Skip to content
Opens in a new window
លោកដូណាល់ត្រាំ ទទួលស្គាល់បរាជ័យក្នុង​ការ​បោះឆ្នោតពាក់កណ្តាល​អាណត្តិ តែថាមិនមែន​ជាបរាជ័យបុគ្គល
04 November 2026

លោកដូណាល់ត្រាំ ទទួលស្គាល់បរាជ័យក្នុង​ការ​បោះឆ្នោតពាក់កណ្តាល​អាណត្តិ តែថាមិនមែន​ជាបរាជ័យបុគ្គល

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

About

ដូចការព្យាករ គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​បាន​ទទួល​ជ័យជំនះ​យ៉ាង​ធំធេង​នៅក្នុងការ​សម័យ​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​ឬ​ហៅថា Midterms ថ្ងៃទី​៣​វិច្ឆិកា ដោយ​ដណ្តើម​បាន​​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ទាំងនៅក្នុង​សភា និង​ព្រឹទ្ធសភា។ ជា​ការ​គួរ​ឱ្យកត់​សម្គាល់ លោកប្រធានាធិបតី​ ដូណាល់ត្រាំ បាន​ទទួល​ស្គាល់ភាព​​បរាជ័យនៅក្នុង​​ការ​បោះឆ្នោត​នេះ​​ ប៉ុន្តែមិនចាត់ទុក​​ជា​បរាជ័យ ​នៃ​នយោបាយ​ដឹកនាំ​ប្រទេស​របស់​លោក​ ឬ​ជា​បរាជ័យបុគ្គល​​ឡើយ។ តើ​អ្វី​ជាមូលហេតុ​នាំ​ឱ្យ​បក្ស​កាន់​អំណាច​​របស់​លោកដូណាល់ចាញ់​ឆ្នោត​ខ្លាំង នៅ​លើក​នេះ? តើ​ពិភពលោក​មាន​ប្រតិកម្ម​យ៉ាងណា? តើ​លទ្ធផល​បោះឆ្នោត​នេះ​អាច​ជះវិបាក និង​ការប្តូរផ្លាស់​យ៉ាង​ក្នុង​នយោបាយ​ការបរទេស​អាមេរិក ?

ជាប្រពៃណី គណបក្ស​កាន់​អំណាច​គ្មាន​អំណោយ​ផល​ក្នុង​ការបោះឆ្នោត​ពាក់កណ្តាលអាណត្តិទេ។ ប៉ុន្តែ​​បើ​តាម​លទ្ធផលបឋម គណបក្ស​ប្រជាធិបតេយ្យ មិនត្រឹម​តែ​​ទទួល​ជោគជ័យ ដ៏​​ធំធេង​ ដោយ​ក្លាយ​ជា​បក្ស​មាន​សំឡេង​​ភាគច្រើន​ដាច់​ខាត ទាំង​នៅ​សភា និង​ព្រឹទ្ធ​សភាទេ តែ​ថែមទាំង​​មាន​ជ័យជំនះ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ទៀត។ ដោយ​ត្រួសៗ គណបក្ស​ប្រជាធិបេតយ្យ​ទទួល​បាន​ប្រមាណ​​៥៤អាសនៈ​ ក្នុង​ចំណោម​​អាសនៈទាំង១០០ នៅ​ព្រឹទ្ធសភា។ ចំណែក​នៅ​សភាតំណាង​​វិញ គិត​ត្រឹម​ម៉ោងព្រឹក​ថ្ងៃពុធ​ទី​៤​វិច្ឆិកា និង​ គណបក្សប្រជាធិបតេយ្យ​​បាន​ឈ្នះ ជា​បណ្តោះអាសន្ន ​២២៩​អាសនៈ​ហើយ។ បើ​តាមការព្យាករ គណបក្ស​ប្រជាធិបតេយ្យ​អាច​នឹង​មានអាសនៈ​លើស​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ត្រាំ​ដល់​៧៧​អាសនៈ។ ស្ថានភាព​បែប​នេះ​ គ្មាន​នរណា​នឹកស្មាន​ដល់​ទេ កាលពីមួយ​ឆ្នាំមុន។

