី។ ហេតុដូច្នេះហើយ​បាន​ជា​ខ្យល់​ពុលក្នុង​បរិយាកាស​មានកាន់​តែ​ច្រើន ករណី​អាល្លែកហ្ស៊ីមាន​កាន់​តែខ្លាំង ហើយ​ភាពកំណាច​នៃ​អាល្លែកហ្ស៊ីកាន់​តែ​ត្រូវ​បាន​ពង្រឹង។

អាល្លែកហ្ស៊ីចំណីអាហារ

មិន​ខុស​ពី​អាល្លែកហ្ស៊ីផ្លូវ​ដង្ហើម​ អាល្លែកហ្ស៊ីចំណីអាហារ គឺ​ជាប្រតិកម្មនៃ​ប្រព័ន្ធ​ការពារ​ខ្លួន​ក្រោយ​លេប​អាហារអ្វីមួយ​​ចូល​ទៅ​។ គេ​មិន​ត្រូវ​ច្រលំ​រវាង​ភាព​មិនអនុគ្រោះ​នឹង​ម្ហូប​ចំណី​អាហារណាមួយ និង​អាល្លែកហ្ស៊ីអាហារ​ទេ។ អាល្លែកហ្ស៊ីអាហារ គឺ​ជា​ប្រតិកម្មភ្លាម​​ភ្លែត (កម្រ​​ចាប់​​យូរ​ដល់​២៤ឬ​៤៨ម៉ោងណាស់) និង​មាន​លេចអាការៈ​សញ្ញា​រោគ​ខ្លាំង​ច្បាស់ៗ​​តែម្តង។ រោគសញ្ញា​អាល្លែកហ្ស៊ីអាហារ អាច​ជា ការ​ភើច្រាល​ខុស​ប្រក្រតី​ (សម្រាប់​ទារក​តូច​ខ្លាំង) - ឡើង​រោលកន្ទួល​ រមាស់​នៅ​មាត់- ក្អួត​ចង្អោរ- ទល់​ខ្យល់ រាគ​ ឬ​ក្តៀន- ឡើង​រោល ក្រហម រមាស់ ប្រទាក្រអាក ត្រអក នៅ​លើ​ស្បែក- ឈឺ​ក្បាល- ថប់​ពិបាក​ដង្ហើមដូច​កើត​រោគ​ហឺត - ហៀរសំបោរ- និង​ហើម​បបូរមាត់ ម្រាមដៃម្រាម​ជើង ប្រអប់​ដៃប្រអប់​ជើង ភ្នែក​ ឬ​មុខ និង​បំពង់ក។

ក្នុង​ទម្រង់ធ្ងន់ធ្ងរ ការ​ហើម​បំពង់​ក​អាច​ទៅ​បិទខ្ទប់​ផ្លូវ​ដង្ហើម​ធ្វើ​ឱ្យ​អ្នក​ជំងឺអាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន។ អ្នកខ្លះ​អាល្លែកហ្ស៊ីអាហារ​ខ្លាំង​ពេក​ដល់​ថ្នាក់​សន្លប់​ បាត់​ស្មារតី​លែងដឹង​ខ្លួន។ ជា​ទូទៅ​ អាល្លែកហ្ស៊ីអាហារ មានលក្ខណៈ​ធ្ងន់ធ្ងរ​ឡើង​ៗ មាន​ន័យ​ថា​ប្រព័ន្ធការពារ​ខ្លួន​បញ្ចេញ​ប្រតិកម្មកាន់​តែ​ខ្លាំងឡើង​​ នៅរាល់ពេល​ជួបអាហារ​ជា​ភ្នាក់ងារ​បង្ក​អាល្លែកហ្ស៊ី។

ចំណីអាហារ​ដែល​ងាយ​បង្ក​អាល្លែកហ្ស៊ីជាងគេ​សម្រាប់​កុមារ មានដូច​ជា ស៊ុត ទឹកដោះគោ សណ្តែកដី ផ្លែមានសម្បក​រឹង ត្រី។ ប៉ុន្តែអាល្លែកហ្ស៊ី​នឹង​​ទឹកដោះគោ ឬ​ស៊ុត ច្រើន​តែ​បាត់​ទៅ​វិញ នៅ​ពេលក្មេង​លូត​លាស់កាន់​តែធំ​ទៅ។ ឯ​ការ​អាល្លែកហ្ស៊ីនឹងសណ្តែក​ដី អាច​ជា​តែ​ប្រមាណ​២០%​ប៉ុណ្ណោះ។

