Opens in a new window
គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា
22 July 2026

គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា

នាទីសុខភាពនិងអនាម័យ

About

ថែរក្សា​សម្រស់​ក៏​ជា​ផ្នែក​មួយ​នៃ​សុខភាព​ដែរ ព្រោះ​យើង​នឹង​មាន​អារម្មណ៍​ល្អ ​នៅពេល​ឃើញ​ខ្លួន​ស្អាត រូបរាង សាច់ ល្អ។  ប៉ុ់ន្តែជួនកាល ដោយហេតុ​តែ​ចង់​ល្អ ចង់ស្អាតពេក និង គ្មាន​ព័ត៌មាន ត្រឹមត្រូវ ហើយ​ជឿ​ផ្អើល​តាមការឃោសនាទៀត ​របៀប​សម្អិត​សម្អាង​ខ្លួន​អាច​ក្លាយ​ជា​គ្រោះ​ថ្នាក់​ទៅ​វិញទេ មាន​ជា​អាទិ៍​ការប្រើប្រាស់​ផលិតផលសម្អាង​ច្រើន​មុខ ចូល​គ្នា។

ផលិតផល សម្អាង មាន ច្រើនមុខណាស់ ក្រែម ឡេ សេរ៉ូម ឡូសិន ... ក្រោមឥទ្ធិពលនៃបណ្តាញសង្គម នៃ​អ្នក​ផ្សព្វផ្សាយ ការប្រើប្រាស់​ផលិតផល​សម្អាង ថែស្បែក​បានកើន​ឡើង​ជា​លំដាប់ ទាំង​ចំនួន​អ្នកប្រើប្រាស់ ទាំង​ចំនួន​ផលិតផល​លាប​លើ​ស្បែក។ បញ្ជី ឈ្មោះ ផលិតផលសម្អាង​ បាន​ថែម ជា​បន្ត កាន់​តែ​វែងឡើងៗ។ ទិន្ននាការ​ប្រើ​ផលិតផល​សម្អាង​លាប​លើ​ស្បែក​ ​ច្រើន​មុខ ច្រើន​ប្រភេទ​ មួយ​ហើយ​មួយ​ទៀត​​បន្ត​បន្ទាប់​គ្នា​ ទម្រាំ​ដល់​វគ្គ​ផាត់​ម្សៅ កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​បណ្តាញ​សង្គម​​។ តើ លោក អ្នកនាង ប្រើ ផលិតផលអ្វី ខ្លះ និង ប៉ុន្មាន មុខ ដែរ ក្នុង ថ្ងៃៗ ?

នៅប្រទេសកូរ៉េខាងត្បូង ការថែរក្សា ស្បែកឱ្យសរលោងជាប្រពៃណី តាំង​ពី បុរាណកាល​មក និង ត្រូវ បាន ស្ត្រីកូរ៉េ ចាត់ ទុក ថា ជា ធនធាន ដ៏ចាំបាច់ នៃ សុខភាព ផង។ វប្បធម៌ ថែធួន សំអិតសម្អាង​ស្បែក និង ផលិតផលសម្អាង បែប​កូរ៉េ ក៏ កំពុង​ពេញនិយម​ខ្លាំង នៅ អាស៊ី និង ហៀ មក ដល់ អឺរ៉ុប ទៀត។

នៅប្រទេស​បារាំង ​ស្ត្រីបារាំង​ម្នាក់ៗ​ប្រើ​ផលិតផល​សម្អាងសម្រាប់​លាប​លើ​ស្បែក ដល់​ទៅ ១៦​មុខ ជា​មធ្យម ក្នុង​មួយ​ថ្ងៃៗ។ នេះ​បើតាមការ​សិក្សា​របស់​វិទ្យាស្ថាន ជាតិសុខភាព និង ស្រាវជា្រវវេជ្ជសាស្ត្រ (Inserm) ដែល​ទើប​ចេញ​សេចក្តី​បំភ្លឺ​យ៉ាង​ជាក់លាក់​ស្តីពី ​ភាព​ប្រឈម នៃ​ការប្រើប្រាស់​ផលិតផល​សម្អាង​ប្រចាំថ្ងៃមក​លើសុខភាព​អ្នកប្រើប្រាស់ ។

