
About
ក្នុងពេលទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប នៅប្រទេសព្រុយណេ កាលពីថ្ងៃទី២៧ ខែមេសា ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានជួបទ្វេភាគី ជាមួយលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) រដ្ឋមន្រ្តីការបរទេសថៃ។ ក្នុងកិច្ចប្រជុំទ្វេភាគីនេះ ក្រសួងការបរទេសកម្ពុជា បានប្រកាសថា លោកប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានប្រាប់ប្រមុខការទូតថៃថា ការរក្សាបាននូវសន្តិភាពយូរអង្វែង ទាមទារឱ្យមានការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ។ ចំណែកកាសែតថៃ The Nation បានរាយការណ៍ កាលពីថ្ងៃអង្គារថា ក្នុងកិច្ចប្រជុំទ្វេភាគីនេះ រដ្ឋមន្ត្រីការបរទេសថៃ បានជម្រាបជូនកម្ពុជាថា ប្រទេសថៃ កំពុងបន្តដំណើរការលុបចោលអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ ឬហៅថា MOU លេខ ៤៤ ដែលនិយាយពីព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ។