តើ​គួរ​ភ័យ​ខ្លាច​មាន​ការ​​រាតត្បាត​សកលបង្កឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ?
13 May 2026

តើ​គួរ​ភ័យ​ខ្លាច​មាន​ការ​​រាតត្បាត​សកលបង្កឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ?

នាទីសុខភាពនិងអនាម័យ

About

អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​នៅ​ថ្ងៃទី ៣​ឧសភា​ អំពី​ករណី​ស្លាប់​បី​នាក់ ដោយមេរោគ​ផ្លូវ​ដង្ហើម​​អង់តាវីរ៉ុស នៅក្នុង​នាវា​ទេសចរណ៍​ Hondius។ មក​ទល់​ពេល​នេះ អង្គការ​សុខភាពពិភពលោក​ បាន​ចាត់​ទុក​អង់តាវីរុស​ថា​មាន​លក្ខណៈ​គំរាម​កំហែង​តិច​តួច ប៉ុន្តែ​តើ​ហាន់តាវីរុស​ជា​មេរោគ​អ្វី? ពិភពលោក​កំពុង​ប្រឈម​នឹង​គ្រោះ​មាន​ជំងឺរាតត្បាត​សកលដោយ​ហាន់តាវីរុស ​ដូច​កូវីដ​១៩​ទៀត​ឬ​យ៉ាងណា? តើ​មាន​ថ្នាំ​បង្ការ និង​ព្យាបាល​ជំងឺ​បង្ក​ឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ?

រូបភាព​ក្រុមសង្គ្រោះ​ក្នុង​ឯកសណ្ឋាន​ការពារ​​បិទ​ជិត​ឈឹងចុះទៅក្នុង​នាវា​ទេសចរណ៍ Hondius ធ្វើ​ឱ្យ​គេ​នឹង​ឃើញ​ដល់​ទិដ្ឋភាព​ក្នុង​សម័យ​មាន​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩​ភ្លាម។ ថ្វីបើ​គេ​រក​ឃើញ​ករណី​អ្នក​មាន​ផ្ទុក​ហាន់តាវីរុស​ថ្មី​បន្ថែម​ទៀត នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀតមែន ប៉ុន្តែពួកគេ​សុទ្ធ​សឹង​ជា​អ្នក​ដំណើរ នៅ​ក្នុង​នាវា​ទេសចរណ៍ កន្លែង​ផ្ទុះ​មេរោគ​ហាន់តាវីរុស​​តែមួយ និង​គ្មានកន្លែង​ផ្ទុះ​ហាន់តាវីរុសថ្មី ​ទីពីរ ឬ​ទីបី​នោះ។ ​​អ្នក​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ ត្រូវ​ទទួល​ការ​តាមដាន និង​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​ឯង​មួយ​រយៈ​ធំ​។ ​​អង្គការ​សុខភាពពិភពលោក​ បាន​ប្រកាសប្រកប​ដោយ​ជំនឿ​ជាក់​​ថា​​ហាន់តាវីរុស​ មិន​ដូច​​កូវីដ​១៩​ទេ និង​មាន​ការ​គំរាមកំហែងរាតត្បាតសកល​ ​​តិច​តួចណាស់។

ហាន់តាវីរុស​ជាអ្វី?

ជា​ប្រភេទ​វីរុស​ដែល​បង្ក​ឱ្យ​មាន​វិបត្តិ​ផ្លូវ​ដង្ហើម បេះ​ដូង និង​គ្រុន​ក្តៅ ​ហូរ​ឈាម​ ហាន់តាវីរុស​​បាន​លេច​ឡើង​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥០ នៅ​ត្រង់​តំបន់ទន្លេ​ហាន់តា នៅ​តាម​​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ ដែល​កំពុង​មាន​សង្គ្រាម​នឹង​គ្នា​ ទើប​គេ​ដាក់​ឈ្មោះ​វីរុស​នោះ​ថា ហាន់តាវីរ៉ុស​រហូត​មក​ទល់​សព្វថ្ងៃ។ កាលណោះ​ ហាន់តាវីរុស​បាន​ចម្លង​រាត​ត្បាត​លើ​ទាហាន​កូរ៉េ​ ​ប្រមាណ​ជាង​៣ពាន់​នាក់ ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ យ៉ាង​ធ្ងន់ធ្ងរ។

