
ការសិក្សាជប៉ុន៖ ចាស់ទៅធ្វើម្ហូបខ្លួនឯង ជួយកាត់បន្ថយគ្រោះកើតជំងឺវង្វេង
នាទីសុខភាពនិងអនាម័យ
អ្នកស្រាវជ្រាវជប៉ុនបានសិក្សាឃើញថា មនុស្សចាស់ចូលចង្ក្រានធ្វើម្ហូបបរិភោគដោយខ្លួនឯង មានហានិភ័យកើតជំងឺវង្វេងទាប។ អ្នកដែលមិនធ្លាប់ធ្វើម្ហូបអាហារពីក្មេង ហើយងាកមកផ្តើមធ្វើម្ហូបនៅវ័យចំណាស់ កាន់តែទទួលបានផលល្អ ដោយអាចកាត់បន្ថយគ្រោះភ្លេចវង្វេងបានច្រើនខ្លាំងណាស់ ដល់ទៅ៦៧%ឯណោះ។ តើអ្នកស្រាវជ្រាវ អាចពន្យល់អំពីទំនាក់ទំនងនៃការធ្វើម្ហូបនិងការកាត់បន្ថយគ្រោះកើតជំងឺវង្វេងវង្វាន់យ៉ាងដូចម្តេច?
ដោយសារតែភាពចាស់ជរានៃប្រជាជននៅលើពិភពលោក និងដោយហេតុតែគ្មានថ្នាំព្យាបាលឱ្យជា ជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរ បានក្លាយជាបន្ទុកកាន់តែធ្ងន់ឡើងៗសម្រាប់សង្គម និងមនុស្សជាតិ។ ប៉ុន្តែអ្នកជំនាញដឹងថា ជិតពាក់កណ្តាលនៃករណីអាល់ហ្សៃមែរនៅពិភពលោកអាចបញ្ចៀស និងការពារ ឬយ៉ាងហោចណាស់ក៏អាចបង្អូសពន្យារពេលកុំឱ្យឆាប់កើតជំងឺវង្វេងបានដែរ តាមរយៈវិធីបង្ការជាច្រើនយ៉ាង។ ដូច្នេះយើងត្រូវដឹងនិងចេះជ្រើសរើសវិធីបង្ការទើបប្រឹងទៅបានផល។ ការការពារ បង្ការជំងឺវង្វេងអាល់ហ្សៃមែរ បានក្លាយជាប្រធានបទនៃរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់មូលនិធិយកឈ្នះជំងឺវង្វេងវង្វាន់នៅប្រទេសបារាំង។
ចុះបើមានវិធីមិនបាច់ប្រឹង សាមញ្ញ ចំណេញក្រពះ ហើយអាចជួយបង្ការនិងកាត់គ្រោះកើតជំងឺវង្វេងវង្វាន់ដ៏គួរខ្លាចនោះបាន តើអ្នកស្ម័គ្រធ្វើតាមទេ?