ផលិតផលសម្អាង អឺរ៉ុប អាមេរិក និង កូរ៉េខាងត្បូង សុទ្ធ​តែ​មានគុណភាពខ្ពស់ ជា​ផលិតផល​ល្អ ឆ្លងកាត់​ការសិក្សា វិភាគ និង​ធ្វើ​តេស្ត​លើ​ស្បែក។ ប៉ុន្តែ ទោះ​បីជា ការ​រក្សា សម្ផស្ស-សម្រស់ ជាផ្នែកមួយ​នៃ​សុខភាព​មែន ក៏គេ​ត្រូវ​ព្រួយ​បារម្ភ​ដែរ ព្រោះ​ការ​ប្រើប្រាស់ ផលិតផល​សម្អាង​ច្រើន​មុខ​ពេក អាច​ជា​តំណាង​គ្រោះ​ថ្នាក់ សម្រាប់​ស្បែក សម្រាប់ សុខភាព ជា​ទូទៅទៅ​វិញ​ទេ។ អ្នកវិទ្យាសាស្ត្រ និង​ក្រុម​គ្រូពេទ្យ​ជំនាញ​ស្បែក បាន​ទាញ សញ្ញា​អាសន្ន​ពីគ្រោះថ្នាក់ នៃ​ការ​ប្រើ​ផលិតផល​សម្អាង​ច្រើន​មុខ​ចូល​គ្នា ដោយ​ខ្វះ​ការ យល់​ដឹង អំពី​ប្រតិកម្ម ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​សារធាតុ​គីមី​ក្នុង ផលិតផល​នីមួយៗ បាន​មក​ជួប​គ្នា នៅ​លើ​ស្បែក និង ដោយ​ជឿ​តាម​ពាក្យ​ឃោសនា ឬ រូបភាព​បង្ហោះ បង្ហាញ​របស់​នាងៗ អ្នកផ្សព្វផ្សាយ​លក់​តាម​អ៊ីនធ័រនែត និង influenceurs។

ការ​ថែរក្សា​សម្រស់​ត្រូវ​បាន​គេ​ចាត់​ទុក ជា​ផ្នែក​មួយ​នៃ​សុខភាព។ ដូច្នេះ ការ​ពិគ្រោះ យោបល់ ពី​អ្នក​មាន​ជំនាញ ឬ ជា​គ្រូពេទ្យ​សើស្បែក អាចជា​ការ​ចាំបាច់។ ក្រៅពី ត្រូវ ប្រយ័ត្ន ចំពោះ​ផលិតផល​ក្លែងក្លាយ ដែល​ផ្សំ​ឡើង ដោយ​គ្មាន​ការត្រួត​ពិនិត្យ យើង​ត្រូវ​ចេះ​ជ្រើសរើស​ផលិតផល​ពិត មាន​គុណភាព​ខ្ពស់ បាន​ឆ្លងកាត់ការ​ពិសោធន៍​​ត្រឹម​ត្រូវ។ សូមប្រុងប្រយ័ត្ន ចំពោះ​ការ​ឃោសនា​ដ៏​អស្ចារ្យ។ ក្នុងផ្នែកសម្ផស្ស ក៏ដូចជា​សុខភាព ដើម្បី​បញ្ចៀស​គ្រោះតូច ឬ គ្រោះធំ ត្រូវសិក្សា និង ពិចារណា​ឱ្យបាន​ល្អិតល្អន់​សិន ​មុន​នឹង​ជឿ​តាម​ការផ្សព្វផ្សាយ។

 ផលិតផលល្អ ជាផលិតផលមាន​គុណភាព។ ផលិតផល​មាន​គុណភាព​ត្រូវ​ឆ្លង​កាត់​ធ្វើ តេស្ត​លើ​ស្បែក។ ដើម្បី​អាច​ឈាន​ដល់​ដំណាក់កាល ធ្វើ​តេស្ត​លើ​ស្បែក ត្រូវមាន​សំណៅ និងលទ្ធផល​វិភាគ​ច្រើន​នៅ​មន្ទីរពិសោធន៍។ ផលិតផល​សម្អាង​មកពី អឺរ៉ុប សហរដ្ឋ អាមេរិក និង កូរ៉េខាងត្បូង ភាគ​ច្រើន ជា​ផលិតផលល្អ បានឆ្លងកាត់​ការធ្វើ​តេស្ត និង វិភាគ នៅលើ​ស្បែក។ បើជា​ផលិតផល​សម្អាង ផ្សំ​ធ្វើ​ដោយ​ខ្លួន​ឯង អាច​ល្អ ព្រោះ​មាន​គ្រឿង​ផ្សំតិច ជា​របស់​ធម្មជាតិ ប៉ុន្តែ​ត្រូវ​​ប្រយ័ត្ន​រឿងរក្សា​ទុក​ដាក់។ នៅក្នុង​ប្រទេស​មា​នអាកាសធាតុ ក្តៅ សើមដូច​នៅ​ស្រុក​ខ្មែរ​ត្រូវ​រក្សា​គ្រឿង​ផ្សំ និង ផលិតផល​សម្រេច​នៅ​ក្នុង​ទី​ត្រជាក់ ទូរ​ទឹកកក (មិន ទូរ កកទេ) រវាង ពី ៤ទៅ ៨ អង្សា។ លាយ​មិន​ត្រូវ​ក្បួន លើស​បរិមាណ តខុស​សីតុណ្ហភាព​ ផលិតផល​សម្អាង​ដែល​គ្មាន​គុណភាព នឹង​ក្លាយ ជា​អាវុធ​បំផ្លាញ​ដោយធ្វើ ឱ្យ​ស្បែក ឡើងស្ងួត ងាយមានប្រតិកម្ម អាល់ឡែកហ្ស៊ី រលាករោល ស្បែក ស្តើង ខូច​រនាំង​ការពារ​ស្បែក។ល។