ហាន់តាវីរុស​ជា​ចង្កោម​វីរុស​ក្នុង​គ្រួសារ​ដ៏​ធំ​មួយ​ ដែល​មាន​នៅ​លើ​គ្រប់ទ្វីប​ទាំងអស់។ តែហាន់តាវីរុស​​ធ្វើ​ចរាចរណ៍​និង​ចម្លង​​មក​មនុស្ស​តាម​រយៈ​​​សត្វ​ប្រមាណ​ដល់​ទៅ១៤០​ប្រភេទ តែ​ជា​ពិសេស​តាម​រយៈ​ពពួក​សត្វកកេរ មាន​ជាអាទិ៍​សត្វ​កណ្តុរ​ តែ​ក៏​មាន​ដែរ​ក្នុង​ករណី​កម្រ​ដែល​ចម្លង​ដោយ​សត្វ​ប្រចៀវ​ ពស់​ ឬ​ត្រី។

តាម​ធម្មតា​ ហាន់តាវីរុស​ឆ្លង​ចូល​ក្នុង​ខ្លួន​មនុស្ស​ដោយ​មិនផ្ទាល់​ទេ គឺ​តាម​រយៈ​ការ​ដក​ដង្ហើម​ស្រូប​យក​លម្អ​ង​ធូលី ដែល​បំពុល​ ដោយ​អាចម៍​ ឬទឹក​នោម​ កណ្តុរ​ឈឺ។ ការ​ចម្លង​ដោយ​កណ្តុរ​ខាំ​ជា​ករណី​កម្រ​ណាស់។ មនុស្ស​​ដែល​ប្រឈម​នឹង​ការ​ចម្លង​មេរោគ​ហាន់តាវីរុស ច្រើន​ជា​បុគ្គល​ធ្វើការ​នៅ​ក្នុង​ចំការ ក្នុង​ព្រៃ​ ក្នុង​តំបន់​មាន​ហានិភ័យ​ ដោយ​ទៅ​ប៉ះពាល់​ឧស​ ឈើ​ងាប់​ ឬជា​អ្នក​បោស​សម្អាត​ទីតាំង​មាន​លម្អ​​ធូលី​ច្រើន។

ហាន់តាវីរុស និង​ការ​ចម្លង​ពី មនុស្សទៅមនុស្ស

​មាន​ច្រើន​ប្រភេទ ដែលខុស​ៗ​គ្នា​ទៅ​តាម​តំបន់​ទី​តាំងភូមិសាស្ត្រ​ ពី​ទ្វីបមួយ​ទៅ​ទ្វីប​មួយ និង​ដែល​ផ្តល់​អាការៈ​​ជំងឺ​ក៏​ខុស​គ្នា​ដែរនោះ ហាន់តាវីរុសកម្រ​ចម្លង​ក្នុង​រង្វង់​មនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់​ណាស់។​ ក្នុង​ចំណោម​វីរុសហាន់តា​៣៨​ប្រភេទ​ដែល​ក្រុម​វេជ្ជសាស្ត្រ​​ស្គាល់​ ​មាន​តែ​មួយ​ប្រភេទ​គត់​ដែល​អាច​ចម្លង​ពី​មនុស្ស​ទៅមនុស្ស​បាន នោះ​គឺហាន់តាវីរុស​​ប្រភេទ​Andes។ ការ​ចម្លង​ពីមនុស្ស​ទៅ​មនុស្ស ធ្លាប់​ឃើញ​មាន​កើត​​ជា​លើក​ទី​មួយ កាលពី​ឆ្នាំ​១៩៩៦  នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អាហ្សង់ទីន ម្តង តែដោយ​ពុំ​មាន​ការ​ផ្ទុះ​រាត​ដាលទេ។ នៅ​លើក​នេះ​ ​ហាន់តាវីរុស​ ​ដែលបាន​និ​ងកំពុង​ចម្លង​នៅក្នុង​នាវា​ទេសចរណ៍​Hondius បណ្តាល​ឱ្យ​ស្លាប់​ទេសចរ​បីនាក់ ក៏​ជា​ ហាន់តាវីរុស ​ប្រភេទAndes ដែរ។

មេរោគ​ហាន់តា ប្រភេទ​Andes ​រក​ឃើញ​នៅអាហ្សង់ទីន មាន​សមត្ថភាព​ចម្លង​ខ្ពស់​។ ពពួក​សត្វ​កណ្តុរ​​ តូចៗ​​កន្ទុយ​វែង រស់​នៅ​វាល​ស្រែ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ភ្នាក់ងារ​ចម្លង​មេរោគ មក​មនុស្ស រួច​ពី​មនុស្ស​ទៅ​មនុស្ស។ រយៈ​ពេល​ឆ្លង​ខ្លាំង និង​ងាយ​ឆ្លង​បំផុត គឺ​នៅ​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​ ពោល​គឺ​នៅ​ពេល​ជំងឺ​ទើប​​ចាប់​ផ្តល់​រោគ​សញ្ញាដំបូង​​ ហើយ​អ្នក​ជំងឺ​​មិន​ទាន់​បាន​ចាប់​ផ្តើម ឬ​ទទួល​ការ​​ព្យាបាល​នៅ​ឡើយ។ ហេតុ​ដូច្នេះហើយ​បាន​ជាជន​រងគ្រោះ​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​ហាន់តាវីរុស ច្រើន​តែ​ជា​​មនុស្សក្នុង​ក្រុមគ្រួសារ​តែមួយ ​រស់​នៅ​ជិត​ស្និទ្ធ​គ្នា​ខ្លាំង។ ហានិភ័យ​ចម្លង​មាន​កាន់​តែ​ខ្ពស់​ខ្លាំងជា​ពិសេស​​ទៀត ទៅ​លើ​ដៃ​គូ​ដែល​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​នឹង​គ្នា​ ឬ​រស់​នៅជាមួយ​ក្នុង​កន្លែង​តូច​ចង្អៀត បិទ​ជិត​ (បន្ទប់​ដេក ឬ​ក្នុង​រថយន្ត)។

នៅពេល​ឆ្លង​ចូលទៅ​​ក្នុង​ខ្លួន​មនុស្ស ហាន់តាវីរុស អាចនាំ​​ឱ្យ​មាន​ការ​បង្ករោគ​ធ្ងន់ធ្ងរ ខុសៗ​គ្នា និង​អាច​ដល់​ស្លាប់​បាន។ បន្ទាប់​ពី​សំងំ​​ក្នុង​ខ្លួន​មនុស្ស រយៈ​ពេល​២​សប្តាហ៍​ជា​មធ្យម ឬ​រហូត​ដល់​៦​សប្តាហ៍ រោគ​សញ្ញា​ដំបូង​នៃជំងឺ​បង្ក​ឡើង​ដោយហាន់តាវីរុស នឹង​ចាប់​លេច​ឡើង ដែល​មាន​ដូច​ជា ក្តៅ​ខ្លួន ឈឺ​ក្បាល ឈឺ​ចុក​ចាប់​ខ្លួន​សាច់​ដុំ ស្រដៀង​នឹង​អាការៈ​គ្រុន​សន្ធំ។ អ្នក​មាន​ផ្ទុក​មេរោគ​​ហាន់តាវីរុស អាចធ្លាក់​ខ្លួន​ឈឺ ទៅ​ជា​ក្អក និង​មាន​វិបត្តិ​ផ្លូវ​ដង្ហើម ពិបាក​ដក​ដង្ហើម នៅ​មួយ​ថ្ងៃ ទៅ​៥​ថ្ងៃ បន្ទាប់​ពី​លេច​រោគ​សញ្ញាដំបូង។

គេ​បែង​ចែក​ជំងឺ​បង្ក​ដោយ​ហាន់តាវីរុស​ជា​ពីរ​ទម្រង់​ចម្បងៗ។ ទីមួយ គឺ​ទម្រង់​ដែល​ប៉ះពាល់​មាន​ការ​បង្ករោគ​នៅ​​តម្រង​នោម (ក្រលៀន) និង​ក្តៅ​ខ្លួន។ ទម្រង់​នេះ​មានកើត​ច្រើន​នៅ​ទ្វីប​អឺរ៉ុប​និងអាស៊ី និង​មិន​ដែល​ឃើញ​មាន​ចម្លង​ពីមនុស្ស​ទៅ​មនុស្ស​ទេ​។ អ្នក​ឆ្លង​វីរុស​ហាន់តា​ពី​សត្វ ហើយ​ជំងឺ​វិវឌ្ឍ​ជា​ច្រើន​ដំណាក់កាល​ និង​អាច​ឈាន​ដល់​ស្លាប់​ក្នុង​អត្រា​ទាប​បំផុត គឺ​ពី​០,៤​ទៅ​១០%​ប៉ុណ្ណោះ។