អ្នកស្រាវជ្រាវជប៉ុនបានចង្អុលបង្ហាញគន្លងមួយដែលងាយ និងអាចមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺវង្វេងវង្វាន់ នោះគឺ ការធ្វើម្ហូបបរិភោគដោយខ្លួនឯង។
គុណប្រយោជន៍នៃការធ្វើម្ហូបចំពោះសុខភាព ធ្លាប់ត្រូវបានអ្នកស្រាវជ្រាវលាតត្រដាងច្រើន មកហើយ។ ការសិក្សាខ្លះ បានចាត់ទុកការធ្វើម្ហូបជាយុទ្ធសាស្ត្រដ៏អស្ចារ្យសម្រាប់មានសុខភាពល្អ។ បរិភោគម្ហូបធ្វើខ្លួនឯងនៅផ្ទះ នឹងនាំឱ្យមានសុខភាពល្អ មិនងាយកើតជំងឺទឹកនោមផ្អែម ជំងឺធាត់ជ្រុល ឬជំងឺសរសៃឈាមបេះដូង និងផ្តល់ផលល្អដល់ខួរក្បាល។ នៅឆ្នាំ២០២២ ការសិក្សាអូស្រ្តាលីក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងជំងឺធាត់ជ្រុលចុកខ្លាញ់ បានអះអាងថាការធ្វើម្ហូបដោយខ្លួនឯង អាចជួយស្តារសុខភាពផ្លូវចិត្តឱ្យបានប្រសើរឡើង។ ឥទ្ធិពលនៃសកម្មភាពធ្វើម្ហូបចំពោះផាសុកភាពផ្លូវកាយនិងផ្លូវចិត្ត នឹងស្តែងឡើងនៅ៧សប្តាហ៍ បន្ទាប់ពីបានចូលចង្ក្រានធ្វើម្ហូបដោយទៀងទាត់។
តែពេលនេះ អ្នកវិទ្យាសាស្ត្រជប៉ុនសិក្សាឃើញទៀតថា មនុស្សចាស់ធ្វើម្ហូបពិសាដោយខ្លួនឯង តែម្តងក្នុងមួយសប្តាហ៍ គ្រប់គ្រាន់នឹងកាត់បន្ថយគ្រោះកើតជំងឺអាល់ហ្សៃមែរ បានមួយភាគបួន។ ការសិក្សាជប៉ុននេះមានចុះផ្សាយនៅទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រសុខភាព Journal of Epidemiology and Community Health ថ្ងៃទី ២៤មីនាឆ្នាំ២០២៦។
ដើម្បីអាចចេញសេចក្តីសន្និដ្ឋាន អ្នកស្រាវជ្រាវជប៉ុន បានសិក្សាតាមដានក្រុមមនុស្សចាស់ជប៉ុន អាយុទាបបំផុត ៦៥ឆ្នាំ រយៈពេល៦ឆ្នាំជាប់គ្នា (២០១៦-២០២២)។ ជាលទ្ធផល មនុស្សចាស់ណាបានចូលចង្ក្រានធ្វើម្ហូប យ៉ាងហោចម្តងក្នុងមួយសប្តាហ៍ មានហានិភ័យធ្លាក់ខ្លួនឈឺរោគវង្វេងថយអស់ប្រមាណពី២៣%សម្រាប់មនុស្សប្រុស និង២៧%សម្រាប់មនុស្សស្រី បើប្រៀបទៅនឹងចាស់ដែលមិនចូលធ្វើម្ហូបសោះ ឬគ្មានទម្លាប់ធ្វើម្ហូបខ្លួនឯង។ គួរឱ្យកត់សម្គាល់ខ្លាំងនិងជាពិសេស ជាងនេះទៅទៀត គ្រោះកើតជំងឺអាល់ហ្សៃមែរ បានធ្លាក់ទាបខ្លាំង (ថយ-៦៧%) ចំពោះមនុស្សចាស់ណាដែលមិនធ្លាប់ធ្វើម្ហូបពីមុន ឬមិនប្រសប់ធ្វើម្ហូបកាលពីនៅក្មេង។ និយាយបែបផ្សេង មិនចេះធ្វើម្ហូបពីក្មេងតែចាស់ឡើងចូលចង្ក្រាន ស្លពិសាខ្លួនឯង អាចកាត់បន្ថយគ្រោះហានិភ័យមានជំងឺវង្វេងបានដល់ទៅ៦៧%។
