
លោក អ៊ុច បូររិទ្ធ៖ កិច្ចប្រជុំសភាប្រើភាសាបារាំងសំខាន់ក្នុងការស្វែងរកដំណោះស្រាយព្រំដែនដោយសន្តិវិធី
បទយកការណ៍
កិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ហៅកាត់ថា APF ត្រូវបានរៀបចំឡើងជាលើកទី២ នៅលើទឹកដីនៃខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់សមាជិកសភាកម្ពុជា សភាប្រើភាសាបារាំងមកពី ១៧ប្រទេស តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ហៅកាត់ថា OIF ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជាសរុបជាង ១០០នាក់។ នៅក្នុងអំឡុងចូលរួមកិច្ចប្រជុំដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង APF បានផ្តល់បទសម្ភាសន៍ពិសេសដល់វិទ្យុបារាំងអន្តរជាតិ RFI។ លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំសភាប្រើភាសាបារាំងនៅប្រទេសកម្ពុជាមានសារៈសំខាន់ខ្លាំងនៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអន្តរសភា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក ជាពិសេសបញ្ហាទាក់ទងប្រទេសកម្ពុជាខ្លួនឯងផ្ទាល់ ដែលបន្តខិតខំស្វែងរកដំណោះស្រាយដោយសន្តិភាពយូរអង្វែងតាមផ្លូវច្បាប់ សម្រាប់បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ៕