Skip to content
Opens in a new window
អត្រា​​អរមូនតេស្តូស្តេរ៉ូនទាប​អាច​បង្ក​ផលវិបាក​អ្វី​ខ្លះ ដល់​សុខភាព?
19 August 2026

អត្រា​​អរមូនតេស្តូស្តេរ៉ូនទាប​អាច​បង្ក​ផលវិបាក​អ្វី​ខ្លះ ដល់​សុខភាព?

នាទីសុខភាពនិងអនាម័យ

About

ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេល​តែ​៥០​ឆ្នាំ អត្រា​អរមូន​បុរស តេស្តូស្តេរ៉ូន ទំនង​ធ្លាក់​ចុះ​អស់​ជាងពាក់កណ្តាល។ មានន័យថា​បុរស​សម័យ​ថ្មី​មាន​អរមូនតេស្តូស្តេរ៉ូន​តិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​យ៉ាងណា ?

អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ជាមធ្យម បាន​ធ្លាក់​ចុះ អស់​ជាង​ពាក់កណ្តាល ក្នុងរយៈពេល តែ​៥០​ឆ្នាំ។ នេះ ជា​លទ្ធផល​នៃ​ការ​វិភាគ​វិទ្យាសាស្ត្រ ដែល​ជា​ការច្របាច់​បញ្ចូល​គ្នា នូវ​ទិន្នន័យ​នៃ​ការសិក្សា​ចំនួន ជាង​៨ពាន់ នៅ​ជាច្រើនប្រទេស ដោយ​មាន​អ្នក​ចូលរួម សិក្សា​ជាង១សែន​នាក់។

តែ​កន្លះ​សតវត្សរ៍​បុរស​បាត់បង់​តេស្តូស្តេរ៉ូន​អស់​ជាង​ពាក់កណ្តាល មិនមែនជាដំណឹងល្អទេ។ ពី​ឆ្នាំ ១៩៧២​ដល់​ឆ្នាំ​២០១៩ កំរិត​តេស្តូស្តេរ៉ូន​ជាមធ្យម​របស់​បុរស បាន​ថយ​ចុះ​៥៤,៣% ហើយ​ការធ្លាក់​ចុះ មាន​ល្បឿនលឿន​ខ្លាំង ចាប់ពី​ឆ្នាំ​២០០០​មក។ នេះជា​សញ្ញា​ដែល​ចង្អុល​បង្ហាញ អំពីគ្រោះ​មាន​​វិបត្តិបន្តពូជ នាពេល​អនាគត។ អ្នកជំនាញ​បាន​ទាញ​សញ្ញា​អាសន្ន ជាស្រេចទៅហើយ​ អំពី​គ្រោះ​បុរស​អសមត្ថភាព ផ្នែក​បន្តពូជ នៅថ្ងៃ​ខាង​មុខ និង សុខភាព​ជាទូទៅ របស់បុរស។

តើតេស្តូស្តេរ៉ូនជា អ្វី ?