ចំណែក​មនុស្ស​ធំ​វិញ ច្រើនតែមាន​ករណី​​អាល្លែកហ្ស៊ីនឹង​ផ្លែឈើ​ក្នុង​ចង្កោមគ្រួសារ​ផ្លែ​ប៉ោម ផ្លែព័រ(សេរី) អាប្រ៊ីកូ ផ្លែឈេរី  ក្នុង​ចង្កោម​គ្រួសារផ្លែ​គីវី ផ្លែ​ប័រ ចេក កៅឡាក់ បន្លែ​ខ្លះ ផ្លែមានសម្បករឹង​ ដូច​ជាអាមិន គ្រាប់​រីករាយ ស្រូវ​សាលី សណ្តែកដី និង​ស៊ុត​ ព្រមទាំង​ត្រី​ គ្រឿង​សមុទ្ទ ងាវ​គ្រំ។ល។

របៀបចំអិន​ របៀប​ទុកដាក់ ការ​ចិត​សំបក​ អាច​ដើរ​តួ​សំខាន់​ក្នុង​នាំ​ឱ្យ​មានអាល្លែកហ្ស៊ីចំណីអាហារ។ ហើយ​ជាងនេះ​ទៅ​ទៀត មិន​ខ្វះ​ទេ​ករណី​​អាល្លែកហ្ស៊ីឌុប គឺអាល្លែកហ្ស៊ីផ្លូវ​ដង្ហើម​ផង អាល្លែកហ្ស៊ីចំណីអាហារ​។

អាល្លែកហ្ស៊ីថ្នាំ ឬ​ថ្នាំ​នាំ​ឱ្យ​មានអាល្លែកហ្ស៊ី ច្រើនជាពពួក​ថ្នាំ​ផ្សះ ថ្នាំ​បំបាត់​ការរលាក និង​ថ្នាំសន្តំខ្លះ។ ជា​ចុងក្រោយ​អាល្លែកហ្ស៊ីពិស កើត​ឡើង​នៅ​ពេល​ត្រូវ​ឃ្មុំ ស្រាំង ឱម៉ាល់ ទិច ឬ នៅ​ពេល​មានពស់​ចឹក​។

ហេតុអ្វី​អាល្លែកហ្ស៊ីផ្លូវ​លើ​ និង​អាហារ​កើន​ឡើងខ្លាំង?

មានហេតុផល​ច្រើនដែល​អាចពន្យល់​​បានថា​ហេតុអ្វី​បានជាមានអ្នក​ខ្លះ​ចេះ​តែអាល្លែកហ្ស៊ី អ្នកខ្លះអត់។ មូលហេតុ​ដំបូង គឺ​កត្តា​ហ្សែន/ពូជ។ អ្នកខ្លះកើត​មក​យកលក្ខណៈងាយ​អាល់ឡែកហ្ស៊ី​មក​ជាមួយ ជួន​ដោយ​ហេតុ​តែ​​ហ្សែន​បន្ត​ពី​ឪពុកឬម្តាយ​ ជួន​បណ្តាល​មក​ពី ហ្សែន​ស្រាប់​តែ​ដើរ​ខុស​ប្រក្រីតី ដែល​បណ្តាល​មក​ពី​​កត្តាបរិស្ថាន ​ដូច​ជា​ ខ្យល់ពុល ឬ​ការប្រែប្រួលអាកាសធាតុ។

គឺ​ដោយ​ហេតុ​កត្តាបរិស្ថាន​នេះហើយដែលធ្វើ​ឱ្យ​ចំនួន​មនុស្សកើត​អាល្លែកហ្ស៊ី​​មានកំណើន​គួរ​សម្គាល់​នាពេលនេះ។ នៅពេលនិយាយ​អំពី​កត្តា​បរិស្ថាន គេតែង​គិតដល់និង​បន្ទោស​ខ្យល់​ពុលមុន​គេ ព្រោះ​ការ​ប្រឈម​នឹង​ធាតុ​ខ្លះក្នុង​ខ្យល់ពុលអាចធ្វើ​ឱ្យ​ហ្សែនមនុស្ស​ចេះ​ បំប្លែងខ្លួន រូច​វិវឌ្ឍ​ទៅ​ជា​ជំងឺ​អាល្លែកហ្ស៊ី។​ បន្ទាប់​មកទៀត គឺការ​ប្រែប្រួលអាកាសធាតុ។ ការ​ឡើង​កម្តៅ​សីតុណ្ហភាព​បានធ្វើ​ឱ្យ​រដូវ​ផ្ការីក​និង​ដាក់លម្ពង​ ឆាប់​ចាប់​ផ្តើម និង​អូស​បន្លាយ​​ពេលវេលាកាន់​តែ​វែង។ ដូច្នេះ​យើង​ត្រូវ​ប្រឈមនឹង​វត្តមាន​លម្អង​ផ្កា ក្នុង​បរិយាកាស​​កាន់​តែយូរ ហានិភ័យ​នៃ​​អាល្លែកហ្ស៊ីលម្អង មាន​កាន់តែ​ខ្ពស់។ ជាង​នេះ​ទៅ​ទៀត នៅពេល​កំហាប់​ជាតិ​ពុលឌីអុកស៊ីត​ដឺកាបូន (CO2) ក្នុង​ខ្យល់បរិយាកាសមានកាន់​តែខ្ពស់ ការផលិត​លម្អង​ក៏​កើន​ឡើង​ខ្លាំងដែរ។ គេប៉ាន់​ប្រមាណថា​ បរិមាណ​លម្អង​នឹង​កើន​ឡើង​បន្ថែមទៀត​ប្រមាណ​៤០%​នៅ​ដំណាច់​សតវត្សរ៍​ ហើយបន្តិច​ទៀត​​យើង​គ្រប់​គ្នាច្បាស់​​នឹង​ចេះ​ហូរ​សំបោរ​ហៀរ​ទឹក​ភ្នែក​ព្រោះ​អាល្លែកហ្ស៊ី​ ជា​មិន​ខាន។