អ្វី​ដែល​គួរ​ឱ្យ​​កត់​សម្គាល់​ កាន់​តែ​ខ្លាំង​ទៀត គឺ​ការ​ប្តូរផ្លាស់​យ៉ាង​ក្រឡាប់​ចាក់​ នៃ​លទ្ធផល​ឆ្នោត នៅ​តាម​រដ្ឋ​គន្លឹះ។ សភា​អ្នក​តំណាង​បក្ស​សាធារណរដ្ឋ​ ដែល​ជ្រើសតាំង​ដោយ​ផ្ទាល់​ដោយ​លោកប្រធានាធិបតី​ត្រាំ បាន​ចាញ់​ឆ្នោត​ នៅចំពោះ​មុខ​បេក្ខជន​មក​ពី​ប្រជាធិបតេយ្យ។ នៅរដ្ឋ​ការ៉ូលីន​ខាង​ជើង Ohio Iowa ដែល​ធ្លាប់​ជាអ្នក​សាធារណរដ្ឋនិយម​ មាន​សភា​អ្នក​តំណាង​គាំទ្រ​លោកដូណាល់ត្រាំខ្លាំង​ កាលពី​ឆ្នាំ​២០២៤ ត្រូវ​បាន​​​គណបក្ស​ប្រជាធិបតេយ្យដណ្តើម​អាសនៈមក​អង្គុយ​វិញ នៅក្នុង​សម័យ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិម្សិលមិញ។ រដ្ឋ Kansas​ មាន​សមាជិក​សភា​អ្នក​តំណាង មក​ពី​​​បក្ស​ប្រជាធិបតេយ្យ​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៣២មក។

ជា​លើកដំបូងដែរ សម័យ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ថ្ងៃ​ ​ទី​៣​វិច្ឆិកានេះ បានបោះឆ្នោត​គាំទ្រ​លោក ​Abdulel-Sayed ឱ្យ​ក្លាយ​ជា​​​អ្នក​តំណាង​ព្រឹទ្ធសភាអាមេរិក ទីមួយ ដែលជំហរ​​សាសនា​អ៊ីស្លាម​។ ​នៅ New Hampshire ​ មាន​សមាជិក​ព្រឹទ្ធសភា​ជា​បុរស​ស្រលាញ់​ភេទដូចគ្នា។ ​នៅ​ Géorgie មាន​ជា​អភិបាល​រដ្ឋ ​ជា​​​ស្ត្រីស្បែក​ខ្មៅ (លោកស្រី Keisha Lance Bottoms)​ ជា​លើក​ទីមួយ។

ហេតុអ្វី​បក្ស​សាធារណរដ្ឋ​បរាជ័យ​ធ្ងន់ធ្ងរ​ខ្លាំង?

នៅលើកនេះ លោកប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​ទទួល​ស្គាល់​ភ្លាម បរាជ័យ របស់​បក្ស​សាធារណរដ្ឋ​ក្នុង​សម័យ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ។ លោក ដូណាល់ត្រាំ​ថែម​ទាំង​បាន​ថ្លែង​ក្នុង​សំដី​ទន់ភ្លន់​ បែប​លើក​សរសើរ​បក្ស​ប្រជាធិបតេយ្យ និង​បែប​សម្រុះសម្រួល ជាមួយ​បក្ស​ប្រឆាំង​ ក្នុ​ង​អំឡុង​ពេល​ផ្តល់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​បណ្តាញ​Fox News  និ​ងបាន​ប្រកាស​សហការ​ការងារ​ជាមួយ​បក្ស​ប្រជាធិបតេយ្យ។ ប៉ុន្តែ​លោកដូណាល់​ត្រាំ បដិសេធ​មិនទទួល​ស្គាល់ថា​បរាជ័យ​នេះ​ជា​ទំនួល​ខុស​ត្រូវ​របស់​លោក​ទេ។ ​លោក​ត្រាំ ព្រម​ប្រើ​ពាក្យ​ថា​ សង្គ្រាម​នៅ​អ៊ីរ៉ង់ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ធ្លាក់​ប្រជាប្រិយភាព ធ្វើ​ឱ្យ​ប្រេងឥន្ធនៈ​ឡើងថ្លៃ តែ​ប្រជាពលរដ្ឋ​យល់​អំពី​ភាព​ចាំបាច់​នៃ​សង្គ្រាម​។ ក្នុងន័យ​នេះ​លោក​ចង់​និយាយ​ថាចាញ់​ឆ្នោត​​មិនមែន​ជា​បរាជ័យ​បុគ្គល ឬ​ជា​កំហុស​នយោបាយ​របស់​លោក​ទេ។ ​ម្យ៉ាង​ទៀត​នៅក្នុង​សន្លឹក​ឆ្នោត​​ គ្មាន​ឈ្មោះត្រាំ ទើបបក្ស​​ត្រូវ​ចាញ់។

ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ​និង​អ្នក​ជំនាញ​នយោបាយ កត្តា​ដែល​ជំរុញ​ឱ្យប្រជាពលរដ្ឋ​អាមេរិក​ ប្តូរ​ចិត្ត​ ក្រលាស់​មក​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ នោះ​គឺពលរដ្ឋ​អាមេរិក​ ចង់​ថ្កោលទោស​តុល្យការការងារ​របស់​លោក​ត្រាំ បុគ្គល​ត្រាំ​ និង​​ការ​ឡើង​ថ្លៃ​នៃ​ទំនិញ ជា​ពិសេស​គឺ​តម្លៃ​ប្រេង​ឥន្ធនៈ។ សង្គ្រាម​នៅអ៊ីរ៉ង់​ នៅ​អ៊ុយក្រែន​ និយាយ​ជា​រួម​នៅ​ក្រៅ​ប្រទេស​អាមេរិក មិន​សូវ​ត្រូវ​បាន​ពលរដ្ឋ​អាមេរិក​ចាប់​អារម្មណ៍​ ឬ​មិនសូវ​មានឥទ្ធិពល​លើ​ការ​បោះឆ្នោត​អាមេរិក ជាពិសេស​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិទេ ប៉ុន្តែ​នៅ​ពេល​ជីវភាព​រស់​នៅ ទើប​ពួកគេ​ចាប់​យល់​ពី​ផលវិបាក​នៃសង្គ្រាម និងប្រែ​គំនិត​តាម​រយៈ​ការ​ប្តូរ​ផ្លាស់​សន្លឹក​ឆ្នោត​ទៅ​គាំទ្រ​បក្សប្រជាធិបតេយ្យ ដើម្បី​សម្តែង​ការ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតីត្រាំ។

ផលវិបាកនៃ​បរាជ័យ​របស់​បក្ស​សាធារណរដ្ឋ

អឺរ៉ុប ​កាសែតអន្តរជាតិ យល់​ថា​ជា​ការ​បោះឆ្នោត​ប្រជាមតិ​ដាក់​ទោសនយោបាយ​របស់​​លោក​ត្រាំ​នារ​យៈ​ពេល​ពីរឆ្នាំមក​នេះ។ ឯរលក​ជ័យជំនះ​របស់​បក្ស​ប្រជាធិបតេយ្យ​គឺ​ជា​បើក​សករាជ​ថ្មី នៃ​ការ​​ដឹកនាំចម្រុះ។ នៅ​ពេល​គ្មាន​សំឡេង​ភាគ​ច្រើន​នៅ​សភា​ ឬ​សភា​ត្រូវ​ដឹកនាំ​ដោយ​បក្សប្រឆាំង ​​​រដ្ឋបាល​លោកត្រាំ​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ខ្លាំង ក្នុង​ចំណាត់ការនយោបាយ​ក្នុង​ស្រុក​  ក៏​ដូច​ជា​សេចក្តី​សម្រេចផ្សេងៗ​ទាក់​ទងនឹង​នយោបាយ​ការបរទេស។