ទម្រង់ទីពីរ មេរោគ​ហាន់តាវីរុស វាយប្រហារ​ដល់​បេះ​ដូង​និង​សួត។ ជា​ទម្រង់​កំណាច សម្គាល់​ដោយ​អ្នក​ជំងឺ​ជួប​វិបត្តិ​ផ្លូវ​ដង្ហើម​និង​បេះដូង​ និង​មាន​អត្រា​មរណៈ​ខ្ពស់​ខ្លាំង​ ដល់​ទៅប្រមាណ​ពី​៣០ទៅ៦០%។ ទម្រង់​ជំងឺហាន់តាវីរុស​នេះ ​អាច​ចម្លង​ពីមនុស្ស​ទៅមនុស្ស និង​សង្កេត​ឃើញ​មា​ន​កើតជា​ពិសេស​​តែ​នៅ​លើ​ទ្វីប​អាមេរិក និង​អាមេរិកឡាទីន។

យ៉ាង​ណា​ក៏​ដោយ​ក៏​ក្នុង​ទម្រង់​ទាំងពីរ មេរោគ​បាន​ទៅ​វាយប្រហារ​លើ​សរសៃ​ឈាម​តូចៗ​ ឱ្យបាត់​បង់​តួនាទី​ជា​​ប្រក្រតី ដោយ​ស្រាប់​តែ​​​មិន​អាច​ទប់​ឈាម​ជាប់ បណ្តោយ​ឱ្យ​មាន​ករណី​ជ្រាប​ឈាម​ចេញ​ទៅ​ក្រៅទៅលើ​ជា​លិកា​ផ្សេង ពោល​គឺ​ជា​ធ្វើ​ឱ្យ​មាន​ករណីធ្លាយ​​​ហូរ​ឈាម​​ក្នុង​សរីរាង្គកាយ។

រោគ​សញ្ញា​នៃ​ជំងឺ​ហាន់តាវីរុស

​ពេល​សង្ស័យ​ឆ្លង​ហាន់តាវីរុស ជាមួយ​នឹង​រោគ​សញ្ញា​ដូច​គ្រុន បន្ទាប់​ពី​បាន​ប៉ះពាល់ ហិត​ស្រូប​ធូលី​ហុយ​មាន​ទឹកនោម លាមក​ របស់ពពួក​សត្វ​កកេរ​ដូចយ៉ាង​កណ្តុរ គេ​ត្រូវ​វិភាគ​រក​មើល​មេរោគ ដោយ​ការ​ធ្វើ​តេស្ត​PCR ឬ​មើល​ឈាម។

ថ្វីបើ​គេ​ស្គាល់​ហាន់តាវីរុស តាំងពី​ជាយូរមក​ហើយ​ក៏​ដោយ ក៏​មក​ទល់​បច្ចុប្បន្ន​នេះ គ្មាន​ឡើយ​ថ្នាំ​ព្យាបាល ឬ​ថ្នាំ​បង្ការ ដោយ​ចំ ប្រឆាំង​នឹង​ហាន់តាវីរុស។ ការ​ព្យាបាល និង​សង្គ្រោះអ្នក​ជំងឺ​ ធ្វើ​ឡើង​ដើម្បី​គ្រាន់​តែ​សម្រួល​អាការៈ​សញ្ញា​រោគ​ឱ្យ​បាន​ប្រសើរ​ឡើង​តែ​ប៉ុណ្ណោះ។ ក្នុងទម្រង់​ធ្ងន់ធ្ងរ អ្នក​ជំងឺ​ត្រូវ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ ក្នុង​ផ្នែក​សង្គ្រោះ​​និង​តាមដាន​ជាប់​ឥត​ដាច់​ ដោយ​ត្រូវ​ពាក់​ម៉ាស៊ីន​អ៊ុកស៊ីហ្សែន​ជា​ជំនួយផង។

គ្មាន​វិធី​ព្យាបាល​ យុទ្ធសាស្ត្រ​ដ៏​ប្រសើរ​ជាង​​គេបំផុត​ គ្មាន​អ្វីក្រៅ​ពី​ការការពារ​​ខ្លួន​ឡើយ។ តែ​រហូត​មក​ទល់ម៉ោង​នេះ​នាទី​នេះ ពុំ​ទាន់​មាន​ទេ​ថ្នាំ​បង្ការ​​ជា​សកលដែល​ទទួល​ស្គាល់​ជា​ផ្លូវ​ការនោះ។ កូរ៉េខាង​ត្បូង​បាន​សាកល្បង​ផ្សំ​ថ្នាំប​ង្ការ​ប្រឆាំង​នឹង​ហាន់តាវីរុស​ដែរ តែ​ប្រសិទ្ធភាព​នៅ​មាន​រយៈ​ពេល​ខ្លី​ពេក ដែល​ទាមទារ​ឱ្យ​ចាក់​រំលឹក​ឡើង​វិញ​ជា​ញឹកញាប់ និង​ជាពិសេស​មិន​អាច​ការពារ​គ្រប់​ទម្រង់​នៃ​ហាន់តាវីរុស​បាន​ទេ។

វិធី​​បង្ការ​ជំងឺ​ហាន់តាវីរុស

ដូច្នេះ​ដើម្បីការពារ​ខ្លួន​ពី​ហាន់តាវីរុស ត្រូវ​កាត់​បន្ថយភាព​ប្រឈម​ជួប​​​សត្វ​កកេរ  កាត់​បន្ថយ​បរិស្ថាន​ប្រកប​ដោយ​ហានិភ័យ ដែល​មាន​ប្រលាក់​ទៅ​ដោយ​លាមក ទឹកនោម ទឹក​មាត់​របស់​ពពួក​សត្វកណ្តុរ​។ ដោយ​ហេតុ​ការ​ចម្លង​ហាន់តាវីរុស​ពី​សត្វ​មក​មនុស្ស កើត​​ឡើង​ជា​ទូទៅ​តាម​រយៈ​ការ​ស្រូប​ខ្យល់​ ស្រូប​លម្អ​ធូលី​​មាន​ជាតិ​ពុល​ជា​អាចម៍​ជា​ទឹកនោម​សត្វ​កកេរ នៅ​ក្នុង​ព្រៃ​ នៅ​កន្លែង​គ្មាន​មនុស្ស​រស់​នៅយូរ​ខែ​ឆ្នាំ និង​នៅ​តំបន់​ជន​បទ​ស្រែ​ចំការ​ កសិដ្ឋាន​ ដែល​ជា​ជង្រុក​សត្វ​កណ្តុរ ត្រូវ​ការពារ​ខ្លួន ដោយ​បិត​សម្អាត​ស្នាម​ ដាច់​ស្បែក​​ភ្លាម​ នៅ​ពេលត្រូវ​របួសមុតមុត​ឈើ​ មុន​របស់​កង្វក់​នៅ​ក្បែរ ឬ​នៅផ្លូវ​មាន​កណ្តុរ​ឆ្លង​កាត់។ ប្រើ​ស្រោម​ និង​ពាក់​ម៉ាស​ នៅ​ពេល​កម្ចាត់​ សម្អាត​រូង​កណ្តុរ។ ពាក់​ម៉ាស​ការពារ​នៅ​ពេលចូល​ ឬ​សម្អាត​កន្លែង​បោះបង់​ចោល​យូរ​ដែល​អាច​មាន​កណ្តុរ​រស់​នៅ​ច្រើន។ សម្អាត​និង​រក្សា​អនាម័យ​ផ្ទះ​សម្បែង​កុំ​ឱ្យ​មាន​កណ្តុរ។  

ដើម្បីការពារ​ខ្លួន​ពីហាន់តាវីរុស ប្រភេទ Andes ​ ដែល​អាច​ចម្លង​ពីមនុស្ស​ឈឺ​ឆ្លង​ផ្ទាល់​ពីសត្វ​កណ្តុរ​ទៅ​មនុស្ស​ជា​បាន​នោះ គឺ​ត្រូវ​ពាក់​ម៉ាស​ និង​ដាក់​អ្នក​ជំងឺ​ឱ្យ​នៅ​ឆ្ងាយ​ពី​គេ​ឯង ឬ​ដាច់​ដោយ​ឡែក។ នៅ​ប្រទេស​បារាំង អាជ្ញាធរ​សុខាភិបាល បាន​ចេញ​វិធានការ​តឹង​រ៉ឹង​ជាងគេ ដោយ​សម្រេច​​ដាក់​​អ្នក​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​នឹង​អ្នក​ជំងឺ​ហាន់តាវីរុស ឱ្យ​នៅ​ឆ្ងាយ​ពី​គេ និងស្ថិត​នៅ​​ក្រោម​ការ​តាមដាន រយៈ​ពេល​រហូត​ដល់​៦​សប្តាហ៍ ពោល​គឺ​រយៈ​ពេល​អតិបរមា​ដែល​មេរោគ​អាច​សំងំ​ក្នុង​ខ្លួន​មនុស្ស​​ មុន​នឹង​បញ្ចេញ​អានុភាព​​ និង​រោគ​សញ្ញា​ដំបូង៕