ធ្ងន់ជើង មានអារម្មណ៍តឹងនៅបាតដៃ ហើមនៅម្រាមដៃ ម្រាមជើង ... អាការៈនេះតែងកើតមានជាញឹកញាប់ នាពេលអាកាសធាតុឡើងក្តៅខ្លាំង។ ការហើមដៃហើមជើងបែបនេះ មិនធ្ងន់ធ្ងរទេជាទូទៅ។ ប៉ុន្តែហេតុអ្វីបានដៃជើងឡើងហើម និងគួរព្រួយបារម្ភដែរឬទេ ? តើវិធីចៀសវាងបានទេ?
ដោះចិញ្ជៀនមិនចេញ ពាក់ស្បែកជើងលែងចូល ... ព្រោះតែប្រអប់ដៃប្រអប់ជើង កជើង ឡើងហើម។ នេះជាបាតុភូតដែលតែងកើតឡើងជាញឹកញាប់ នៅពេលមនុស្សយើងអសកម្ម អង្គុយ ឬឈរមួយកន្លែងយូរពេក ទើបចរន្តឈាមមិនអាចហូរបានស្រួល។ សាច់ដុំជើង កំភួនជើង រលាស់រលាល្អ នៅពេលណាមនុស្សធ្វើចលនា។ បើគ្មានចលនា ឈាម និងជាតិ នឹងទៅដក់ កកស្ទះ នៅតំបន់ណាមួយនៃសរីរាង្គកាយ ហើយបង្កឱ្យមានអាការៈប៉ោង ហើមនៅតំបន់នោះ។ ចំណីអាហារប្រៃ មានរសជាតិឆ្ងាញ់មាត់ណាស់ ប៉ុន្តែជាតិប្រៃ និងអំបិលនេះ អាចស្រូបទប់ជាតិទឹកទុកក្នុងខ្លួនច្រើន ទើបអាចបង្កឱ្យមានបញ្ហាដល់សុខភាព ហើមប៉ោងចុងដៃចុងជើង។ មានផ្ទៃពោះចូលដល់ត្រីមាសទីពីរ និងទីបី អាចជាមូលហេតុនាំ ឱ្យស្ត្រី ហើមដៃ ហើមជើង ព្រោះដោយកត្តាអរមូន និងដោយទារកក្នុងផ្ទៃមានមាឌធំ មានជំហរមិនស្រួល ទៅកិនប៉ះពាល់សរសៃឈាម ទើបឈាមរត់មិនស្រួល។ សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ ដៃជើងហើមអាចជាសញ្ញាមួយបញ្ជាក់ថាជិតដល់ពេលធ្លាក់រដូវដែរ។ ជាចុងក្រោយ គឺភាពក្តៅ។ ម្រាមដៃ ម្រាមជើង ប្រអប់ជើង កជើង អាចឡើងហើមបាននៅពេល អាកាសធាតុឡើងក្តៅ។
តើកម្តៅថ្ងៃមានពាក់ព័ន្ធអ្វីនឹងការហើមដៃហើមជើង?
នៅពេលអាកាសធាតុក្នុងបរិយាកាស ឡើងក្តៅ ទោះបីជានៅក្រៅខ្លួនយើងក៏ដោយ ក៏ញាណធម្មជាតិរបស់មនុស្ស ដឹងនិងបញ្ចេញប្រតិកម្មភ្លាម។ ញាណHipothalamus នៅលើផ្ទៃស្បែកជ្រាបដឹងភាពក្តៅភ្លាម ក៏បញ្ជូនព័ត៌មានទៅប្រាប់ខួរក្បាល ដែលទៅបញ្ជាឱ្យខ្លួនប្រាណសម្របខ្លួនទៅនឹងសីតុណ្ហភាពក្តៅ ដើម្បីចាត់ចែងកម្តៅនៅក្នុងសរីរាង្គកាយ តាមរយៈយន្តការចម្បងពីរ។