ហេតុអ្វី? តាមបែបអេពីដេមីសាស្ត្រ ការសិក្សានេះមិនអាចសន្មត់ដោយជាក់លាក់អំពីហេតុនិងផលនៃទំនាក់ទំនងរវាងការធ្វើម្ហូបនិងជំងឺវង្វេងវង្វាន់បានទេ។ ប៉ុន្តែក្រុមស្រាវជ្រាវជប៉ុនដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ យុកាកូ តានី (Yukako Tani) នៅវិទ្យាស្ថានវិទ្យាសាស្ត្រក្រុងតូក្យូ បានផ្តល់សម្មតិកម្មដូច្នេះថា គុណសម្បត្តិនៃការធ្វើម្ហូបចំពោះជំងឺវង្វេងវង្វាន់ ទំនងដោយសារការបញ្ចេញសកម្មភាព ចលនា ផ្នែករាងកាយ និងខួរក្បាល។ ធ្វើម្ហូបតម្រូវឱ្យប្រើកម្លាំងកាយ និងការគិត។ ដើម្បីធ្វើម្ហូបបានមួយចាន/មុខ គេចាំបាច់ត្រូវធ្វើសកម្មភាពច្រើនយ៉ាង ដូចជា ទៅផ្សារទិញបន្លែត្រីសាច់ រៀបគ្រឿងផ្សំ ត្រូវក្រោកឈរក្រោកអង្គុយ ពេលឆា ពេលស្ល។ រួចនៅពេលសម្លបាយឆ្អិន ត្រូវរៀបចំទុកដាក់ សម្អាត ចង្ក្រានចានឆ្នាំងទៀត។ លោកស្រី យុកាកូ តានី បានរំឭកថា ការសិក្សាស៊ុយអែត កាលពីឆ្នាំ២០២២ ក៏បានលាតត្រដាងឱ្យឃើញដូចគ្នាថាសកម្មភាពកំសាន្ត ឬការងារប្រចាំសប្តាហ៍ ដូចជា ធ្វើសួន សម្អាតផ្ទះ ធ្វើជាង សុទ្ធតែអាចកាត់បន្ថយខួរក្បាលមិនឱ្យទ្រុឌទ្រោមលឿនទៅតាមវ័យ។
ធ្វើម្ហូបជាការបំប៉នគំនិត។ ដើម្បីស្លចេញ គេត្រូវការប្រើបញ្ញា ប្រើខួរក្បាល ត្រូវគិតគ្រោង រកមុខម្ហូប ហើយម្ហូបនោះត្រូវស្លយ៉ាងដូចម្តេចបើតាមក្បួន និងមានលំដាប់លំដោយបែបណា ដាក់អ្វីមុន ដាក់អ្វីក្រោយ ចិតយ៉ាងដូចម្តេច និងមានគ្រឿងផ្សំអ្វីខ្លះ ... ខួរក្បាល បញ្ញាស្មារតី បញ្ចេញសកម្មភាពខ្លាំងនៅពេលធ្វើម្ហូប។ នេះបើតាមការពន្យល់របស់លោកស្រីសាស្ត្រាចារ្យ មកកាន់អ្នកសារព័ត៌មាន ដោយបន្ថែមថា ការធ្វើម្ហូបនៅផ្ទះនឹងនាំមកនូវទម្លាប់ល្អក្នុងការទទួលទានអាហារមានគុណភាព មានបន្លែផ្លែឈើច្រើន និងគ្រឿងគីមី កែច្នៃតិច។ ធ្វើម្ហូបខ្លួនឯង ជា សកម្មភាពបីបូកបញ្ចូលគ្នា គឺ ហូបអាហារមានគុណភាពខ្ពស់ បញ្ចេញសកម្មភាពផ្លូវកាយ និងការដាស់បញ្ញា (ប្រើខួរក្បាល)។