តេស្តូស្តេរ៉ូន ជា​អរមូន ផ្លូវ​ភេទ បញ្ចេញ​ដោយ​សរីរៈ​ភេទ មាន​ច្រើនក្នុង​ខ្លួន​​បុរស និង តិចតួច សម្រាប់​ស្ត្រី ទើបបានជា​គេ​ឱ្យ​ឈ្មោះ តេស្តូស្តេរ៉ូន​ថាជាអ័រមូន​បុរស។ អរមូន​នេះ មាន​តួនាទី​សំខាន់​ណាស់ ក្នុង ការទ្រទ្រង់​សុខមាលភាព​អារម្មណ៍ និង រាងកាយ។ ចំពោះ​មនុស្សប្រុស តេស្តូស្តេរ៉ូន​ផលិត​ជា​ចម្បង ដោយ​ពងស្វាស និង មាន​ចំណែក ជួយ​ឲ្យ​សរីរាង្គកាយ​លូតលាស់ មានលក្ខណៈ​ជា​ប្រុស​ពិតៗ ដូចជា ធ្វើ​ឲ្យ​មាន​សំឡេង​គ្រល មាន​រោម​ដុះ​ច្រើន​នៅ​លើ​ខ្លួន​ប្រាណ និងមុខ។ តេស្តូស្តេរ៉ូន ក៏ជា​អ្នក​ចាត់​ចែង គ្រង់គ្រង​ចំណង់​តណ្ហា ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និង ការផលិត គ្រាប់ឈាមក្រហម ព្រមទាំង ស្ពែម៉ាតូហ្សូអ៊ីត។ ពោល គឺ អ័រមូននេះ​មានបេសកកម្ម​ធំ​ណាស់។ ជាតំណាង មោទនភាពបុរស តេស្តូស្តេរ៉ូន​មាន​ឥទ្ធិពល​ដោយផ្ទាល់ទៅលើ ចំណង់​ផ្លូវភេទ​ផង និង​ទៅ​លើ​សមត្ថភាព​រួម​ភេទ​ផង និង​ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង អំពី​ស្ថានភាព​សុខភាព ជាទូទៅ របស់​បុរសទៀត។

ហេតុអ្វីបានជាអត្រាតេស្តូស្តេរ៉ូនបុរសធ្លាក់ចុះខ្លាំងក្នុងរយៈពេល៥០ឆ្នាំនេះ ?

 បើតាមការសិក្សា ដែល​ចេញ​ផ្សាយ​នៅក្នុង​ពេល​សមាគម​អឺរ៉ុប​ផ្នែក​សុខភាព​បន្តពូជ​និង​បង្ក​កំណើតកំពុង​ជួប​ជុំ​គ្នា​ធ្វើ​សន្និបាត​នៅ​ទីក្រុង​ឡុងដ៍​ អត្រាអរមូនតេស្តូស្តេរ៉ូនរបស់​បុរស ជំនាន់​ក្រោយ មានមធ្យមភាគ​ទាប ជាង​មនុស្ស​សម័យមុន ដល់ទៅ​ជាង​​ពាក់កណ្តាល ព្រោះ បុរស​សម័យថ្មី មាន​របបអាហារ របប​ដំណេក និង​សកម្មភាព​ប្រចាំ​ថ្ងៃខុស​ពី​មុន។ ចំណីអាហារកែច្នៃនិង បែបឧស្សាហកម្ម  រយៈពេល​ដេកខ្លីក្រោម៦ម៉ោង និង មិន សូវបញ្ចេញ​កម្លាំង​​ធ្វើចលនារាងកាយ ជះឥទ្ធិពល ដោយ​ផ្ទាល់ ទៅ​លើ​ការផលិត អរមូន​តេស្តូស្តេរ៉ូន។ ដំណេកខ្លីត្រឹម​៥ម៉ោង ក្នុង​មួយ​យប់ ជាច្រើនយប់ជាប់គ្នា អាច​បញ្ចុះ​អត្រា​អរមូន​តេស្តូស្តេរ៉ូន​របស់​យុវវ័យ​មាន​​សុខភាព​ល្អ ប្រមាណ​ពី​១០​ទៅ១៥%បានហើយ។ សភាពធាត់​ជ្រុល និង ជំងឺ​ទឹកនោមផ្អែម បាន​ទៅ​បញ្ចុះអរមូន​តេស្តូស្តេរ៉ូន ហើយងាកទៅ​ដំឡើង​អរមូនអឺស្ត្រូហ្សែន។ បុរស​ជំនាន់ថ្មីខ្លះ មាន​ទុន ពីកំណើត​តិច តែម្តង ក្នុង​ការ​​ផលិតអរមូន​តេស្តូស្តេរ៉ូន ព្រោះតែ ពួកគេ​ឆាប់ប្រឈម​និង​​ទទួល​សារធាតុ​គីមី​ពុល​ពពួក​រំខាន​អរមូន តាំងពីទើប កកំណើត នៅក្នុងពោះម្តាយ។  នេះ​បើ​តាម​ការ​ពន្យល់​លម្អិត​នៅក្នុង​របាយការណ៍​សិក្សា​ដដែល។​

អ្វីជាផលវិបាកនៃការធ្លាក់ចុះអរមូនតេស្តូស្តេរ៉ូន ?