ហានិភ័យ​ជាប់​គាំង​គម្រោង​ថវិកាShutdown កើន​ខ្ពស់​ ដែល​នឹងធ្វើ​ឱ្យ​រដ្ឋបាល​អាមេរិកត្រូវ​​គាំងមួយភាគ នៅ​ពេល​សភា​ខុនហ្កេស​អាមេរិក​ និង​រដ្ឋាភិបាល​ ប្រឈម​គ្នា​ខ្លាំង តែ​ផលវិបាក​នេះ​ក៏​អាច​ជះ​​​ដល់សំណុំ​រឿង​អន្តរជាតិ​ដែរ។ ថ្វីបើ​សភា​និង​ព្រឹទ្ធសភា​ អាច​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​អាមេរិកឱ្យ​ជួយ​ជ្រោម​ជ្រែង​អ៊ុយក្រែន និង​ដក​ខ្លួន​កុំ​ស្និទ្ធ​នឹង​រុស្ស៊ី​ពូទីន ក៏​ដោយ​ ក៏ការ​ដឹកប្រគល់​សព្វាវុធ​ដល់​អ៊ុយក្រែន​អាច​នឹង​ជួប​ការ​យឺតយ៉ាវ នៅ​ពេល​អាមេរិក​មាន​វិបត្តិថវិកា។

ក្នុង​សំណុំ​រឿង​អ៊ីរ៉ង់ ឧបមា​ថា​លោកដូណាល់​ត្រាំ ចង់ពន្យារពេល​ធ្វើ​សង្គ្រាម ឬ​បន្ថែម​ថវិកាសង្គ្រាម សភា​និង​ព្រឹទ្ធសភា​អាច​បដិសេធ​។ ​តើ​សភា​ខុនហ្កេសមាន​​​វិធានការជំរុញ​ឱ្យ​មាន​កា​រប្តូរ​ផ្លាស់ បិទ​បញ្ចប់​​សំណុំ​រឿង​ពន្ធគយ​ជាមួយ​អឺរ៉ុប​យ៉ាង​ណា ជា​អ្វី​ដែល​ពិភពលោក​កំពុង​រង់​ចាំដែរ​។ សភាអាមេរិកថ្មី​​ ច្បាស់​ជា​ពង្រឹង​សិទ្ធ​អំណាច​ត្រួត​ពិនិត្យ សំណុំ​រឿង​ដំឡើង​ពន្ធ​ទណ្ឌកម្ម​ ​ខ្លាំង​ជាង​មុន។  ​ថ្វីបើ​សភា​និង​ព្រឹទ្ធ​សភា អាចស្នើ​ដំណើរការ​បែប​បទ​ទម្លាក់​ប្រធានាធិបតី​មែន និង​អាច​បើក​អង្កេត​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ត្រាំ​ ព្រមទាំង​​មេដឹកនាំ​ជាច្រើន​ ក្នុង​សំណុំ​រឿង​អ៊ីរ៉ង់ ឬក្នុង​​ទំនាក់ទំនង​ពិសេសណាមួយ​​ជាមួយ​មេដឹកនាំបរទេសមែន ប៉ុន្តែ​​​ជា​បុគ្គល​ពិបាក​ស្មាន លោក​ដូណាល់​ត្រាំបញ្ជាក់​ជា​ស្រេច​ហើយ​ថាលោក ជា​ប្រធានាធិបតី​ “វេតូ”។ លោក​អាច​នឹង​ប្រើ​​សិទ្ធិ​​ប្រឆាំង​វេតូ លើ​​រាល់​គ្រប់​ច្បាប់​ដែល​សភា​ខុនហ្កេស​អាមេរិក​អនុម័ត។ ​ប្រធានាធិបតី​អាមេរិក​នៅ​តែ​មាន​ទម្ងន់​ខ្លាំង​ក្នុង​សំណុំ​រឿង​អន្តរជាតិ​ដដែល។

លទ្ធផល​នៃការ​បោះឆ្នោត​នេះ មិន​ប៉ះពាល់​ដល់​តួនាទីរបស់​លោក​ត្រាំ​ទេ។ លោកដូណាល់ត្រាំ នៅ​តែ​ជា​ប្រធានាធិបតី​អាមេរិក​រហូត​ដល់​ផុត​អាណត្តិ។ ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​ នឹង​ចូល​គ្រប់គ្រង​សភា​ចាប់​ពី​ខែ​មករា​២០២៧​ទៅ៕