បញ្ហា​សុខភាព​បង្ក​ឡើង​ដោយ​ផលិតផល​សម្អាង​មិនមែន​បណ្តាល​មក​តែ​ពី​បញ្ហា គុណភាព​របស់​​ផលិតផលតែម្យ៉ាង​ទេ តែក៏អាច​បណ្តាល​មក​ពី​ប្រតិកម្ម នៅពេល​ផលិតផល​ទាំងអស់​នោះ​​ប្រើរួម​គ្នា នៅលើ​ស្បែកតែ​មួយ និងក្នុង​ពេល​តែមួយ។ សារធាតុ រ៉េទីណុល Rétinol -សារធាតុ AHA ​អាស៊ីត​ផ្លែឈើ ឬអាស៊ីតហ្គីកូលីក (acides de fruits comme l’acide glycolique) និង អាស៊ីត​សាលីស៊ីលិក BHA (acide salicylique) សុទ្ធ​សឹង ជា​សារធាតុ​សកម្ម ដែលទៅ​ជួយ​បំប៉ន​កោសិកាឱ្យ​ក​កើត​ជា​ថ្មី ពោល​គឺ​ជួយ​ស្បែក​ឱ្យ​នៅ​ក្មេង។ ប៉ុន្តែ សារធាតុ​ទាំងបី​នេះ ងាយ​ធ្វើ​ឲ្យ​ស្បែក​រោលរលាកណាស់ និង​មិន​ត្រូវ​ប្រើ​ច្របល់​ចូល​គ្នា ទេ។ ដូច្នេះ ផលិត​សម្អាង​មាន​ផ្ទុក​សារធាតុ​រ៉េទីណុល និង​អាស៊ីសាលីស៊ីលិក មិន​អាច​ប្រើ ចូល​គ្នា​បាន​ទេ ព្រោះ​ធាតុ​ផ្សំ​ពីរនេះ មាន​បម្រើបម្រាស់​តែមួយ គឺ​ទៅ​ជួយ​ភ្ញោចស្បែក​ ដូច​គ្នា។ នៅ​ពេល​មាន​ជំនួយភ្ញោចខ្លាំង​ពេក ​ស្បែក​អ្នកច្បាស់​ជា​នឹង​ងាយ​រលាក​ជាក់ជា​មិន ខាន។ នេះ​បើ​តាម​ការពន្យល់ របស់លោកស្រី Martine Baspeyras ប្រធានសមាគម​បារាំង ផ្នែកសម្ផស្ស​នៃ​វេជ្ជវិទ្យា​រោគ​ស្បែក Société Française d’esthétique en dermatologie។

អ្នក​ជំនាញដដែលនេះ បាន​សម្តែងការ​សោក​ស្តាយ យ៉ាងខ្លាំង ចំពោះការ​ប្រើប្រាស់​ជាតិ រ៉េទីណុលមិនត្រឹម​ត្រូវ។ រ៉េទីណុល ជា​សារធាតុ​សកម្ម​មាន​ប្រសិទ្ធភាព​ខ្ពស់ និងត្រូវ​ប្រើ ដាច់​ដោយ​ឡែក​ពី​គេ ឬ​តែឯង គ្មានលាយជាមួយសារធាតុ​​អ្វីផ្សេង និង​ដោយ​មាន​កំរិត។ ជាការគិតខុស​ទាំងស្រុង និង​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​បាន ប្រសិនបើ​ស្ត្រី​ណា​ហ៊ាន ប្រើ រ៉េទីណុលច្រើន ដើម្បី​ទទួល​បាន​លទ្ធផលឆាប់​។ ផលិតផល​មាន​ផ្ទុក​សារធាតុ រ៉េទីណុល ត្រូវ​ប្រើ នៅ​ពេល​យប់ បីដង ក្នុង​មួយ​សប្តាហ៍​យ៉ាង​ច្រើន និង អាស្រ័យ​​ទៅលើ​ប្រភេទ​ស្បែក របស់​អ្នកប្រើប្រាស់​ទៀត។ អ្នក​មាន​ស្បែក ងាយ រងប្រតិកម្ម មិនគួរ​ប្រើ​ផលិតផល មាន​ផ្ទុក​សារធាតុ​​រ៉េទីណុល​ទេ។