ចំពោះលទ្ធផលសិក្សាដែលបង្ហាញពីការកាត់បញ្ចៀសគ្រោះមនុស្សចាស់មានជំងឺវង្វេងបានដល់ទៅដល់ទៅ៦៧% វិញ លោកស្រី យុកាកូ តានី បានលម្អិតថា ធ្វើម្ហូប អាចបំប៉នបញ្ញាស្មារតី និងជាការផ្តល់ឱកាសឱ្យខួរក្បាលបានរៀនសូត្រដើម្បីទ្រទ្រង់សុខភាពខួរក្បាល។ ហេតុដូច្នេះហើយបានអ្នកគ្មានបទពិសោធន៍ខាងធ្វើម្ហូប តែប្រឹងចូលចង្ក្រានស្លដោយខ្លួនឯងនៅពេលចាស់ចូលនិវត្តន៍ តែម្តងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយគ្រោះមានជំងឺភ្លេចវង្វេងបានច្រើន ជាងអ្នកចេះធ្វើម្ហូបពីក្មេង ពីព្រោះពួកគាត់ខំប្រឹងខ្លាំង ប្រឹងប្រើខួរក្បាលលើសអ្នកមានជំនាញខាងម្ហូបអាហារ។
វេជ្ជបណ្ឌិត Catherine Malaplate អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យនិងមហាវិទ្យាល័យវេជ្ជសាស្ត្រនៅក្រុងណង់ស៊ីប្រទេសបារាំង មានសម្មតិកម្មមួយផ្សេងទៀត ទាក់ទងនឹងការធ្វើម្ហូបដែលផ្តល់គុណប្រយោជន៍ដល់សុខភាពខួរក្បាល។ គុណប្រយោជន៍នោះទំនងដោយសារគុណភាពនៃអាហារ ដែលធ្វើដោយខ្លួនឯងនៅផ្ទះ។ នៅពេលធ្វើម្ហូបខ្លួនឯង យើងច្បាស់ជាប្រើរបស់ល្អៗ របស់ស្រស់ៗ សុទ្ធៗ មិនសូវកែច្នៃទេ។ គេបានដឹងយ៉ាងច្បាស់ថាអាហារកែច្នៃ អាហារឧស្សាហកម្ម បំផ្លាញសុខភាពខួរក្បាលខ្លាំងណាស់។ ថ្វីបើការសិក្សារបស់សាស្ត្រាចារ្យ យុកាកូ តានី គ្មានទិន្នន័យបញ្ជាក់អំពីអ្វីដែលអ្នកចូលរួមពិសោធន៍ពិសាក៏ដោយ ក៏ជីវវិទូបារាំង មានជំនឿថាម្ហូបអាហារក្នុងប្រពៃណីរបស់ជនជាតិជប៉ុន ច្រើនផ្សំឡើងដោយ ត្រី និងជាត្រីសម្បូរជាតិខ្លាញ់អូមេហ្កា៣។ ជាតិអូមេហ្កា៣នេះ ពូកែចិញ្ចឹមសរីរាង្គខួរក្បាល និងការពារកោសិកានៃប្រព័ន្ធប្រសាទខួរក្បាលបានល្អណាស់ ពោលគឺខួរក្បាលនឹងមានដំណើរការល្អ ហើយអាចពន្យឺតរោគសញ្ញានៃភាពទ្រុឌទ្រោម ភ្លេចភ្លាំងនិងវង្វេងបាន។ នេះបើតាមប្រសាសន៍របស់អ្នកស្រីCatherine Malaplateដដែល។ ចំណែកនាយិកាមូលនិធិយកឈ្នះជំងឺអាល់ហ្សៃមែរវិញ ចំណីអាហារមិនស្ថិតនៅក្នុងចង្កោមកត្តាហានិភ័យក្រៅខ្លួនបង្កជំងឺវង្វេងវង្វាន់ចំនួន១៤មែន ប៉ុន្តែម្ហូបអាហារអាចចាត់ទុកបានថាកត្តាហានិភ័យមិនផ្ទាល់ នៃជំងឺអាល់ហ្សៃមែរ។ ហេតុដូច្នេះបានជាការសិក្សារបស់លោកស្រី យុកាកូ តានី មិនអាចកំណត់សេចក្តីសន្និដ្ឋានច្បាស់ៗ តែក៏ឡូស៊ិកដែរ និងត្រូវសាកល្បងនៅតាមបណ្តាប្រទេសបស្ចិមលោកជាច្រើនទៀត ដែលមានរបបអាហារបែបផ្សេងពីជប៉ុន៕