ប្រឈមនឹងភាពក្តៅ ខ្លួនប្រាណបានដើរតួជាម៉ាស៊ីនចាត់ចែងសីតុណ្ហភាព ដើម្បីការពារសរីរាង្គសំខាន់ៗ និងធានារក្សាកម្តៅក្នុងខ្លួន ឱ្យនៅម្តុំ៣៦,៥អង្សា។ ដើម្បីបញ្ចុះកម្តៅ និង ច្រានកម្តៅចេញ យន្តការទីមួយ គឺឈាម។ ឈាមក្តៅ បានទៅពង្រីកសរសៃឈាមតូចៗ នៅតាមផ្ទៃស្បែក ដើម្បីឱ្យកម្តៅអាចសាយភាយចេញតាមរន្ធស្បែកបានខ្លះ។ នេះជាដំណើរធ្វើឱ្យសរសៃឈាមរីកធំ។ ហេតុដូច្នេះហើយបានជានៅពេលយើងដើរត្រូវថ្ងៃ ក្រោមមេឃក្តៅខ្លាំង មុខនិងស្បែករបស់យើងតែងឡើងក្រហមនោះ។ ប្រព័ន្ធប្រសាទស្វ័យតក៏ទៅដាស់បាតុភូតមួយទៀត ដែលរឹតតែមានប្រសិទ្ធភាព។ នោះគឺយន្តការដាស់ភ្ញោចក្រពេញEccrine ដែលមានតួនាទីផលិតញើស។ ក្រពេញនេះមានសកម្មភាពជាប់រហូត តែនៅពេលជួបសីតុណ្ហភាពក្តៅ វាធ្វើសកម្មភាពកាន់តែខ្លាំង បញ្ចេញញើសកាន់តែច្រើន មកផ្សើមស្បែកឱ្យត្រជាក់។ អ៊ីចឹងហើយបានជានៅពេលមេឃក្តៅ យើងបែកញើស។ នេះជាយន្តការការពារសរីរាង្គកាយ។
ប៉ុន្តែយន្តការទប់កម្តៅ ជាធម្មជាតិរបស់សរីរាង្គកាយនេះ អាចបង្កផលវិបាក ដូចជា ខ្លួនប្រាណបញ្ចេញញើសខ្លាំងពេក នោះយើងនឹងមានអាការៈខ្សោះជាតិទឹក និងការបាត់បង់ជាតិរ៉ែ មានជាអាទិ៍អំបិល សូយ្យូម។ ដូច្នេះត្រូវឧស្សាហ៍ទទួលទានទឹក និងបរិភោគអាហារជាបន្លែផ្លែឈើស្រស់។ ចំណែកដំណើររីកសរសៃឈាម អាចប៉ះពាល់ដល់ចរន្តឈាម។ នៅពេលសរសៃឈាមរីកធំ ឈាមពិបាករត់ទៅកាន់បេះដូង។ សរសៃឈាមនៅផ្នែកខាងចុងអវៈយវៈ រងសម្ពាធកាន់តែខ្លាំង ទើបធ្វើឱ្យមានអាការៈហើមលេចឡើងនៅចុងជើងនិងចុងដៃ។
បើតាមវេជ្ជបណ្ឌិត Marie-Ange Boulesteix ជំនាញផ្នែកសរសៃឈាម ការហើមដៃជើង ដោយអាកាសធាតុ ច្រើនតែកើតឡើង នៅពេលមានរលកកម្តៅខ្លាំងដំបូងភ្លាម និងនៅពេលធ្វើដំណើរវែង ហើយខ្វះជាតិទឹក។ បន្ថែមពីអាការៈហើមដៃជើងដោយបាតុភូតសរសៃឈាមរីកធំ នៅមានករណីសរសៃបង្ហូរជាតិទឹករងៃចុះខ្សោយ -មិនអាចបញ្ជូនទឹករងៃទៅផ្នែកខាងលើនៃសរីរាង្គកាយបានត្រឹមត្រូវមួយទៀត នៅពេលអាកាសធាតុក្តៅខ្លាំង។ នៅពេលជាតិទឹករងៃហូរមិនស្រួល នោះយើងនឹងមានអារម្មណ៍ធ្ងន់ តឹងដៃតឹងជើង ក្តាប់មិនចុះ ឬរួយកំភួនជើង។