ក្រៅពី​ប្រតិកម្ម ជា​យថាហេតុ នៃល្បាយធាតុសកម្ម ដោយ​ការ​ប្រើប្រាស់​ផលិតផល​សម្អាង មិន​​ត្រូវ​តាមក្បួន នៅមាន​សារធាតុ​ផ្សំ ជាច្រើន​ផ្សេង​ទៀត ដែល ខ្លះ​ត្រូវ​បានហាមឃាត់ ដោយអឺរ៉ុប ដោយអាជ្ញាធរបារាំងហើយ តែ​អនុញ្ញាតឲ្យប្រើ​នៅប្រទេសផ្សេង អាច​បង្កគ្រោះ ថ្នាក់​ដល់សុខភាព។ ការប្រើប្រាស់​ផលិតផល​សម្អាង​ច្រើនមុខ ច្រើនបែប លាយ​ចម្រុះគ្នា​ ក្នុង​ពេល​តែមួយ ជា​រៀងរាល់​ថ្ងៃ ប្រៀប​ដូចយក​ស្បែក ទៅដាក់​​ប្រឈម​នឹងសារធាតុ​គីមី  ច្រើន​មុខ ដែល​ខ្លះ​អាច​​ប៉ះពាល់ ដល់​ប្រព័ន្ធ​អរមូនលូតលាស់ និង​ដែល​ជាហេតុនាំ​ឲ្យមាន បញ្ហា​សុខភាព បន្តពូជ ពិបាក​បង្កកំណើត​កូន និង ធ្ងន់ធ្ងរ​ខ្លាំងដោយ​​នាំ​ឲ្យកើត​ជំងឺមហារីក សុដន់ មហារីកប្រព័ន្ធអរមូន។

បើតាមការសិក្សា​របស់​វិទ្យាស្ថាន​ជាតិ​សុខភាព និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បារាំង ឈប់​ប្រើ​ផលិតផល​សម្អាង តែ៥ថ្ងៃ អត្រា​ជាតិ​ពុល ប៉ារ៉ាបិន​ក្នុង​ទឹកនោម បានថយ​ចុះ​អស់ ២០% និង ជាតិ​គីមី​ពុល ប៊ីហ្វេណុលអា បាន​ធ្លាក់​ចុះ​អស់ ៤០%។ ជាតិ​គីមី​ពុល​ទាំង​នេះ ត្រូវ​បាន គេចាត់ទុកជា​ពពួក​សារធាតុ​គីមី​រំខាន ដល់​ប្រព័ន្ធ អរមូន​លូតលាស់ PE។ ដូច្នេះ តើ គួរ ព្រួយ បារម្ភ នឹងការ​ប្រើប្រាស់​ផលិតផល​សម្អាង ច្រើន​មុខ​ច្របល់គ្នា ជា​ប្រចាំ​ទៀតទេ? សម្រាប់​ក្រុមគ្រូពេទ្យ​ជំនាញ ការថែរក្សា​ស្បែក ដែល​ប្រពៃ ជាងគេ​បំផុត គឺការ​​ប្រើ​ជំនួយ​ជា​ផលិតផល​សម្អាង ដ៏​តិចតួចបំផុត។ បើ​ស្បែក​ស្ងួត ខ្លាំង អាចប្រើ​តែ សេរ៉ូម និង ឡេ ផ្តល់​សំណើម​ជា​ការ​ស្រេច។ ដើម្បី​ការពារ​ស្បែក ពី រស្មី អុលត្រាវីយូឡេ សូម​ប្រើ​ឡេការពារ​កំដៅ​ថ្ងៃ ដែល​អាច​លាប​បន្ថែម ជា​រៀងរាល់ ពីរ ម៉ោង ម្តង ៕