ការ​ធ្លាក់ចុះនៃ​អរមូនបុរស​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ជីវិត​ខ្លាំង​ណាស់។ មាន​​អរមូន​តេស្តូស្តេរ៉ូន​តិច មិន​ប្រាកដ​ថា បុរស​នោះ​​ក្លាយ​​ជា​​មនុស្ស​អារ ជា​​ស្វ័យប្រវត្តិ ដោយ​​មិន​អាច​មាន​កូន​បាន​រហូត​ទេ ប៉ុន្តែ​​លទ្ធភាព​​មាន​កូន​របស់​​បុរស​​ពិត​ជា​​ត្រូវ​​​ចុះ​ខ្សោយ អម​ដោយ​​បញ្ហា​នៅ​​ពងស្វាស​​មួយ​ចំនួន​ទៀតផង។ បន្ថែម​ពី​លើ​​ផលវិបាក​ផ្នែក​​បន្ត​​ពូជ អត្រា​តេស្តូស្តេរ៉ូន​ទាប នឹង​​ធ្វើ​​ឲ្យ​​បុរស​ឆាប់​ចាស់ អារម្មណ៍​មិនល្អ និង ចាប់​មាន​​បញ្ហា​​សរសៃ​ឈាម​​បេះដូង ពោល​គឺ​មាន​អាការៈ​ដូច​មនុស្សប្រុស​​វ័យ​ចំណាស់ មាន​​វិបត្តិ​អស់​រដូវបុរស Andropause លេច​​ឡើង។ ក្នុងដំណើរ​វិវឌ្ឍន៍ តាមច្បាប់​ធម្មជាតិ បរិមាណ​អរមូន​បុរស​តេស្តូស្តេរ៉ូន ឡើង ខ្ពស់​ខ្លាំង​បំផុត នៅ​អាយុ ម្តុំខ្ទង់ ២០ ឆ្នាំ។ ចាប់ពី អាយុ ៣០ឆ្នាំ ឡើងទៅ អត្រា​តេស្តូស្តេរ៉ូន ក្នុង​ឈាម ចាប់​ធ្លាក់​ចុះ​ដោយ​ឯងៗ ក្នុង​កំរិត​១ទៅ ២% ក្នុង​មួយ​ឆ្នាំៗ ហើយ​អាច​ធ្លាក់​ខ្លួន មាន វិបត្តិ​អង់ដ្រូប៉ូ ចាប់​ពី​អាយុ​ហាប្លាយ។ ហេតុដូច្នេះហើយ បានជានៅ​សហរដ្ឋ​អាមេរិក រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក ទើបចេញ​សារាចរណ៍​ថ្មី នៅថ្ងៃ​ទី​១៥​កក្កដា​២០២៦ តម្រូវ​​ឲ្យ​យោធា​អាមេរិក​អាយុ​ចាប់ពី​៣០ឆ្នាំ​ទៅ ធ្វើតេស្ត​វាស់​កម្រិត​អរមូន​តេស្តូស្តេរ៉ូន ជា​ចាំបាច់។ យោធា​អាយុ​ក្រោម​៣០ឆ្នាំ​ អាច​សុំ​ធ្វើតេស្ត​តេស្តូស្តេរ៉ូន​បាន​ តាម​គោលការណ៍​ស្ម័គ្រចិត្ត។ បើតាម​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ផ្ទៀងផ្ទាត់​កម្រិត​អរមូន​តេស្តូស្តេរ៉ូន ក្នុង​ជួរ​កងទ័ព មិនមែន​ក្នុង​បំណង​បង្កើន​សមត្ថភាព​ប្រយុទ្ធ​លើសមរភូមិ​តែម្យ៉ាងទេ តែក៏​ដើម្បី​​លើក​កម្ពស់​​សមត្ថភាព​​ធម្មជាតិ និង ដើម្បី​​ថែរក្សា​សុខភាព​របស់​​កងទ័ព​អាមេរិក​ ឲ្យ​មាន​អាយុ​យឺនយូរ។ យោធា​ណា​មាន​អត្រា​អរមូន​តេស្តូស្តេរ៉ូនទាប​​ នឹង​ទទួលបាន​សំណើព្យាបាល​​ និង​អាច​​​ព្យាបាល​សុខភាពភ្លាម​ បើចង់។