ថ្វីបើអាការៈតឹងធ្ងន់ជើងសឹងកើតមានជាធម្មតា នៅពេលមេឃក្តៅមែន ប៉ុន្តែគេអាចបញ្ចៀសភាពរំខាននេះបាន ដោយប្រកាន់ទម្លាប់ល្អមួយចំនួន ដូចជា ត្រូវពិសាទឹកនិងផ្តល់ជាតិទឹកដល់សរីរាង្គកាយឱ្យបានគ្រប់គ្រាន់ ពោលគឺត្រូវទទួលទានទឹកសាបធម្មតា ឱ្យច្រើនលើសប្រក្រតី ហើយកាត់បន្ថយការបរិភោគទឹកតែ កាហ្វេ ប៊ីយ៉ែរ ... ដែលជំរុញឱ្យច្រោះជាតិទឹកចេញពីក្នុងខ្លួនវិញ។ ដើម្បីសម្រួលសម្រកភាពហើមដៃហើមជើង គ្មានអ្វីប្រសើរជាងការផ្តល់ភាពត្រជាក់ដល់សរីរាង្គកាយនេះទេ។ មុជទឹកត្រជាក់ ដោយបាញ់ទឹកត្រជាក់ដាក់ជើង រួចបណ្តេញឡើងដល់ភ្លៅ មុននឹងស្រោចពេញទាំងខ្លួន។
ទោះសីតុណ្ហភាពក្តៅខ្លាំងយ៉ាងណាក៏ដោយ ក៏មិនត្រូវបណ្តោយខ្លួនឱ្យនៅស្ពឹកស្រពន់ អង្គុយ ឈរស្ងៀមឡើយ។ ដើរឱ្យបានយ៉ាងហោច២០នាទីក្នុងមួយថ្ងៃ។ ឧស្សាហ៍សម្រាក បើជាការងារត្រូវឈរនិងអង្គុយជាប់ច្រើនម៉ោង។ ធ្វើម៉ាស្សាជើង សម្រាន្តដោយលើកជើងឱ្យខ្ពស់ជាងក្បាល សុទ្ធសឹងជាវិធីដែលជួយបន្ថយអាការៈហើមដៃហើមជើងបាន។
ហើមដៃជើងជាសញ្ញារោគនៃជំងឺធ្ងន់ ?
ហើមដៃ-ម្រាមដៃ ហើមជើង ព្រោះមូលហេតុដែលបានរៀបរាប់ខាងលើ ច្រើនតែបាត់ទៅវិញ នៅពេលបានសម្រាកពេញមួយយប់ និងគ្មានបង្កប់ភាពធ្ងន់ធ្ងរទេ។ ប៉ុន្តែបើអាការៈមិនព្រមធូរថយ នៅពេលអាកាសធាតុលែងក្តៅ គេត្រូវរួសរាន់ទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ។ ការហើមដៃ ហើមជើង អាចជារោគសញ្ញាមួយនៃជំងឺមួយចំនួនផ្សេងទៀត ដែលមានតែគ្រូពេទ្យជំនាញប៉ុណ្ណោះអាចធ្វើរោគវិនិច្ឆ័យនិងចេញវេជ្ជបញ្ជាព្យាបាលបាន។ ជំងឺដែលអាចនៅពីក្រោយអាការៈហើមដៃហើមជើង មានជាអាទិ៍ ជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ ជំងឺខ្សោយបេះដូង ជំងឺថ្លើម ជំងឺកកស្ទះសរសៃឈាមនៅអវៈយវៈក្រោម ឬបញ្ហាតម្រងនោម ដែលមិនអាចចម្រោះបញ្ចេញជាតិទឹកនិងអំបិលបានត្រឹមត្រូវ។ បើជាការហើមនៅតែចុងម្រាមដៃវិញ ត្រូវប្រុងប្រយ័ត្នកាន់តែខ្លាំង។ ជាទូទៅ ការហើមម្រាមដៃ ជាប្រតិកម្មរបស់សរីរាង្គកាយទៅនឹងអាកាសធាតុក្តៅ តែក្នុងករណីដ៏កម្រ ការហើមនៅតាមចុងម្រាមដៃ អាចជាសញ្ញាប្រាប់ពីជំងឺធ្ងន់ធ្ងរ រ៉ាំរ៉ៃនៅសួត ដូចជា មានដុំសាច់ក្នុងសួត មានបូស ឬមហារីកសួត។
ការហើមដៃជើងមានបង្កប់ជំងឺធ្ងន់ ច្រើនតែលេចឡើងជាលក្ខណៈភ្លាមភ្លែត គ្មានមូលហេតុ។ ជាការហើមតែលើដៃឬជើងម្ខាង ឬមិនស្មើគ្នា។ សម្រាកហើយនៅតែមិនព្រមធូរស្បើយ បាត់ហើម និងជាពិសេស អាការៈហើមនេះមានអមដោយការឈឺចាប់ ដោយការថប់ឬរំខាននៅដើមទ្រូង។