មិន​ខុស​ពី​អាល្លែកហ្ស៊ីផ្លូវ​ដង្ហើម អាល្លែកហ្ស៊ីអាហារ និង បានកើន​ឡើង​ជាលំដាប់​។ សម្មតិកម្មពន្យល់អំពី​កំណើន​អាល្លែកហ្ស៊ីអាហារ​ក៏​មានច្រើនដែរ។

ភាព​សម្បូរ​បែប​នៃចំណីអាហារ។ តាម​រយៈ​ការ​រីកចម្រើន​ផ្នែក​ចរាចរណ៍​ផ្លូវ​អាកាស មនុស្សលោកធ្វើ​ដំណើរ​កាន់តែច្រើន​ឡើងៗ​តាម​យន្តហោះ និង​សកលភាវូបនីកម្ម​នៃស្បៀងអាហារ យើងបាន​ជួប ​បាន​បរិភោគចំណីអាហារ​ប្លែកៗ​ដែល​ដូនតា​យើង​មិនធ្លាប់​​ស្គាល់ មិនធ្លាប់​ឃើញ។ ការ​​ឆាប់​ផ្តល់អាហារ​ប្លែកៗ​ពេកដល់​ទារក​​ត្រូវ​បាន​គេ​ភ្ជាប់​ថា​ជា​ហេតុ​ផលមួយ​នៃ​អាល្លែកហ្ស៊ីចំណីអាហារដែរ។ នេះជា​សម្មតិកម្មទី​មួយ​។ បន្ទាប់​មកទៀត វឌ្ឍនភាព​នៃ​ការ​ជ្រើសរើស​ពូជ​រុក្ខជាតិ​មកដាំ មិន​ថា​ជាដំណាំ​ស្រូវ​ ដំណាំ​ដើមឈើ​ស៊ីផ្លែ ឬ​បន្លែ​ទេ ត្រូវ​បាន​បង្កាត់​ បន្សុទ្ធ​ធ្វើ​យ៉ាង​ណា​ឱ្យ​ខាងតែ​បានពូជ​ល្អ​ តែ​ការ​នេះបានប្តូរផ្លាស់​សមាសធាតុ​គីមី​របស់​បន្លែ​ផ្លែឈើ​និងធញ្ញជាតិ​ទាំងនោះ​ខ្លាំងណាស់។ រីឯ​ការ​ផលិត​អាហារតាម​បែប​កសិឧស្សាហកម្មវិញ ចំណីអាហារ​នំនែកម្ហូបសម័យ​ថ្មី​​ ត្រូវ​បាន​បង្កើត​ថ្មី​ជាមួយ​គ្រឿង​ផ្សំ​ថ្មី​ ប្លែក តាម​វិធីនិង​ដំណើរការ​ថ្មី​ទំនើប ដែល​ជំរុញ​ឱ្យ​មាន​អាល្លែកហ្ស៊ីថ្មី។ បើ​តាមអ្នកវិទ្យាសាស្ត្រ​ខ្លះទៀត ​យល់ថា​​ ការ​រស់​ក្នុង​ភាពស្អាតអនាម័យ​ខ្លាំង ដោយ​ទារក​-ក្មេងបច្ចុប្បន្ន ​​មិន​សូវ​បាន​ប៉ះ មិនសូវ​បានជួប​ពពួក​មីក្រូសរីរាង្គ​ (មីក្រុប​ មេរោគ) ក្នុង​បរិស្ថាន ក្នុង​អាហារ ក៏​ជាប្រភព​​បើក​ផ្លូវ​សម្រួល​ឱ្យ​ងាយ​មានករណី​អាល្លែកហ្ស៊ីដែរ។

ជា​ចុងក្រោយ​ គឺឥទ្ធិពល​អវិជ្ជមាន​នៃខ្យល់​ពុល នៃ​ផ្សែង​ចេញពី​ចំណេះប្រេង​ម៉ាហ្សូតជា​ឧទាហរណ៍ ជា​ភ្នាក់​ងារ​នាំ​ឱ្យ​​មានអាការៈ​​អាល្លែកហ្ស៊ីជា​ទូទៅ​តែម្តង៕

​​