ប្រើថ្នាំអាហារបំប៉នតេស្តូស្តេរ៉ូន ជាដំណោះស្រាយល្អ ?

ការប្រើថ្នាំអាហារបំប៉ន អរមូនតេស្តូស្តេរ៉ូន ដូច​មាន​ផ្សាយ​តាមអ៊ីនធ័រនែត គ្មាន​ប្រយោជន៍​ទាល់ តែ​សោះ ក្នុង​ការដំឡើង​សមត្ថភាព​បន្តពូជ។ នៅពេល​លេប​ថ្នាំបំប៉ន​នោះ ចូល​ទៅ ខួរក្បាល​នឹង​បញ្ឈប់ សកម្មភាព​ភ្ញោច​ពងស្វាស ហើយ​អាច​នឹង​ឈប់​ផលិត​ស្ពែម៉ាតូហ្សូអ៊ីត ទៅ​វិញ​ទេ។ នេះជា អ្វីដែល សាធារណជន​ទូទៅ មិន​សូវ​បាន​ដឹង​ទេ។ តាមការពិត ការ​ចាក់​តេស្តូស្តេរ៉ូន​បន្ថែម ដោយគិត​ថា ថ្នាំ​នឹង ទៅ​បង្កើន​លទ្ធភាព​បង្ក​កំណើត​កូន នឹង​ធ្វើឲ្យ​បុរសនោះមាន​បញ្ហា ពិបាកមានកូន​កាន់តែធ្ងន់ធ្ងរ។ ក្នុង ករណីខ្លះ គ្រូពេទ្យ​អាច​ផ្តល់​ថ្នាំ​ជា​អរមូន​ផ្សេង ដែល​មិន​រារាំង ឬ​បិទខ្ទប់​យន្តការធម្មជាតិ តែ​បាន​ទៅ​បំប៉ន ភ្ញោច ពងស្វាស​ឲ្យ​ផលិត​តេស្តូស្តេរ៉ូន។

អស់កម្លាំង មានអារម្មណ៍មួរហ្មងឡើង ចុះ​មិន​អាច​មាន​កូន​តាម​ចំណង់ ឬ លិង្គ​លែង​សូវ​រឹង សុទ្ធសឹង ជា​សញ្ញា​ដាស់ ឲ្យ​គិត​ដល់​អត្រា​អរមូន​តេស្តូស្តេរ៉ូន។ ហើយ​ក៏​ទំនង​ជា​ដល់​ពេល​វេលា ដែលត្រូវ​ទៅ​ធ្វើ​តេស្ត​វាស់​កម្រិត​តេស្តូស្តេរ៉ូន​ដែរ។ ការធ្លាក់​ចុះនៃ​អត្រា​តេស្តូស្តេរ៉ូន ជា​និន្នាការ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ព្រោះ​វា​អាច​ជា​ទំនាយ​ប្រាប់​ឲ្យ​ដឹង​ជាមុន អំពី​លទ្ធភាព​ពិបាក​មាន​កូន និង អំពី​ជីវិតសង្ឃឹមរស់​របស់​បុរស ក្នុង​ឆ្នាំ​ខាង​មុខ ៕